(ភ្នំពេញ)៖ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch ​ប្រចាំនៅតំបន់​អាស៊ី​ លោក ប្រែត អាដាម គឺជាអ្នកប្រឆាំងនឹងភាពសុខសាន្ត ក៏ដូចជា ភាពរីកចំរើនរបស់កម្ពុជា ម្ល៉ោះហើយបានជាមន្រ្តីសិទ្ធិមនុស្សដែលធ្លាប់រងការបណ្តេញចេញពីកម្ពុជារូបនេះ តែងតែធ្វើការរិះគន់ និងវាយប្រហារលើ រាជរដ្ឋាភិបាលកម្ពុជា មិនចេះជិនណាយ ទោះបីជាអ្វីដែលរាជរដ្ឋាភិបាលធ្វើនោះត្រឹមត្រូវក៏ដោយ។ នេះជាប្រតិកម្មរបស់ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ​ឥសាន ដែលឆ្លើយតបនឹង ការវាយប្រហាររបស់ ប្រែត អាដាម តាមវិទ្យុអាស៊ីសេរី កាលពីយប់មិញ។

លោក សុខ​ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រែត អាដាម គឺជាមេក្រុមដែលតែងតែធ្វើសកម្មភាពប្រឆាំងនឹងការរស់នៅដោយសុខសាន្តត្រាណ របស់ប្រជាជនកម្ពុជា មិនចង់ឲ្យកម្ពុជាបានសុខរីកចម្រើនទេ ដើម្បីអាលគេបន្តុះបង្អាប់ ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលគេចាត់ទុកជាគូសត្រូវរបស់គេនោះ។ ដូច្នេះហើយ ទោះបីខិតខំធ្វើត្រូវយ៉ាងណា ក៏ពួកប្រែតនេះនៅតែធ្វើមិនដឹងមិនឮ ធ្វើមើលមិនឃើញដែរ»

កាលពីម្សិលមិញនេះ តាមរយៈវិទ្យុអាស៊ីសេរី លោក ប្រែត អាដាម (Brad Adams) បានវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលរៀបចំសំណើវិសោធនកម្មច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។ លោកបានចាត់​ទុក​ការ​អនុម័ត​វិសោធនកម្ម​​ច្បាប់នេះ គឺកំពុង​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​លោក​រំពឹង​ថា សហគមន៍​អន្តរជាតិ​នឹងអាចជួយរារាំងដល់ការអនុម័តច្បាប់នេះផងដែរ។

លោក សុខ ឥសាន បានថ្លែងថា រាជរដ្ឋាភិបាលធ្វើការរាល់ថ្ងៃ មិនសំដៅតម្រូវចិត្ត លោក ប្រែត អាដានោះទេ គឺធ្វើសម្រាប់បម្រើផលប្រយោជន៍ប្រជាជន កម្ពុជាទាំងមូល។ លោកបានថ្លែងទៀតថា «ដោយការអនុត្តការងារស្របតាមគោការណ៍ច្បាប់ ទើបធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ត្រូវបានពង្រឹងយពង្រីក ឥតឈប់ឈរ ហើយស្រប តាមសំណូមពរ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលមតិអន្តរជាតិចង់បាន មិនមែនតម្រូវចិត្ត ប្រែត អាដាំទេ» ហើយថា ជីវិតប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា នៅតែមានភាពស្រស់បំព្រងជានិច្ច៕