(សមុទ្រប្រាកាន)៖ ក្រោយពីបញ្ចប់ជំនួបជាមួយលោករដ្ឋមន្រ្តីក្រសួងអភិវឌ្ឍសង្គមថៃរួចមក លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តដំណើរទៅសួរសុខទុក្ខពលករខ្មែរបន្តទៀត និងបានទទូចឲ្យពួកគេប្រញាប់ទៅធ្វើឯកសារស្របច្បាប់ នៅស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក និងទីតាំងផ្តល់អត្តសញ្ញាណតាមខេត្តមួយចំនួន ម្យ៉ាងទៀតចំពោះពលករដែលបានធ្វើរួចហើយ ក៏ត្រូវតែទៅទទួលយកនៅកន្លែងដូចគ្នានោះដែរ ដើម្បីទទួលបានសិទ្ធិស្របច្បាប់ក្នុងការរស់នៅ និងធ្វើការនៅប្រទេសថៃ។

សកម្មភាពនេះធ្វើឡើងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ក្នុងក្រុមហ៊ុន GFPT Public Company ស្ថិតនៅខេត្តសមុទ្រប្រាកាន ប្រទេសថៃ។

លោកបានស្នើឱ្យពលករខ្មែរខិតខំបំពេញការងាររបស់ខ្លួន និងរក្សាភាពនឹងនរ ដោយសុវត្ថិភាពរបស់ពួកគេ ត្រូវបានធានាដោយ​រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្រោមកិច្ចព្រមព្រៀងគ្នាលើដំណោះស្រាយសន្តិវិធី ដែលភាគីថៃបានឯកភាពពន្យារ​ពេលអនុវត្តសេចក្តីប្រកាសរបស់ខ្លួន រយៈពេល៦ខែ (គិតចាប់ពីខែកក្កដា ឆ្នាំ២០១៧ ដល់ខែមករា ឆ្នាំ២០១៨) ដើម្បីឱ្យពលករមានពេលវេលាគ្រប់គ្រាន់ ក្នុងការទៅបំពេញសំណុំឯកសារពាក់ព័ន្ធនានា ដើម្បីទទួលបានភាពស្របច្បាប់ក្នុងការបម្រើការងារ ហើយភាគីថៃក៏បានរៀបចំបើកមជ្ឈមណ្ឌល ១០កន្លែង នៅទីក្រុងបាងកក និងច្រើនកន្លែងទៀតនៅតាមខេត្តមួយចំនួន។

ជាងនេះទៅទៀត កម្ពុជាបានបើកនូវយុទ្ធនាការទ្រង់ទ្រាយធំ រយៈពេល១០០ថ្ងៃ ក្នុងការផ្តល់លិខិតធ្វើដំណើរ និងបណ្ណពលករកម្ពុជា​ទៅធ្វើការនៅបរទេស ហៅបណ្ណ OCWC ដល់ពលករចំនួន១៦ម៉ឺននាក់ ដែលធ្វើហើយតែមិនទាន់ទទួលបាន ហើយការធ្វើលិខិតឆ្លងដែន នឹងត្រូវធ្វើរួចក្នុងរយៈពេលមួយថ្ងៃដែលមានតម្លៃ ២,៣៥០បាត ដែលបេសកកម្មនេះ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនក្រុមការងារ ២០០នាក់ ទៅពេញកិច្ចការងារនេះ។

លោកបានអំពាវនាវយ៉ាងដូច្នេះថា «សូមពលករដែលមិនទាន់មានឯកសារស្របច្បាប់ សូមនាំគ្នាទៅទទួលសេវានេះ នៅស្ថានទូតកម្ពុជា​ប្រចាំក្រុងបាងកក និងតាមទីតាំងផ្តល់អត្តសញ្ញាណនានា ដែលបាននឹងកំពុងផ្តល់សេវា និងរៀបចំឯកសារស្របច្បាប់​ជូនពលករឱ្យ​បានទាន់ពេលវេលា និងឆាប់បានត្រលប់ទៅបំពេញការងាររៀងៗខ្លួនវិញ ពោលគឺនៅពេលដែលពលករមកទទួលយកសេវានេះភ្លាម ក្រុមការងារនឹងរៀបចំបែបបទជូនជាបន្តបន្ទាប់ភ្លាម ដើម្បីអាចធ្វើកិច្ចការនេះចប់ក្នុងថ្ងៃតែមួយតែម្តង»

សូមជម្រាបថា ពលករកម្ពុជាដែលកំពុងបម្រើការងារនៅប្រទេសថៃ មានចំនួន ១,០៥០,០០០នាក់ ក្នុងចំណោមពលករទាំងនោះ មានពលករជាង៧០ម៉ឺននាក់ ជាពលករស្របច្បាប់ ខណៈដែលជាង៣០ម៉ឺននាក់ទៀត នៅពុំទាន់មានភាពស្របច្បាប់នៅឡើយ៕