(ព្រះវិហារ)៖​ ទំនាស់ដីធ្លីរាំរ៉ៃមួយដែលបានអូសបន្លាយពេល​៣ឆ្នាំ រវាងប្រជាពលរដ្ឋ​២គ្រួសារ នៅចំណុចភ្នំលុង ឃុំត្រពាំងទឹម និងឃុំរមទម ស្រុករវៀង និងក្រុមហ៊ុន «ឌែល ខាំ» ​ត្រូវបានលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ដោះស្រាយបញ្ចប់​នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ។

​​ប្រជាពលរដ្ឋ ដែលជាម្ចាស់ដីឈ្មោះ ឈិត យី និងប្រពន្ធឈ្មោះ យឹម ផាត បាននិយាយ​ង​៖ ត់មានដី១២ហិកតា ហើយទំនាស់ដីគាត់ និងក្រុមហ៊ុន គឺកើតឡើងអស់រយៈពេល៣ឆ្នាំហើយ តែដោះស្រាយមិនចេញសោះ ហើយដីនេះ គឺគាត់បានកាន់កាប់រយៈពេលជាង១០ឆ្នាំ និងបានអាស្រ័យផលដាំដុះដំណាំបានមួយចំនួន ស្រាប់តែ​ពេល​គាត់ដាំរួច ​ក្រុមហ៊ុន ឌែល ខាំ បានធ្វើការឈូសឆាយ និងព័ទ្ធរបងយកដីរបស់គាត់ ទើបធ្វើឲ្យគាត់កើតទុកមិនសុខចិត្ត ដាក់ពាក្យប្តឹងដល់អាជ្ញាធរ​ឃុំ ស្រុករហូតដល់ខេត្ត។

​លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ទំនាស់ដីធ្លីនេះ គឺបានកើតឡើង៣ឆ្នាំហើយ ប៉ុន្តែដោះស្រាយមិនចប់សោះ ដោយភាគីម្ចាស់ដីទាសំណងច្រើនពេក លើកទី១គាត់ទារជាង២ម៉ឺនដុល្លារ ហើយលើកទី២នេះ គាត់ទាសំណងរហូត៣០ម៉ឺនដុល្លារ។

លោកអភិបាលខេត្ត​បន្តថា ថ្ងៃនេះលោក រួមជាមួយអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក ឃុំ ចុះមកដោះស្រាយផ្ទាល់ ដល់ទីតាំងដីទំនាស់ និងឲ្យក្រុមការងារធ្វើការវាស់វែង កំណត់ព្រំប្រទល់ឲ្យបានច្បាស់លាស់ ដើម្បីដោះស្រាយបញ្ចប់ ក្នុងនោះត្រូវឃ្វៀលដីទំនាស់ ចេញពីដីក្រុមហ៊ុន​ ប្រគល់ជូនគាត់វិញ និងវាស់វែងដី ដែលគាត់អាស្រ័យផលជាក់ស្តែងប៉ុន្មានជូនគាត់ ចំពោះដំណាំដែលក្រុមហ៊ុនបានឈូសឆាយចោល គឺក្រុមហ៊ុនបានសងវិញ​២,០០០ដុល្លារ ហើយត្រូវចេញប័ណ្ណកម្មសិទ្ធិជូនគាត់។

ដោយឡែកចំពោះប្រជាពលរដ្ឋ មួយគ្រួសារទៀតឈ្មោះ ហែម រដ្ឋា និងអ្នកស្រី ហែម គីមមួយ ដែលដីគាត់មានដី៧ហិចតា មិនទាន់អាស្រ័យផលទេ ត្រូវក្រុមហ៊ុនរំលោភយកនោះ ពេលនេះក្រុមហ៊ុមបានប្រគល់ដីក្បែនោះ៧ហិចតាជំនួស និងធ្វើការឈូសឆាយជូនគាត់ទៀតផង។

អភិបាលខេត្តរូបនេះ ​បានគូសបញ្ជាក់ថា «ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ដែលជាក្រុមហ៊ុនមួយមានច្បាប់អនុញ្ញាតិពីរាជរដ្ឋាភិបាល ក្នុងការរុករករ៉ែនោះ ត្រូវបានបណ្តាញសង្គម ធ្វើការបង្ហោះប្រឌិត បំផ្លើសព័ត៌មានពុំមានការពិត ចោទប្រកាន់​​នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង នៅពីក្រោយខ្នង ​​​មិនពិតនោះទេ ជាក់ស្តែងថ្ងៃនេះយើងចុះដោះស្រាយផ្ទាល់ ខាងក្រុមហ៊ុនគេសហការជាមួយយើង ចំពោះថាមានកម្លាំងការពារនោះ ​ធម្មតាក្រុមហ៊ុនរបស់គេធំៗនីមួយៗ គឺគេមានអ្នកការពារចឹងហើយ ក្នុងគោលបំណងមើលការខុសត្រូវ​ទ្រព្យសម្បត្តិ និងទីតាំងរបស់គេតែប៉ុណ្ណោះ ដូច្នេះការចោទប្រកាន់លើថ្នាក់ដឹកនាំរបស់យើង មិនមានការពិតនោះទេ»

ដោយឡែក ប្រជាពលរដ្ឋទាំង២គ្រួសារ ដែលទទួលបានដីមកវិញ ពួកគាត់សប្បាយចិត្តស្ទើរហោះទៅហើយ ព្រោះរយៈពេលវាយូរណាស់ ហើយ​ក៏ឈប់ជឿតាមការញុះញង់​ហើយ ​គាត់ថែមទាំងអរគុណដល់លោកអភិបាលខេត្ត និងក្រុមការងារ ដែលបានចំណាយពេលវេលា​ខំធ្វើដំណើរមក ទាំងផ្លូវពិបាក និងក្រោមដំណក់ទឹកភ្លៀង ចុះមកផ្ទាល់ដោះស្រាយបញ្ចប់ជូនគាត់ រហូតទទួលបានលទ្ធផលជោគជ័យ៕