(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ធារណៈ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានចាត់កម្លាំងនគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ចុះ អប់រំផ្សព្វផ្សាយប្រជាពលរដ្ឋ ពិសេសម្ចាស់យានយន្ត អំពីការឈប់ចតនៅលើទ្រូងផ្លូវ និងចិញ្ជើមផ្លូវក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ រុន រ័ត្នវាសនា បានឲ្យដឹងថា នៅពេលឆាប់ៗខាងមុខនាយកដ្ឋាន នឹងអនុវត្តតាមច្បាប់ចំពោះ ការប្រព្រឹត្តល្មើសក្នុងការឈប់ចត ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប អាចស្វែងរកអាសយដ្ឋានពិតប្រាកដ របស់ម្ចាស់យានតាមរយៈផ្លាកលេខ ដោយមិនចំណាយពេលយូរដូចមុនឡើយ ក្នុងករណីដែលម្ចាស់យានមិនរាងចាល និងមិនព្រមគោរពតាច្បាប់ នគបាលនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ពាក់ព័ន្ធនឹងការចុះពង្រឹងច្បាប់ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណនេះ ប្រជាពលរដ្ឋបានសំដែងនូវការគាំទ្រយ៉ាងខ្លាំង និងបានសំណូមពរឲ្យកងកម្លាំង នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់បន្តធ្វើសកម្មភាពដូចនេះ ឲ្យបានជាប់ជាប្រចាំ និងបានសន្យាចូលសហការ ជាមួយសមត្ថកិច្ចផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ រុន រ័ត្នវាសនា សូមអំពាវចំពោះអ្នកគ្រប់គ្រងផ្សារ អ្នកម៉ៅការចំណត ម្ចាស់ចំណត ម្ចាស់ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ក្លឹបកំសាន្ត...។ល។ ត្រូវរៀបចំចំណតសម្រាប់ភ្ញៀវរបស់ខ្លួនចូលចតឲ្យបានត្រឹមត្រូវ ជៀសវាង ការឈប់ ចតយានជំនិះនៅលើផ្លូវថ្នល់រំខានដល់ការធ្វើចរាចរណ៍ និងចូលរួមអនុវត្តច្បាប់ ដើម្បីឲ្យរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់យើងមានសណ្តាប់ធ្នាប់ល្អបរសើរ៕