(វៀងច័ន្ទ-ឡាវ)៖ ក្រោយបញ្ចប់ការចរចានៅលើទឹកដីរបស់ខ្លួន នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ នាយករដ្ឋមន្ដ្រីឡាវលោក ថោងលូន ស៊ីស៊ូលីត បានចេញមកប្រកាសថា នឹងមិនឲ្យមានបញ្ហាកើតឡើងនៅតាមព្រំដែនទៀតនោះឡើយ ពោលគឺដោះស្រាយបញ្ហាព្រំដែនដោយយកចិត្តទុកដាក់បំផុត ជាមួយភាគីកម្ពុជា។
នៅក្នុងសន្និសីទកាសែតរួមគ្នា ក្រោយបញ្ចប់ការចរចារ នាយករដ្ឋមន្ដ្រីឡាវ បានបញ្ជាក់យ៉ាងដូច្នេះថា «បញ្ហានៅតាមព្រំដែននោះ យើងត្រូវបានដោះស្រាយគ្នា ដោយយកចិត្តទុកដាក់បំផុត មិនឲ្យមានការកើតឡើងតាមព្រំដែនទៀតនោះទេ»។
នាយករដ្ឋមន្រ្តីឡាវរូបនេះ ក៏បានបញ្ជាក់ថា «ខ្ញុំបានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធ នៅទីនោះដកកម្លាំងចេញឲ្យអស់មិនឲ្យលើសពីព្រឹកស្អែកនោះឡើយ»។
ដោយឡែកសម្រាប់ខាងកម្ពុជាវិញ សម្តេចតេជោ ហ៊ុន សែន ដ៏មានឥទ្ធិពលបំផុតរបស់កម្ពុជា ក៏បានបញ្ជាឲ្យកងទ័ពរបស់កម្ពុជា ដែលកំពុងចល័តទៅតំបន់សមរភូមិនោះ ត្រូវត្រឡប់ចូលមូលដ្ឋានដើមវិញ។
សូមបញ្ជាក់ថា ការពីព្រឹកមិញសម្ដេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅកាន់ប្រទេសឡាវ ដើម្បីចរចារជាមួយនាយករដ្ឋមន្ដ្រីឡាវ លោក ថោងលន់ ស៊ីសូលីត ដើម្បីឲ្យឡាវដកកងទ័ពចេញពីទឹកដីកម្ពុជា ហើយលទ្ធផលគឹយើងទទួលបានជោគជ័យហើយ សូមពលរដ្ឋកម្ពុជាទាំងអស់ចូលរួមអបអរសាទរ នៃដំណឹងដ៏រីករាយបំផុតនេះ៕