(ភ្នំពេញ)៖ លោក ជិន ថាញ់មិន (TRÀN THANH MÀN) សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុំម្មុយនីស្តវៀតណាម បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនៅ ប្រទេសកម្ពុជា ជាពិសេសសេដ្ឋកិច្ចកម្ពុជា កំពុងបោះជំហានទៅមុខយ៉ាងខ្លាំងខ្លា ដោយ GDP សម្រេចបាន៧%ក្នុង១ឆ្នាំ និងកិត្យានុភាពរបស់ប្រទេសកម្ពុជា ត្រូវបានលើកតម្កើងជាលំដាប់លើ ឆាកអន្តរជាតិ។

ការលើកឡើងបែបនេះរបស់សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុំម្មុយនីស្តវៀតណាម បានធ្វើឡើងខណៈដែលលោកជួបសម្ដែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៤​ ខែសីហា ឆ្នាំ២០១៧នេះ ខណៈដែលលោក ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។

លោក ជិន ថាញ់មិន ក៏បានអបអរសាទរដល់ប្រជាជនកម្ពុជា ដែលបាន រៀបចំការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ប្រកបដោយជោគជ័យ។ លោកមានជំនឿជឿជាក់ថា ភាពជោគជ័យនេះ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការ រៀបចំការបោះឆ្នោត នាពេលខាងមុខ។

ក្នុងនាមព្រឹទ្ធសភា និងប្រជាជនកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយនិងស្វាគមន៍ ដ៏កក់ក្តៅបំផុត ចំពោះលោក និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅកម្ពុជានាឱកាសនេះ។ សម្តេចថ្លែងថា ទស្សនកិច្ចនេះ ពិតជានាំមកនូវ ការរឹតចំណងមិត្តភាព សាមគ្គីភាព និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានតាំពីយូរលង់ណាស់មកហើយ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃ ប្រទេសទាំងពីរ ដែលមិនត្រឹមតែនាំមកនូវសន្តិភាព និងការអភិវឌ្ឍប្រទេសប៉ុណ្ណោះទេ ថែមទាំង បានរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងអន្តរជាតិផងដែរ។ សម្តេចប្រមុខរដ្ឋស្តីទី បានសម្តែងនូវការអបអរសាទរចំពោះរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដែលបានសម្រេចបោះបង្គោលព្រំដែន និងបង្គោលខណ្ឌសីមា ដែលមកដល់ពេលនេះបានចំនួន ៨៤%៕