(បាត់ដំបង)៖ មន្រ្តីកាំកុងត្រូលខេត្តបាត់ដំបង សហការជាមួយមន្រ្តីគយ នគរបាល ប្រចាំការនៅស្នាក់ការប៉ុស្ដិ៍ភ្នំដីស្រុកសំពៅលូន ចុះបង្រ្កាប និងចាប់បានទំនិញខូចគុណភាព មានពងមាន់ខូចគុណភាព៧០០គ្រាប់ ដែលឈ្មួញកួចនាំចូលពីប្រទេសថៃ យកមកដុតកម្ទេចចោលនៅ នឹងកន្លែងភ្លាមៗ នាវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ។

លោក ហាក់ សុខរិន ប្រធានកាំកុងត្រូលសាខាខេត្ត បាន​ថ្លែងថា អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្រោម​ការដឹកនាំ​គ្រប់គ្រង ដោយ​លោក​អគ្គនាយក ម៉ក់ ពេជ្ជ​រិទ្ធ តែង​អនុវត្ត​ន៍នូវ​យុទ្ធសាស្ត្រ «​ភ្លៀងរលឹម​» ក្នុង​ការដឹកនាំ​កម្លាំង ចុះ​ទៅ​ត្រួតពិនិត្យ គុណភាព​ទំនិញ ស្ទើរ​រៀងរាល់ថ្ងៃ ទាំង​នៅលើ​ទីផ្សារ​នានា និង​ទៅ​ដល់​ទីកន្លែង ផលិត​ដោយ​ផ្ទាល់​តែម្ដង ឲ្យតែ​សង្ស័យ​ពាក់ព័ន្ធ នឹង​ទំនិញ​ម្ហូបអាហារ ដែល​អាច​ធ្វើឲ្យ​មាន​ការ ប៉ះពាល់​ដល់​សុខភាព ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់ ឬ​ទំនិញ​ក្លែងបន្លំ​ផ្សេងៗ។

លោក ហាក់ សុខរិន បានបន្តថា កន្លងមកលោកតែងបានចាត់ឲ្យមន្រ្តីជំនាញដែលឈរជើងប្រចាំការតាមគោលដៅរៀងៗ ខ្លួនពិសេសនៅ តាមច្រកព្រំដែនកម្ពុជា-ថៃ ក្នុងដែនដីខេត្តបាត់ដំបងតែងបានតាមឃ្លាំមើលជាប្រចាំដើម្បីទប់ស្កាត់នូវការនាំចូលទំនិញពាក់ព័ន្ធទៅនឹងចំណីអាហារ ខូចគុណភាពមិនឲ្យហូរចូលលក់ក្នុងទីផ្សារនានាបានឡើយ ព្រមទាំងបានធ្វើការផ្សព្វផ្សាយដល់អាជីវករលក់តាមផ្សារនិងអ្នកប្រើប្រាស់ជាប្រចាំផង។

លោកប្រធានសូមអំពាវនាវ ដល់អ្នកនាំចូលទំនិញខូចគុណភាពមេត្តាបញ្ឈប់នាំចូលទៀតទោះជាក្នុងរូបភាពណាក៏ដោយ គឺធ្វើដើម្បីសុវត្តិភាព និងជួយទប់ស្កាត់ការនាំចូលនូវទំនិញខូចគុណភាព ដែលធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋយើងទាំងអស់គ្នា៕