(ភ្នំពេញ)៖ ស្ថានីយទូរទស្សន៍កងយោធពល ខេមរភូមិន្ទ​ប៉ុស្ដិ៍លេខ៥ បានធ្វើការក្រុងពាលី​ចេញថតរឿងថ្មី មួយទៀតហើយ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ មានចំណងជើង​ថា «​ទណ្ឌកម្មស្នេហ៍» ដែលបានយកលំនាំ និងឆ្អឹងរឿងមកពីប្រទេសថៃ បើទោះបីជាកន្លងមក មានការរិះគន់ខ្លះ ទៅលើផលិតករ និងអ្នកដឹកនាំសម្ដែងថា គួរតែនិពន្ធថ្មីដោយខ្លួនឯង ពោលពុំត្រូវយកលំតាមគេបែបនេះទេ។ ប៉ុន្តែទោះបីជាយ៉ាងណា ផលិតករ បានអះអាងថា ជាឆ្អឹងរឿងលំនាំតាមថៃមែន តែការថត គឺមានលក្ខណៈជាខ្មែរ លើកស្ទួយវប្បធម៌ខ្មែរ ហើយអាចសម្ដែងបានល្អជាងគេផង ក៏ថាបាន។

លោក ស៊ិន សុផាត ប្រធានគ្រប់គ្រងកម្មវិធីផ្សាយ របស់ស្ថានីយទូរទស្សន៍កងយោធពល ខេមរភូមិន្ទ​ប៉ុស្ដិ៍​លេខ៥ បានថ្លែងឲ្យដឹងថា ទោះបីជា កន្លងមកយើងថតរឿងភាគខ្មែរ​ច្រើនមកហើយក្ដី ប៉ុន្តែនៅតែមិនអាចបំពេញ​បាន តាមសំណូមពរទស្សនិកជន និងបំពេញតាមតម្រូវការបាន។ ម្យ៉ាងទៀត រឿង​ភាគខ្មែរមានលក្ខណៈខ្លីៗ ពោលគឺមានតែ១៥ ទៅ២០ភាគ គឺចប់ហើយ ដូច្នេះយើងចង់ឲ្យបានវែងជាងនេះ ទើបយើងសម្រេចចិត្តយកលំនាំតាមគេខ្លះ និងបង្កើតឈុតឆាកថ្មីខ្លួនឯងខ្លះ ដើម្បីឲ្យសាច់រឿងមានលក្ខណៈវែងជាងមុន និងប្រទាក់ក្រឡាគ្នា។

លោកបន្តថា ភាពយន្តភាគ «ទណ្ឌកម្មស្នេហ៍» ថ្វីត្បិតតែមានឆ្អឹងរឿងតាមថៃ ប៉ុន្តែយើងបានធ្វើការកែតម្រូវ ធ្វើយ៉ាងណាឲ្យមានលក្ខណៈជារបស់ខ្មែរ ហើយយើងបានទទួលជោគជ័យ ជាច្រើនរឿងមកហើយ បន្ទាប់ពីដាក់បញ្ចាំង ក្នុងស្ថានីយទូរទស្សន៍កងយោធពល ខេមរភូមិន្ទ​ប៉ុស្ដិ៍លេខ៥។ ភាពយន្តភាគរឿង «​ទណ្ឌកម្ម​ស្នេហ៍» ជាប្រភេទរឿងបែបមនោសញ្ចេតនា​ ស្នេហា កាច់កុង ច្រណែនឈ្នានីសគ្នា និងបានឆ្លុះបញ្ចាំងពីទង្វើល្អ និងទង្វើអាក្រក់របស់តួ​អង្គ ព្រមទាំងការរស់នៅជាក់ស្ដែង ក្នុងសង្គមខ្មែរសព្វថ្ងៃនេះ។

សូមបញ្ជាក់ថា រឿង «​ទណ្ឌកម្មស្នេហ៍» មានការចូលរួមសម្ដែងជាតួឯក ដោយតារាសម្ដែងស្រីរាងខ្ពស់ស្រឡះ កញ្ញា សារាយ ព្រះកាយច័ន្ទ និងលោក សូ ឆានី ​ដោយពួកគេទាំងពីរប៉ះគ្នា​ជាលើកដំបូង។ ក្នុងនោះក៏មានតារាសម្ដែងល្បីៗជាច្រើនទៀត រួមមាន កញ្ញា ​ទឹម រដ្ឋា, លោក យូ ឌីស្កូ, កញ្ញា និន សុធារ៉ា,កញ្ញា តូច ស្រីពេជ្រ,លោក ឯក សភារិទ្ធ, ច័ន្ទ សោភ័ណ្ឌ,លោក ហេង ដារី, ជុន ណារ៉ា, សេង គឹមថៃ, ភូ ចន្ទតារា, នួន ឆា និង ប្រាក សារ៉ួន។ ស្នាដៃរឿងថ្មីនេះ ជារឿងបែបមនោសញ្ចេតនា មានចំនួន​៣៥ភាគ​ និងត្រូវចាប់ផ្តើមចេញថតក្រោយ ពេលក្រុងពលីរឿងចប់រួចរាល់៕