(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ បានបញ្ជូនឧកញ៉ា សុខ ហេង ទៅដល់តុលាការហើយ ដើម្បីបន្តសួរនាំរឿងក្លែងឯកសារយកដីគេ នៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។ ​

កាលពីម្សិលមិញក្រោយពីឃាត់ខ្លួនឧកញ៉ា សុខ ហេង និងបក្ខពួកប្រមាណ៦នាក់ផ្សេងទៀត ខណៈកំពុងធ្វើសកម្មភាពបោះបង្គោល រំលោភដីរបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ស្រាប់តែមានការលេចមុខមេភូមិ និងអនុភូមិជិត១០នាក់ មកដាក់ពាក្យបណ្ដឹងនៅទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីដាក់បន្ទុកបន្ថែម និងស្រាវជ្រាវបន្ដទៀត។

ប្រធានភូមិ និងអនុភូមិ ដែលមកដាក់ពាក្យបណ្ដឹងនៅទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ កាលពីព្រឹកមិញនោះ គឺមកពីភូមិចំនួន៧ រួមមាន៖ ភូមិត្នោតខ្ពស់ ភូមិបឹងខ្នំ ភូមិកន្លែងគល់ ភូមិចុងថ្នល់ ភូមិទួល ភូមិតាស្គរ និងភូមិព្រៃស្វាយ ដោយចោទប្រកាន់ឧកញ៉ា សុខ ហេង និងជំនួយការឈ្មោះ នុត រស្មី ដែលបានបោកពួកគាត់ឲ្យកោសលុប និងកែព្រំប្រទល់ដីធ្លី ចំនួន៨២ហិកតា មានទីតាំងនៅតំបន់វាលស្មោញ ចំនួន៦១ហិកតា និងតំបន់ភូមិចុងថ្នល់ចំនួន២១ហិកតា ទៅដាក់ព្រំប្រទល់ថ្មីលើឯកសារចាស់ ដែលផ្ទេរកម្មសិទ្ធិរួចចំនួន៤ច្បាប់ ដោយកែដាក់ព្រំថ្មីរំលោភយកដីប្រជាពលរដ្ឋចំនួន១៣០ហិកតានៅចំណុចក្តាន់ពង។

សូមបញ្ជាក់ថា កម្លាំងកងរាជរាជអាវុធហត្ថរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ បានធ្វើការឃាត់ខ្លួនឧកញ៉ា សុខ ហេង នៅចំណុចភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។ ឧកញ៉ា សុខ ហេង អាយុ៥១ឆ្នាំ ទីលំនៅផ្ទះលេខ៧៨WF ផ្លូវបេតុងច្រកទី៥ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ, ឈ្មោះ នុត រស្មី ភេទប្រុស ជាជំនួយការផ្ទាល់ឧកញ៉ា សុខ ហេង ទីលំនៅភូមិកោះបៀ ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល និងឈ្មោះ យន់ ម៉ៅ ភេទប្រុស ទីលំនៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕