(ភ្នំពេញ)៖ អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ និងជាអ្នកនិពន្ធសៀវភៅស្ដីពី ប្រវត្ដិក្បាច់ប្រដាល់ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយពីការកសាងប្រាសាទ របស់បុព្វបុរសខ្មែរ គឺក្នុងគោលបំណងដើម្បីឧទ្ទិសដល់សាសនា និងផ្សារភា្ជប់បុព្វការីជនរបស់ខ្លួន។ ទន្ទឹមនិងនេះក៏បានឆ្លុះបញ្ចំាងនូវសកម្មភាពផ្សេងៗរបស់សង្គមផងដែរ ដោយបង្ហាញអំពីជីវភាពប្រចំាថ្ងៃរបស់ប្រជាពលរដ្ឋ សង្រ្គាម ការសម្ដែងក្បាច់គុន និងការសម្ដែងសិល្បៈសម្រាប់កំសាន្ដសប្បាយជាច្រើនទៀត។
ទាក់ទងនិងក្បាច់គុននេះ លោក រត្ន័ សណ្ដាប់ បានថ្លែងបន្ដថា ចំពោះក្បាច់គុនល្បុក្កតោ ដែលរាជរដ្ឋាភិបាលមានគម្រោងស្នើសុំចុះបញ្ជី ជាសម្បត្ដិបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សលោកនាពេលខាងមុខនេះ ក៏មានប្រភពចេញពីរាជធានីប្រាសាទសំបូរព្រៃគុក (ឥសានបុរ) ដែលទើបតែចុះបញ្ជីជាសម្បត្ដិមនុស្សលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧នេះផងដែរ។
ចំពោះភស្ដុតាងក្បាច់គុនល្បុក្កតោនេះ យើងឃើញនៅក្រុមប្រាសាទយាយព័ន្ធ ដោយស្ថិតនៅលើជញ្ជាំងមានក្បាច់ចម្លាក់យ៉ាងល្អវិចិត្រ ក្នុងរង្វង់ជាស៊ុមូល គឺបង្ហាញអំពីសកម្មភាពមនុស្សពីរនាក់ ប្រយុទ្ធនឹងសត្វតោ ប្រកបដោយកាយវិការយ៉ាងស្ទាត់ជំនាញ និងស្វាហាប់បំផុត។ មរតកនេះ ក៏បានផ្ទេរជាបន្ដបន្ទាប់ មកដល់កូនចៅសម័យអង្គរ រហូតដល់បច្ចុបន្ន ដូចយើងឃើញនេះ។
លោក រត្ន័ សណ្ដាប់ បញ្ជាក់ថា ចំពោះសៀវភៅស្ដីពី ប្រវត្ដិក្បាច់ប្រដាល់ខ្មែរនេះ ក៏បានបោះពុម្ពរួចរាល់ផងដែរ ដោយទុកជាការរួមចំណែកថែរក្សា និងអភិរក្សនូវស្នាដៃរបស់ដូនតាយើង។ ក្នុងនោះលោកបានជីកកកាយនូវគ្រឹះក្បាច់គុនខ្មែរ ដែលជាក្បួនប្រយុទ្ធក្នុងសង្រ្គាម ដើម្បីការពារទឹកដី រហូតក្លាយជាអាណាចក្រនាសម័យនោះរួមមាន៖ ក្បាច់ប្រដាល់ គុនល្បុក្កតោ និងក្បាច់គុនផ្សេងៗទៀត។
ជាចុងបញ្ចប់លោក បានបញ្ជាក់ថា ចំពោះរាជធានីប្រាសាទសំបូរព្រៃគុក ដែលក្លាយជាសម្បត្ដិមនុស្សជាតិនាពេលនេះ គឺពិតជាភស្ដុតាងដ៏រឹងមំា សម្រាប់គុនល្បុក្កតោខ្មែរ ដែលនិងក្លាយជាសម្បត្ដិវប្បធម៌អរូបីរបស់មនុស្សលោក នាពេលបន្ដទៀតផងដែរ។ បើដូច្នេះយើងជាកូនខ្មែរជំនាន់នេះ ត្រូវមានមោទនភាព ចំពោះស្នាដៃរបស់បុព្វបុរសខ្លួន តាមរយៈការសាទរទំាងអស់គ្នានូវព្រឹត្ដិការណ៍ដ៏អស្ចារ្យនេះ បើពុំដូច្នោះទេ ប្រសិនជាយើងធ្វើព្រងើយកន្តើយក្នុងការសាទរនេះ គឺមានន័យថា «យើងបដិសេធន៍នូវស្នាដៃរបស់បុព្វបុរសយើង» យ៉ាងដូច្នេះដែរ៕