(ភ្នំពេញ)៖ គណបក្សសមរង្ស៊ី នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍របស់ខ្លួន នៅថ្ងៃអង្គារ សប្តាហ៍ក្រោយនេះ ដើម្បីសម្រេចអំពីការប្រើឈ្មោះថ្មីមួយ មុនពេលច្បាប់ស្តីពីគណបក្សនយោបាយ ដែលធ្វើវិសោធនកម្មថ្មីនេះ ចូលជាធរមាន។ នេះបើតាម លោក ទាវ វណ្ណុល ប្រធានគណបក្សសមរង្ស៊ី ដែលបានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ។
ការសម្រេចប្តូរឈ្មោះនេះ ដោយសារតែ មាត្រា៤៨ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលអាចនឹងចូលជាធរមាននៅពេលឆាប់ៗនេះ បានកំណត់ថា រាល់គណបក្សនយោបាយទាំងអស់ មិនអនុញ្ញាតឱ្យប្រើប្រាស់ឈ្មោះ ឬរូបភាព របស់រូបវន្តបុគ្គលឡើយ។ គណបក្សនយោបាយ ដែលប្រើប្រាស់ឈ្មោះ ឬរូបវន្តបុគ្គល ត្រូវរៀបចំឱ្យត្រឹមត្រូវតាមច្បាប់ឡើងវិញ នៅអំឡុងពេល៩០ថ្ងៃ ក្រោយពីច្បាប់នេះចូលជាធរមាន។
លោក ទាវ វណ្ណុល បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ៖ «ច្បាប់ស្តីពីគណបក្សនយោបាយហ្នឹង យើងបានដឹងទាំងអស់គ្នាហើយ រដ្ឋសភា និងព្រឹទ្ធសភា បានសម្រេចបញ្ជូនច្បាប់នេះទៅដល់ក្រុមប្រឹក្សាធម្មនុញ្ញ ហើយប្រហែលជាសប្តាហ៍ក្រោយ ទៅដល់ព្រះមហាក្សត្រឡាយព្រះហស្ថ នឹងចូលជាធរមានហើយ អញ្ចឹងចង់មិនចង់ ខាងអចិន្រ្តៃយ៍ គណបក្សខ្ញុំ បានសម្រេចថានឹងប្រជុំគ្នាដើម្បីប្តូរឈ្មោះគណបក្សព្រោះវាទាក់ទងនឹងច្បាប់ថ្មីនេះ»។
ទោះជាយ៉ាងណា លោក ទាវ វណ្ណុល មិនបានបញ្ជាក់ថា គណបក្សសមរង្ស៊ី នឹងប្តូរឈ្មោះទៅជាគណបក្សអ្វីនោះនោះទេ ប៉ុន្តែលោកថា ថ្នាក់ដឹកនាំ គណបក្សសមរង្ស៊ី បានត្រៀមឈ្មោះចំនួន៤ ដើម្បីលើកទៅបោះឆ្នោតសម្រេច នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍របស់គណបក្សសមរង្ស៊ី នៅថ្ងៃអង្គារ សប្តាហ៍ក្រោយ។
សូមបញ្ជាក់ថា សេចក្តីស្នើវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានផ្តួចផ្តើមឡើងជាថ្មី ដោយក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ហើយត្រូវបានរដ្ឋសភាអនុម័ត កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ព្រមទាំងត្រូវបានអនុម័តគាំទ្រទាំងស្រុង ដោយព្រឹទ្ធសភា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧។
តាមច្បាប់ថ្មីនេះ គណបក្សនយោបាយទាំងអស់ មិនអនុញ្ញាតឱ្យប្រើប្រាស់រូប សំឡេង ឬឃុបឃិតជាមួយទណ្ឌិត ដើម្បីបម្រើប្រយោជន៍របស់ខ្លួនឡើយ ហើយគណបក្សនយោបាយទាំងអស់ ក៏មិនត្រូវប្រើប្រាស់ឈ្មោះ ឬរូបសញ្ញា របស់រូបវន្តបុគ្គលផងដែរ៕