(ភ្នំពេញ)៖ អភិបាលខណ្ឌច្បារអំពៅ លោក អ៊ាង ស៊ីផាន នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ បានប្រាប់អង្គភាពព័ត៌មាន Fresh News​​ ដោយប្រកាសថា រដ្ឋបាលខណ្ឌនឹងបើក យុទ្ធនាការរៀបចំសណ្តាប់ធ្នាប់ទ្រង់ទ្រាយធំ នៅលើកំណាត់ផ្លូវជាតិលេខ១ ដើម្បីឲ្យមានលក្ខណៈល្អប្រសើរ និងលើកកម្ពស់សោភ័ណ្ឌភាពរាជធានីភ្នំពេញ ជាពិសេសនោះចូលរួម កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលជាបញ្ហាប្រឈមខ្លាំងរបស់ប្រជាពលរដ្ឋ។

បើតាមលោកទិសដៅ និងគោលដៅទាំង៨ចំណុច ដែលរដ្ឋបាលខណ្ឌច្បារអំពៅ ប្រកាសរៀបចំនោះ ក៏ផ្តោតទៅលើក្រុមអ្នករត់រថយន្តតាក់ស៊ី ឈប់រថយន្តតាមផ្លូវ ដើម្បីចាប់ម៉ូយបង្កភាពរញ៉េរញ៉ៃ និងអ្នកដែលយកចិញ្ចើមផ្លូវសាធារណៈជាម្ចាស់កម្មសិទ្ធិ។ ការប្រកាសចុះរៀបចំសណ្តាប់ធ្នាប់ តាមកំណាត់ផ្លូវជាតិលេខ១ ខាងលើនេះ ក៏បានធ្វើឡើងបន្ទាប់ពីអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានប្រកាសយកកំណាត់យកផ្លូវធំៗ ចំនួន១១ នៅក្នុងរាជធានីភ្នំពេញ ជាអទិភាពមុនគេ ដើម្បីរៀបចំសណ្តាប់ធ្នាប់ ខណៈដែលកំណាត់ផ្លូវជាច្រើន ត្រូវបានប្រជាពលរដ្ឋមួយចំនួនណានោះ បានរំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន មិនខ្វល់ខ្វាយ ពីការកកស្ទះចរាចរណ៍នោះ។

លោកអភិបាលខណ្ឌបានបញ្ជាក់យ៉ាងដូច្នេះថា «យោងតាមស្ថានភាពការស្ថាបនា កំណាត់ផ្លូវជាតិលេខ១ ដែលត្រូវឈានដល់ការបញ្ចប់គម្រោងនាពេលដ៏ខ្លីខាងមុខនេះ និងដោយមានការដាក់ចេញផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងដើម្បីឆ្លើយតបនូវរាល់មតិយោបល់ និងសំណូមដ៏ច្រើនលើសលប់ របស់ប្រជាពលរដ្ឋ នៅក្នុងបណ្តាញសង្គម Facebook ពាក់ព័ន្ឋកិច្ចការរៀបចំសណ្តាប់ធ្នាប់តាមដងសំខាន់នោះ រដ្ឋបាលខណ្ឌសូមប្រកាសបើកយុទ្ឋនាការទ្រង់ទ្រាយធំ ដើម្បីចុះរៀបចំសណ្តាប់ធ្នាប់ កំណាត់ផ្លូវជាតិលេខ១ ឲ្យមានលក្ខណៈល្អប្រសើរ និងសោភ័ណ្ឌភាពឡើងវិញ ស្របតាមយុទ្ឋសាស្រ្តរបស់រាជរដ្ឋាភិបាល ទីក្រុងស្អាត បរិស្ថានល្អ»

បើតាមលោក អ៊ាវ ស៊ីផាន រដ្ឋបាលខណ្ឌសូមដាក់ចេញនូវទិសដៅ និងបានគោលបំណងដូចខាងក្រោម៖
1- លុបបំបាត់ឲខានតែបាននូវរូបភាពរត់ចាប់ម៉ូយ និងលុបបំបាត់ចំណតរថយន្តឈ្នួលអាណាធិបតេយ្យលើផ្លូវជាតិលេខ១
2- រៀបចំចំណតបេនឡាន និងសម្របសម្រួលម្ចាស់រថយន្តឈ្នួលអោយចូលចំណតបេនឲបានត្រឹមត្រូវ
3- ផ្សព្វផ្សាយពត៌មានដល់ប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរទៅខេត្តឆ្លងកាត់តាមផ្លូវជាតិលេខ១ ត្រូវមករកចំណតបេនឡានដែលអាជ្ញាធរនឹងខិតខំរៀបចំទីតាំងច្បាស់លាស់មួយនៅពេលខាងមុខ
4- ផ្សព្វផ្សាយប្រជាពលរដ្ឋទូទៅ ដែលរស់នៅអមសងខាងផ្លូវជាតិលេខ១ ចូលរួមថែរក្សាការពារចិញ្ចើមផ្លូវសាធារណះ និងដីចំណីផ្លូវសាធារណះដែលរដ្ឋបានទូទាត់សំណងផលប៉ះពាល់រួចរាល់
5- មានវិធានការចំពោះម្ចាស់ផ្ទះរូបណា ដែលបានសាងសង់រំលោភចិញ្ចើមផ្លូវសាធារណះ និងយកដីចំណីផ្លូវសាធារណះរបស់រដ្ឋធ្វើជាកម្មសិទ្ឋិផ្ទាល់ខ្លួន។
6- ចាត់វិធានការតឹងរឹងចំពោះឡានប្រភេទធំដឹកទំនិញគ្រប់ប្រភេទដែលចេញចូលខុសម៉ោងពេល និងចាប់ផាកពិន័យរថយន្តដឹកដី គ្រួស ថ្ម និងខ្សាច់ ដែលធ្វើអោយប្រឡាក់ផ្លូវជាតិលេខ១
7-បំផុសចលនាប្រជាជនតាមផ្លូវជាតិ ដើម្បីម្ចាស់ការចូលរួមបោសសំអាតអនាម័យលើចិញ្ចើមផ្លូវសាធារណះខាងមុខផ្ទះរៀងៗខ្លួន និងគ្រប់គ្រងវេចខ្ចប់ទុកសំរាមអោយបានត្រឹមត្រូវ
8- សហការជាមួយក្រុមហ៊ុនស៊ិនទ្រី ដើម្បីចុះសំអាត និងលាងកំណាត់ផ្លូវជាតិលេខ១ ឲ្យបានស្អាតជាប់ជាប្រចាំ។

គោលបំណងទាំង៨ចំណុចខាងលើនេះ រដ្ឋបាលខណ្ឌច្បារអំពៅ បានដាក់ចេញក្រោយពេលដែលរដ្ឋបាលខណ្ឌ បានប្រកាសផ្សព្វផ្សាយជូនដំណឹងដល់ប្រជាពលរដ្ឋទូទៅទាំងអស់ ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ដើម្បីចូលរួមផ្តល់មតិយោបល់តាំងពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧មក។

បន្ទាប់ពីការប្រកាសជូនដំណឹងផ្សព្វផ្សាយ និងទទួលមតិយោបល់របស់ប្រជាពលរដ្ឋរួចមក រដ្ឋបាលខណ្ឌបានចាប់ធ្វើកិច្ចការជំហានដំបូងជាមួយម្ចាស់រថយន្តឈ្នួល និងអ្នករត់ចាប់ម៉ូយ ដោយបានកោះអញ្ញើញបងប្អូនចំនួន២លើក មកប្រជុំជជែកពិភាក្សាដោះស្រាយសម្របសម្រួលរៀបចំ ឲ្យចូលចំណតបេនឡានឲ្យបានត្រឹមត្រូវ ប៉ុន្តែតាមរយះការកោះអញ្ញើញទាំងពីរលើកនេះ ម្ចាស់រថយន្តឈ្នួលទាំងអស់មិនបានខ្វាយខ្វល់ពីលិខិតអញ្ញើញរបស់អាជ្ញាធរខណ្ឌឡើយ។

លោកអភិបាលខណ្ឌ បានបន្តថា «ដូច្នេះចាប់ពីថ្ងៃបើកយុទ្ឋនាការនេះតទៅ រដ្ឋបាលខណ្ឌច្បារអំពៅ សូមប្រកាសជាជំហានដំបូងនេះ រដ្ឋបាលខណ្ឌនឹងចាត់វិធានការ តឹងរឹងចំពោះម្ចាស់រថយន្តឈ្នួល និងអ្នករត់ចាប់ម៉ូយលើផ្លូវជាតិ មុនគេ ដោយមិនទទួលខុសត្រូវចំពោះការខាតបង់ ផលប្រយោជន៏របស់បងប្អូនឡើយ ដោយឡែកផែនការផ្សេងៗទៀត រដ្ឋបាលខណ្ឌនឹងអនុវត្តតាមជំហានជាបន្តបន្ទាប់»

កាលពីម្សិលមិញ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានឲ្យដឹងថា ចំពោះការសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញបែបនេះ ត្រូវបានធ្វើឡើងក្នុង កិច្ចប្រជុំនៃការពង្រឹកសន្តិសុខ សណ្តាប់ធ្នាប់រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួម ពីឧត្ដមសេនីយ៍ តំណាងស្នងការនគរបាលរាជធានី មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌទាំង១២ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ។

ក្រោយចប់កិច្ចប្រជុំនោះលោក ម៉េត មាសភក្តី បានបញ្ជាក់ថា «កិច្ចប្រជុំខាងលើនេះ លោកអភិបាលរាជធានីភ្នំពេញ បានផ្តោតសំខាន់ទៅលើការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ពោលគឺបន្ទាប់ពីស្តាប់របាយការណ៍របស់លោកអភិបាលខណ្ឌទាំង១២ហើយនោះ អង្គប្រជុំក៏បានពិភាក្សាពីភាពលំបាក បញ្ហាប្រឈមនានាផងដែរ។ ប៉ុន្តែទោះបីជា មានបញ្ហាប្រឈម និងលំបាកយ៉ាងក្តីលោកអភិបាល នៅតែជំរុញការរៀបចំសណ្តាប់ធ្នាប់សាធរាណៈនេះឲ្យបាន ព្រោះវាជាកង្វល់របស់ប្រជាពលរដ្ឋ»

លោកបន្តថា លោកអភិបាលបានសម្រេចយកផ្លូវធំៗចំនួន១១ ជាអត្តិភាពមុនគេ ក្នុងការរៀបចំសណ្តាប់ធ្នាប់ ក្នុងនោះរួមមាន៖ មហាវិថីព្រះនរោត្តម ព្រះសីសុវត្ថិ ព្រះសីហនុ ព្រះមុនីវង្ស សហព័ន្ធរុស្សី ម៉ៅសេទុង កម្ពុជាក្រោម វិថីមុនីរ៉េត ហ្សាដើហ្គោល ផ្លូវ២៧១ និងផ្លូវលេខ៧០។ល៕