(ភ្នំពេញ)៖ លោកស្រី កែ សុវណ្ណរ័ត្ន មន្រ្តីជាន់ខ្ពស់ និងជាតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧នេះថា ជំនួបរវាងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ជាមួយលោក សម រង្ស៊ី នៅទីក្រុងហុងកុងនោះ គឺជាជំនួបឯកជន សួរសុខទុក្ខគ្នាជាធម្មតា មិនមានអ្វីត្រូវលាក់បាំងនោះទេ។
ការអះអាងរបស់ តំណាងរាស្រ្តគណបក្សប្រឆាំងរូបនេះ បានធ្វើឡើងបន្ទាប់ពីលោក កឹម សុខា រួមទាំងមន្រ្តីជាន់ខ្ពស់ជាច្រើនរបស់ គណបក្សសង្រ្គោះជាតិ បានចាកចេញពីកម្ពុជា កាលពីថ្ងៃទី១២ និង១៣ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីទៅជួបជាមួយ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ នៅទីក្រុងហុងកុង ប្រទេសចិន។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិ ដែលបានទៅជួប លោក សម រង្ស៊ី ដែរនោះ បានអះអាងនៅលើបណ្តាញសង្គម Facebook ថា ជំនួបនេះ ធ្វើឡើងនៅយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងហុងកុង។ លោកថាថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ បានទទួលទានអាហាររួមគ្នាជាមួយ លោក សម រង្ស៊ី ផងដែរ។
លោកសរសេរថា «ពួកយើងមានកិត្តិយសបានទទួលទានអាហារនៅទីក្រុងហុងកុងជាមួយ មនុស្សដែលពួកយើង និងប្រជាពលរដ្ឋគោរព ស្រលាញ់ មិនអាចបំភ្លេចបានឡើយ ទោះបីបន្តិចទៀតនេះ ច្បាប់តម្រូវឲ្យយើងដករូប សម្លេង និងសកម្មភាពរបស់គាត់ចេញពី គណបក្សសង្គ្រោះជាតិក៏ដោយ» ។
លោកស្រី កែ សុវណ្ណរ័ត្ន បានបញ្ជាក់ថា «ការទៅជួបនេះ តាមពិតទៅគឺបើកចំហរ គ្រាន់តែជាការទៅសួរសុខទុក្ខគាត់ នឹករលឹកគាត់ យើងមិនមានជាគោលការណ៍អីនោះទេ ហើយក៏មិនមានការលាក់ការអីផង ដោយសារតែយើងធ្លាប់ធ្វើការជាមួយគាត់យូរ»។ លោកស្រី បានបន្ថែមទៀតថា ការទៅជួបនេះមិនបានរៀបចំមុននោះទេ ហើយធ្វើឡើងជាលក្ខណៈឯកជន បើតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ រូបណាគាត់ចង់ទៅ គឺជាសិទ្ធិផ្ទាល់ខ្លួនរបស់គាត់។
សូមបញ្ជាក់ថា ជំនួបថ្នាក់ដឹកនាំរបស់គណបក្សសង្រ្គោះជាតិ ជាមួយលោក សម រង្ស៊ី លើកនេះ ធ្វើឡើងស្របពេលដែល វិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ បានចូលដល់ព្រឹទ្ធសភា ហើយនឹងអាចចូលជាធរមាន នៅក្នុងពេលឆាប់ៗខាងមុខនេះ។ បើសិនជាច្បាប់នេះត្រូវបានអនុម័ត គណបក្សសង្រ្គោះជាតិ នឹងមិនអាចប្រើប្រាស់រូបភាព ឬសំឡេងរបស់លោក សម រង្ស៊ី ដែលកំពុងជាប់ឈ្មោះជាទណ្ឌិត ដើម្បីបម្រើផលប្រយោជន៍របស់ខ្លួនបានទៀតឡើយ៕