(វ៉ាស៊ីនតោន)៖ មនុស្យយ៉ាងហោចណាស់ ០៣នាក់ ត្រូវបានបាញ់សម្លាប់​នៅអំឡុងព្រឹត្តិការណ៍​ប្រណាំង​រថយន្ដមួយ នៅក្នុងរដ្ឋ​វីសខុនស៊ីន (Wisconsin) កាលពីថ្ងៃអាទិត្យ (ម៉ោងនៅក្នុង​សហរដ្ឋអាមេរិក) ខណៈជនសង្ស័យ​មិនទាន់ត្រូវបានកំណត់​អត្តសញ្ញាណ រីឯមូលហេតុ ឬប្រភេទនៃករណីបាញ់​ប្រហារនេះ ក៏នៅមិនទាន់ត្រូវគេ​បញ្ជាក់ដែរ។ ​នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០១៧។

យោងតាមអាជ្ញាធរ​នៅក្នុងតំបន់ ហេតុការណ៍បាញ់​ប្រហារខាងលើ បានកើតឡើងនៅឯទីលានប្រណាំង​រថយន្ដ Great Lakes Dragaway ស្ថិតនៅ​ក្នុងភូមិ Union Grove នៃរដ្ឋវីសខុនស៊ីន នៅចំពេលដែល​មនុស្សម្នាច្រើនជាង ៥,០០០នាក់ បានចូលរួមទស្សនា​ការប្រកួតប្រណាំង​រថយន្ដ Larry's Fun Fest។ ប៉ុន្តែភ្លាមៗ អត្តសញ្ញាណ​ជនរងគ្រោះជាបុរសទំាង បីនាក់ដែលត្រូវបុរស​មិនទាន់ស្គាល់​អត្តសញ្ញាណ​ម្នាក់បាញ់សម្លាប់ មិនត្រូវបានបញ្ជាក់​នៅឡើយទេ​ដោយគ្រាន់តែ​គេដឹងថា ពួកគេមានអាយុចន្លោះពី ២០ ទី៣០ឆ្នាំ ហើយ​ពីរនាក់​ក្នុង ចំណោម​ពួកគេបានស្លាប់​នៅនឹងកន្លែង​កើតហេតុ និងម្នាក់ទៀតស្លាប់​នៅពេលបញ្ជូន​ទៅកាន់មន្ទីរពេទ្យ៕