(សៀមរាប)៖ ថ្លែងបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការអនុវត្តបរិស្ថានគ្មានផ្សែងបារី ជូនដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ក្នុងក្រុងសៀមរាបនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានអំពាវនាវ និងស្នើសុំដល់ក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ រួមទាំងវិស័យឯកជនទាំងអស់ រួមគ្នាសហការ និងអនុវត្តច្បាប់ អនុក្រឹត្យ ប្រកាស និងសេចក្តីណែនាំ ពាក់ព័ន្ធទៅនឹងបរិស្ថានគ្មានផ្សែងបារី ឲ្យបានជោគជ័យ និងថ្លែងគាំទ្រផែនការដាក់ទីក្រុងសៀមរាប ជាទីក្រុងគ្មានផ្សែងបារី។

លោកបានបញ្ជាក់ថា បញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ និងសុខភាពរបស់ភ្ញៀវទេសចរណ៍ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ដែលក្នុងនោះបរិស្ថានគ្មានផ្សែងបារី ជាបរិបទមួយដែលពិភពលោក ក៏ដូចជា ក្នុងតំបន់បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលអាចប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ ទូទាំងពិភពលោក។

បច្ចុប្បន្នថ្នាំជក់ថ្នាំជក់សម្លាប់មនុស្សប្រមាណជា៦លាននាក់ ក្នុងមួយឆ្នាំដែលគិតជាមធ្យមប្រមាណជា១៦.៤៣៨នាក់ ក្នុងមួយថ្ងៃ ដែលក្នុងនោះ អ្នកស្រូបផ្សែងបារីពីគេចំនួន ប្រមាណជា៦សែននាក់។ អ្នកស្លាប់ទាំងនោះគឺបណ្តាលមកពីជំងឺមហារីកសួត ដាច់សរសៃឈាមខួរក្បាល មហារីមាត់គាំងបេះដូង ក្រិនសរសៃឈាម មហារីក្រពះ មហារីកប្លោកនោម។ល។

លោកបញ្ជាក់ថា បើគ្មានវិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ឋិភាពទេ នៅឆ្នាំ២០៣០ ថ្នាំជក់អាចនឹងសម្លាប់មនុស្ស៨លាននាក់ក្នុងមួយឆ្នាំ ហើយ៨០% នៃអ្នកស្លាប់គឺស្ថិតនៅ ក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

លោក ហោ សារុន បន្តថា «សម្រាប់កម្ពុជាយើងក្នុងមួយឆ្នាំៗ ប្រជាពលរដ្ឋប្រមាណ១០០០០នាក់ ស្លាប់បណ្តាលមកពីជំងឺដែលបង្កមកពីការប្រើប្រាស់ថ្នាំជក់។ ប្រទេសកម្ពុជា បានផ្តល់សច្ចាប័នចូលជាសមាជិកអនុសញ្ញាស្តីពី ការត្រួតពិនិត្យថ្នាំជក់ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងការគាំទ្រ និងប្តេជ្ញាអនុវត្តតាមគោលការណ៍ណែនាំ ដែលមានចែងក្នុងអនុសញ្ញារបស់អង្គការសុខភាពពិភពលោក ដើម្បីកាត់បន្ថយការប្រប្រាស់ថ្នាំជក់ និងរួមចំណែកផលប៉ះពាល់លើសុខភាព បរិស្ថាន និងសេដ្ឋកិច្ច។

លោកបានបង្ហាញពីកំណើន នៃភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមកទស្សនាគោលដៅទេសចរណ៍នៅកម្ពុជាផងដែរ។ ជាក់ស្តែងរយៈពេល៦ខែដើមឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិចំនួន២.៦២២.៦៧៩នាក់កើនឡើង១២,៨%ធៀបទៅនឹងរយៈពេលដូចគញនានៅឆ្នាំ២០១៦។ ជាចក្ខុវិស័យ នៅឆ្នាំ២០២០ កម្ពុជារំពឹងថា នឹងទទួលបានទេសចរអន្តរជាតិប្រមាណ៧លាននាក់ ដែលនឹងបង្កើតចំណូលជូនជាតិប្រមាណ៥ពាន់លានដុល្លារអាមេរិក និងបង្កើតការងារផ្ទាល់ប្រមាណជិត១លាននាក់។

សូមបញ្ជាក់ថា អង្គការចលនាដើម្បីសុខភាពកម្ពុជា បានការសហការគាំទ្រពីក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសាលានេះឡើង មានរយៈពេលពីរថ្ងៃចាប់ពី ថ្ងៃទី១៥ដល់ថ្ងៃទី១៦ខែសីហាឆ្នាំ២០១៧ នៅភោជនីយដ្ឋានម៉ុងឌីយ៉ាល់ខេត្តសៀមរាប ដែលមានសិក្ខាកាមជាម្ចាស់មូលដ្ឋានអាជីវកម្ម និងតំណាងសេវាកម្មទេសចរណ៍ជាច្រើន ក្នុងក្រុងសៀមរាប។

សិក្ខាកាមចូលរួមនឹងទទួលបានវិញ្ញាបនបត្រ័ បញ្ជាក់ពីការចូលរួមរបស់ក្រសួងទេសចរណ៍ផងដែរ។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង ដើម្បីផ្តល់ព័ត៌មានស្តីពីកាតព្វកិច្ចនៃម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មពាក់ព័ន្ធ ទៅនឹងបរិស្ថានគ្មានផ្សែងបារីដល់ទីភ្នាក់ងារទេសចរណ៍ ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំនាក់ និងមណ្ឌលកំសានដទៃទៀត ជំរុញអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តិនានា ព្រមទាំងរួមចំណែកក្នុងទិសដៅប្រែក្លាយ ទីក្រុងសៀមរាប ជាទីក្រុងគ្មានផ្សែងបារី៕