(ភ្នំពេញ)៖ នៅពេលដែលកម្ពុជាជួបគ្រោះអាសន្នដោយប្រឈមមុខ នឹងការឈ្លានពានពីកម្លាំងកងទ័ពប្រទេសឡាវ ជាមិត្តជិតខាងមកលើបូរណភាពដែនដី និងអធិបតេយ្យភាពរបស់ខ្លួននៅក្នុងខេត្តស្ទឹងត្រែង ចាប់តាំងពីខែមេសា ឆ្នាំ២០១៧ មក។ វិរៈកងទ័ពខ្មែរស្នេហាជាតិបានលាប្រពន្ធកូនក្រុមគ្រួសារ សាច់ញាតិធ្វើដំណើរទាំងយប់អធ្រាត លះបង់សព្វបែបយ៉ាងដើម្បីការពារបូរណភាពទឹកដីប្រឆាំងនឹងការឈ្លានពានរបស់បរទេស ក្រោមស្នូរទះដៃអបអរសាទរ លើកទឹកចិត្ត និងជូនពរជ័យសុខសប្បាយ និងនាំមកនូវជ័យជម្នះជូនជាតិ និងប្រជាជន ខណៈការខិតខំដោះស្រាយបញ្ហាតាមរយៈផ្លូវការទូតបានឈានដល់ ការអត់ធ្មត់លែងបាន ព្រោះមិត្តបានបំពានម្តងហើយម្តងទៀត។
ការព្យាយាមចុងក្រោយក្នុងការស្វែងរកដំណោះស្រាយការទូត ធ្វើឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ទីក្រុងវៀងច័ន្ទដើម្បីជួបចរចាផ្ទាល់ជាមួយសមភាគីឡាវ។ ដើម្បីបញ្ជៀសការប្រឈមមុខដាក់គ្នាផ្នែកផ្លូវយោធាបង្កសោកនាដកម្មដល់ អាយុជីវិតមនុស្ស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំការវាយផ្តួលរំលំរបបខ្មែរក្រហមសង្គ្រោះជីវិតប្រជាជន និងប្រទេសជាតិ និងដឹកនាំការកសាងជាតិតាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ព្រមទាំងកំពុងបន្តការពារសន្តិភាព ការអភិវឌ្ឍ និងបូរណភាពដែនដី បានស្នើដល់ភាគីឡាវយកបញ្ហា ព្រំដែននេះទៅដោះស្រាយនៅចំពោះមុខតុលាការអន្តរជាតិក៏បាន។ នេះបង្ហាញពីភាពអត់ធ្មត់ និងភាពចាស់ទុំរបស់កម្ពុជាទាំងលើទំនាក់ទំនងទ្វេភាគីកម្ពុជា-ឡាវ និងការចូលរួមការពារសន្តិសុខ ស្ថិរភាពនៅក្នុងតំបន់អាស៊ានទាំងមូលផង។
ឥឡូវនេះ បន្ទាប់ពីមានជំនួបចរចាដោយផ្ទាល់រវាងនាយករដ្ឋមន្ត្រីកម្ពុជា និងឡាវ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ រដ្ឋាភិបាលឡាវបានសម្រេចថា ដកទ័ពចេញពីខេត្តស្ទឹងត្រែងឱ្យបានរួចរាល់នៅព្រឹកថ្ងៃស្អែក។ ការសម្រេចបែបនេះត្រូវបានប្រកាសដោយលោកនាយករដ្ឋមន្រ្តីឡាវ ថោងលន់ ស៊ីសូលីត នៅក្នុងសន្និសីទសារព័ត៌មានរវាងសម្តេច ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តីឡាវ។ ចំណែកសម្តេចតេជោ ហ៊ុន សែន ក៏បានដាក់បញ្ជាឱ្យដកកម្លាំងដែលបានបញ្ជូន ទៅកាលពីម្សិលមិញឱ្យមកទីតាំងដើមវិញ។
នៅក្នុងកាលៈទេសៈនេះ តើយើងជាប្រជាពលរដ្ឋដែលនៅសមរភូមិក្រោយគួរតែធ្វើអ្វី?
ពេលនេះគឺជាពេលដែលជាតិកម្ពុជាត្រូវការកម្លាំងចិត្ត និងការគាំទ្រពីយើង។ ទោះបីជាយើងមាននិន្នាការនយោបាយផ្សេងគ្នា ប៉ុន្តែគឺយើងមានឈាមជ័រ ជាខ្មែរតែមួយ វាសនាជាតិតែមួយ មោទនភាពជាតិរួមគ្នា និងមានការទទួលខុសត្រូវរួមគ្នាក្នុងការការពារបូរណភាពដែនដី អធិបតេយ្យជាតិរួមគ្នា។ ពេលនេះគឺជាពេលដែលយើងត្រូវរួមសាមគ្គីជាធ្លុងមួយដើម្បីទប់ទល់ នឹងការឈ្លានពានរបស់បរទេសមកលើទឹកដីជាតិយើង ដូចអ្វីដែលប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា «កម្ពុជាមិនចង់បានដីប្រទេសជិតខាងសូម្បីតែមួយមិល្លីម៉ែត្រ ហើយកម្ពុជាក៏មិនឱ្យបាត់បង់ទឹកដី ខ្លួនសូម្បីមួយមិល្លីម៉ែត្រដែរ»។
ការឈឺចាប់របស់ខ្មែរ ជាការឈឺចាប់របស់ជាតិ ! ការឈឺចាប់របស់ជាតិ ជាការចាប់ផ្តើមនៃរួមកំលាំងគ្នាជាធ្លុងមួយ លើកទង់ព្រលឹងតែមួយ តស៊ូដើម្បីខ្មែរឈ្នះ និងដើម្បីខ្មែររឹងមាំទៅមុខ! ដូច្នេះយើងជាជនជាតិខ្មែរត្រូវជ្រោងទង់ជាតិកម្ពុជាឱ្យរឹងមាំ និងមិនអនុញ្ញាតឱ្យនរណា ឬប្រទេសណាជាន់ឈ្លីទង់ជាតិខ្មែរ និងមោទនភាពជាតិខ្មែរបានឡើយ។ យើងឈរនៅពីក្រោយកងកម្លាំងយោធពលខេមរភូមិន្ទ ឈរគាំទ្ររាជរដ្ឋាភិបាល និងព្រះមហាក្សត្រខ្មែរដើម្បី ការពារឱ្យបានល្អប្រសើរនូវទឹកដីដែលខ្មែរមាននាពេលបច្ចុប្បន្ននេះ។ ប្រជាជនកម្ពុជាមិនអនុញ្ញាតជាដាច់ខាតឱ្យបរទេសជិតខាងមាក់ងាយជាតិខ្លួនឡើយ។ ពេលនេះជាពេលដែលយើង រួមគ្នាជ្រោងទង់ជាតិខ្មែរការពារអធិបតេយ្យជាតិយើង! ប្រឈមនឹងការឈ្លានពាន ខ្មែរឈឺចាប់ !
ដោយ៖ ចៅចាក់ស្មុក