(ស្ទឹងត្រែង)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចំរុះ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចថា គិតត្រឹមម៉ោងប្រមាណ៤៖០០នាទីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ ភាគីឡាវបានដកកងទ័ព (កងទី៤) របស់ខ្លួន ចេញពីទឹកដីកម្ពុជារួចអស់ហើយ ពោលមានន័យថា នៅពេលនេះកងទ័ពរបស់ឡាវ មិនមាននៅលើទឹកដីកម្ពុជាទៀតទេ។
នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ម៉ោង៤រសៀលថ្ងៃនេះ កងទ័ពឡាវបានដកចេញអស់ហើយ នៅលើភូមិសាស្ដ្រដែលកងទ័ពឡាវ មិនមាននៅសេសល់ទៀតទេ, កងទ័ពឡាវបានដកចេញម្តងមួយកងៗ រហូតដល់ពេលនេះកងទី៤ហើយ»។
ការដកចេញកងទី៤របស់ឡាវ នៅពេលនេះស្របពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានវិលត្រឡប់មកដល់ទឹកដីកម្ពុជាវិញ នៅវេលាម៉ោងប្រមាណជិត៤រសៀលថ្ងៃសៅរ៍នេះ។
សូមបញ្ជាក់ថា ក្រោយបញ្ចប់ការចរចា សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រាប់កងទ័ព និងប្រជាជនកម្ពុជាថា នាយករដ្ឋមន្រ្តីឡាវ បានយល់ព្រមដកកងទ័ព របស់ខ្លួន ចេញពីទឹកដីកម្ពុជា មិនឲ្យលើសពីព្រឹកស្អែកនោះឡើយ៕