(ភ្នំពេញ)៖ រថយន្តសម្អាតផ្លូវរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបង្ហាញខ្លូនលើកដំបូង ក្នុងរាជធានីភ្នំពេញ ដោយចាប់ផ្តើមសម្អាតតាមមហាវិថីព្រះសុធារស និងព្រះសុរាមរិត នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ។

លោកឧកញ៉ា លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានសហការជាមួយសាលារាជធានីភ្នំពេញ និងក្រសួងពាក់ព័ន្ធ បើកយុទ្ធនាការណ៍សម្អាតផ្លូវនានាក្នុងរាជធានីចាប់ពីថ្ងៃទី ១៩ ខែកក្កដានេះ រហូតដល់ចុងខែកញ្ញា ឆ្នាំ២០១៧។

លោកឧកញ៉ាបានបន្តថា «ទីក្រុងភ្នំពេញ ជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា និងជាគោលដៅទេសចរណ៍ និងពាណិជ្ជកម្មយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចជាតិយើង ដូច្នេះក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ពិតជាមានកិត្តិយស ដែលបានចូលរួមចំណែកជាមួយអាជ្ញាធរ ក្នុងការធ្វើឲ្យបេះដូងមួយនេះ កាន់តែស្រស់ស្អាត និងទាក់ទាញ»

រាជធានីភ្នំពេញ ជាទីតាំងទី១០ ដែលរថយន្តសម្អាតផ្លូវរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមកដល់ បន្ទាប់ពីធ្វើបេសកកម្មសម្អាតផ្លូវក្នុងខេត្តចំនួនប្រាំបួន ចាប់ពីដើមឆ្នាំ ២០១៧មក។

គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនដែលផលិត ស្រាបៀរកម្ពុជា ស្រាបៀរស្តោតបាលីប្ល៊ែក ទឹកសុទ្ធកម្ពុជា ភេសជ្ជៈប៉ូវកម្លាំងWurkz ភេសជ្ជៈកូឡាIze និងទឹកផ្លែឈើJoop៕