(ភ្នំពេញ)៖ កាលពីថ្ងៃទី៤ ខែសីហា កន្លងទៅ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចំនួន២រូប បានដឹកនាំកម្លាំងអាជ្ញាធរសមត្ថកិច្ចជាច្រើននាក់ ចុះទៅអនុវត្តសាលដីការឹបអូសផ្ទះល្វែងរបស់ លោក យិន សុវណ្ណី ដើម្បីប្រគល់ទៅអោយ លោក ឡៅ ស៊ុនប៉ា ដែលជាអ្នកឈ្នះក្ដី តែក្រោយមកត្រូវបានដកថយទៅវិញ បន្ទាប់ពីភរិយា និងក្រុមគ្រួសាររបស់លោក ចាក់ប្រេងសាំងគម្រាមដុតខ្លួន និងផ្ទះប្រសិនបើតុលាការ នៅតែមានៈបន្តអនុវត្តសាលដីកានេះ ដែលចាត់ទុកថាជារឿងអយុត្តិធម៌បំផុត សំរាប់ក្រុមគ្រួសារលោកយិន សុវណ្ណីផ្ទាល់។
ពាក់ព័ន្ធពីមូលហេតុដែលនាំអោយឈានទៅដល់ ការអនុវត្តសាលដីកាដែល លោក យិន សុវណ្ណី ចាត់ទុកថាជារឿងអយុត្តិធម៌នេះ ត្រូវបានលោកអះអាងថាករណីនេះ ផ្ដើមចេញពីរឿងលោកទិញ អាជ្ញាប័ណ្ណធ្វើអាជីវកម្មខ្សាច់ក្នុងតម្លៃ ២៩ម៉ឺនដុល្លារ ពីលោក ឡៅ ស៊ុនប៉ា តាំងពីចុងឆ្នាំ២០០៨ មកម៉្លេះ ហើយក្រោយមក ខណៈលោកប្រគល់លុយ អោយជាបន្តបន្ទាប់ សរុបអស់ ២៥ម៉ឺនដុល្លារ ហើយចុងក្រោយលោកបានប្រគល់សែក ចំនួន២សន្លឹកថែមទៀត ដែលមួយសន្លឹកមានសាច់ប្រាក់៣ម៉ឺនដុល្លារ ដើម្បីកំណត់ថ្ងៃអោយ លោក ឡៅ ស៊ុនប៉ា ទៅបើកស្រាប់តែ មិនទាន់ដល់ថ្ងៃបើកផង រាជរដ្ឋាភិបាលក៏ចេញ សេចក្ដីសំរេចស្ដីពី ការកំណត់ការធ្វើអាជីវកម្មខ្សាច់ គឺមានន័យថារាជរដ្ឋាភិបាល បានលប់ការធ្វើអាជីវកម្ម ខ្សាច់នាំចេញគ្រប់ប្រភេទគឺ មានន័យថាច្បាប់ធ្វើអាជីវកម្មខ្សាច់ ដែលលោកទិញពីលោកឡៅ ស៊ុនប៉ា ក្នុងតម្លៃ២៩ម៉ឺនដុល្លារនោះ មិនអាចយកទៅធ្វើអាជីវកម្មបានទេ ទើបលោកខ្លាចខាតបង់ប្រាក់ថែមទៀត ក៏បានទៅដកសាច់ប្រាក់ចេញពី លេខកុងដែលបានចេញសែកប្រគល់ទៅអោយ លោក ឡៅ ស៊ុនប៉ា ចំនួន២សន្លឹកស្មើទឹកប្រាក់៦ម៉ឺនដុល្លារនោះវិញ ហើយមុននឹងលោកសំរេចចិត្ត ទៅដកសាច់ប្រាក់ចេញ ពីលេខកុងនៅធនាគារ ដែលបានចេញសែកនោះ លោកក៏បានអោយមេធាវី របស់លោកធ្វើលិខិតជូនដំណឹងទៅ លោក ឡៅ ស៊ុនប៉ា ជាច្រើនលើកច្រើនសារដែរ តែ លោក ឡៅ ស៊ុនប៉ា មិនទទួលដោយគាត់មានបំណងអ្វីមួយ ហើយបំណងរបស់គាត់នោះ ចុងក្រោយគឺប្ដឹងលោកទៅតុលាការ ពីបទចេញសែកអត់សាច់ប្រាក់ និងប្ដឹងទាមទារលុយរហូតដល់ តុលាការកាត់ក្ដីទាំងអយុត្តិធម៌ ដោយរឹបអូសយកផ្ទះទៅលក់ឡៃឡុង ដើម្បីយកប្រាក់សងទៅ លោក ឡៅ ស៊ុនប៉ា ហើយផ្ទះនោះក៏ត្រូវបាន លោក ឡៅ ស៊ុនប៉ា ដេញថ្លៃបានក្នុងតម្លៃ ថោកបំផុតដែលទាំងការកាត់ក្ដី និងនីតិវិធីដេញថ្លៃ គឺលោកមិនបានដឹងឡើយ បើលោកដឹងក៏មិនអោយអ្នក ដ៏ទៃដេញថ្លៃយកផ្ទះ របស់លោកបានដែល ព្រោះបើគិតពីតម្លៃលុយ ដែលគេប្ដឹងទាមទារ និងតម្លៃផ្ទះជាក់ស្ដែងគឺខុសគ្នាឆ្ងាយណាស់ រឿងអីអោយគេយកផ្ទះតម្លៃជិតកន្លះលានដុល្លារ ទៅកាត់កងជាមួយលុយដែល គេប្ដឹងទាមទារតែប៉ុន្មាន ម៉ឺនដុល្លារនោះទៅកើត។
មិនតែប៉ុណ្ណោះ លោក ឡៅ ស៊ុនប៉ា ថែមទាំងប្ដឹងលោកពី បទក្លែងត្រា និងប្រើប្រាស់ត្រាក្លែង ថែមទៀតនៅពេលដែលក្រុមហ៊ុនរបស់ លោក ឡៅ ស៊ុនប៉ា បានលក់មក អោយលោក១០០ភាគរយ ទៅហើយ រឿងអីលោកចាំបាច់ទៅក្លែងត្រា ក្រុមហ៊ុនធ្វើអី។ ចុងក្រោយ លោក យិន សុវណ្ណី បានធ្វើការសំណូមពរ និងធ្វើការអំពាវនាវដល់ ប្រមុខរាជរដ្ឋាភិបាល គឺសម្ដេចតេជោហ៊ុន សែន និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត មេត្តាជួយផ្ដល់នូវភាពយុត្តិធម៌ដល់រូបលោក និងក្រុមគ្រួសារដែលត្រូវគេរួមគំនិត ឃុបឃិតគ្នារំលោភបំពាននេះផង។
ពាក់ព័ន្ធករណីនេះ លោក ឡៅ ស៊ុនប៉ា ធ្លាប់បានអះអាងប្រាប់ Fresh News ថា លោក យិន សុវណ្ណី ត្រូវបាន តុលាការកាត់ទោសពីបទចេញសែក អត់សាច់ប្រាក់ និងពីបទក្លែងត្រា និងប្រើត្រាក្លែង ហើយកន្លងមកធ្លាប់ចុះកិច្ចសន្យាព្រមអនុវត្ត តាមសាលដីការបស់តុលាការប្រគល់ផ្ទះ អោយលោកដែលជាអ្នកដេញថ្លៃទិញពីតុលាការបាន តែដល់ថ្ងៃ បែរជាមិនអនុវត្តតាមទៅវិញ។
ខាងក្រោមនេះ ជាឯកសារពាក់ព័ន្ធមួយចំនួន ដែលជាដើមហេតុនាំអោយមានការប្ដឹងផ្ដល់ រហូតដល់រឹបអូស យកផ្ទះទៅលក់ឡៃឡុង ក្នុងតម្លៃថោកដែលភាគីម្ចាស់ផ្ទះ ដែលជាអ្នកចាញ់ក្ដីមិនបានដឹងខ្លួនជាមុន៖