(វៀងច័ន្ទ-ឡាវ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីដ៏មានឥទ្ធិពលបំផុតរបស់កម្ពុជា បានបញ្ជាក់ពីទីក្រុងវៀងច័ន្ទថា ភាគីឡាវនឹងដកកងទ័ពរបស់ខ្លួនទាំងអស់ ចេញពីទឹកដីកម្ពុជា ក្នុងស្រុកសៀងប៉ាង ខេត្តស្ទឹងត្រែង មិនឲ្យលើសពីព្រឹកថ្ងៃស្អែកនោះឡើយ។
ក្រោយបញ្ចប់ការចរចាររួចមក នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ នាយករដ្ឋមន្ដ្រីទាំង២ បានធ្វើសន្និសីទកាសែតរួមគ្នា ដើម្បីបញ្ជាក់ប្រាប់ទៅកាន់ប្រជាជាតិ ស្ដីអំពីបញ្ហាព្រំដែនដែលកំពុងកើតមាននៅពេលនេះ។
ថ្លែងនៅក្នុងសន្និសីទកាសែត សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «មិញនេះឯកឧត្តម នាយករដ្ឋមន្ដ្រីឡាវ នឹងប្រកាស នឹងបញ្ជាឲ្យដកកងទ័ពចេញពីទឹកដីកម្ពុជា មិនឲ្យលើសពីព្រឹកស្អែកនោះឡើយ»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសប្រាប់ឲ្យមេទ័ពកំពូលរបស់កម្ពុជា ឲ្យបញ្ជូនកងទ័ពត្រឡប់ទៅមូលដ្ឋានដើមវិញ។
រីឯនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានប្រាប់បណ្ដាញសារព័ត៌មាន Fresh News បន្ថែមថា ឡាវសុំពេលមួយថ្ងៃដើម្បីរៀបចំឥវ៉ាន់ ដកកងទ័ពត្រឹមព្រឹកថ្ងៃស្អែក៕