(ភ្នំពេញ)៖ កាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ខ្មាន់កាំភ្លើងដែលបាញ់ប្រហារជិត១០គ្រាប់ ទាំងកណ្ដាលយប់នៅក្នុងខណ្ឌដូនពេញ ត្រូវបានតុលាការចេញដីកាឃុំខ្លួន ដាក់ពន្ធនាគាររួចហើយ ដោយចោទប្រកាន់ពីបទ «កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ»។
ករណីបាញ់ជិត១០គ្រាប់នេះ អាចចាត់ទុកថា ជារឿងសន្ដិសុខដ៏ធំមួយក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដោយសារមានប្រតិបតិ្តកម្មយ៉ាងខ្លាំងពីមហាជន នៅលើសង្គម Facebook ក៏ដូចជាថ្នាក់ដឹកនាំដោយទាមទារឲ្យសមត្ថកិច្ចពាក់ព័ន្ធ តាមចាប់ជននេះយកមកកាន់ទោសតាមច្បាប់ដោយខាងតែបាន។
ក្រោយប្រតិបត្តិភ្លូកទឹកភ្លក់ដីខ្មាន់កាំភ្លើង ឈ្មោះ ទូច បូភាព ដែលជាមន្ដ្រីយោធាផងនោះ ក៏បានបង្ហាញខ្លួននៅទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ រហូតត្រូវបានតុលាការ កាត់ទោសជាបណ្ណោះអាសន្នដាក់ពន្ធនាគារ ដែលធ្វើឲ្យមានការសាទរយ៉ាងច្រើនពីមជ្ឈដ្ឋាននានា។
ករណីមួយនេះ បានបញ្ចប់ទៅដែលធ្វើឲ្យស្ងប់អារម្មណ៍មហាជន ប៉ុន្ដែមហាជននៅទន្ទឹងរង់ចាំករណីធំ២ផ្សេងទៀត ដែលបានកើតឡើងកាលពីប៉ុន្មានខែមុន ប៉ុន្ដែសមត្ថកិច្ច មិនទាន់អាចតាមចាប់ខ្មាន់កាំភ្លើងបាននៅឡើយទេ ក្នុងនោះករណីទី១ គឺបុគ្គល «ឈាន ពិសិដ្ឋ» អតីតនាយរងច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានបាញ់ប្រហារមន្ដ្រីរួមការងារ នៅក្នុងកន្លែងធ្វើការតែម្ដងកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ និងករណីទី២ គឺការបាញ់សម្លាប់មន្ដ្រីអាជ្ញាធរទន្លេសាប កាលពីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
សម្រាប់ករណី «ឈាន ពិសិដ្ឋ» បើទោះបីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ បានចេញសេចក្ដីសម្រេចជាផ្លូវការ ដកហូតតំណែង និងឋានន្ដរស័ក្ដិ រហូតព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ បានចេញដីកាបញ្ជាឲ្យជននេះ ចូលទៅបំភ្លឺឲ្យបានមុនថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ក៏ដោយ ប៉ុន្ដែរហូតមកដល់ពេលនេះទៅហើយ «ឈាន ពិសិដ្ឋ» ដែលរងការវាយប្រហារ និងរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋស្ទើរទូទាំងប្រទេស និងបន្ដមានសេរីភាពដដែល បើទោះបីជាសមត្ថកិច្ចអះអាងថា កំពុងតាមចាប់ខ្លួននោះ។
ដោយឡែកករណីទី២ គឺខ្មាន់កាំភ្លើងបាញ់សម្លាប់មន្ដ្រីអាជ្ញាធរបឹងទន្លេសាប ប៉ុន្ដែជាង២ខែមកនេះជនរងគ្រោះ និងក្រុមគ្រួសារនៅមិនទាន់បានយុត្តិធម៌នោះឡើយ ដោយសារតែខ្មាន់កាំភ្លើងមិនទាន់ត្រូវបានចាប់ខ្លួន ពីសមត្ថកិច្ចពាក់ព័ន្ធនៅឡើយ។ ជនរងគ្រោះ សឿង ផានិត ជាមន្ដ្រីនៅអាជ្ញាធរទន្លេសាប ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ពេលកំពុងបើករថយន្ដនៅតាមផ្លូវ ដែលករណីនេះ សនិដ្ឋានថា គឺជារឿងគំនុំ។
មជ្ឈដ្ឋាននានាសូមទទួចឲ្យកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសកម្លាំងនគរបាលជាតិជួយស្រាវជ្រាវ និងតាមរកចាប់ខ្លួនខ្មាន់កាំភ្លើងទាំង២រូបនេះ ដើម្បីយកមកផ្តន្ទាទោស តាមផ្លូវច្បាប់ជាធរមាន និងដើម្បីបញ្ចប់ការរិះគន់ និងការទន្ទឹងរង់ចាំរបស់ប្រជាពលរដ្ឋទូទាំងប្រទេស៕
ខ្មាន់កាំភ្លើង ទូច បូភាព បាញ់ជិត១០គ្រាប់នៅខណ្ឌដូនពេញ ត្រូវតុលាការសម្រេចឃុំខ្លួន
ឈាន ពិសិដ្ឋ ដែលបាញ់មន្រ្តីរួមការងារ នៅបន្តមានសេរីភាព
ជនរងគ្រោះ សឿង ផានិត មន្រ្តីអាជ្ញាធរទន្លេសាប ដេកស្លាប់នៅក្នុងរថយន្ត ដោយសារកាំភ្លើងបាញ់