(ស្ទឹងត្រែង)៖ ខណៈដែលចុះសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ និងគរុសិស្ស នៃមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសឧបត្ថម្ភដល់ការពង្រីកអគារ បន្ថែមក្នុងនោះពង្រីកពីអគារ១ខ្នង២ជាន់២០បន្ទប់ ទៅកាន់១ខ្នង៣ជាន់៣០បន្ទប់ និងផ្តល់អគារសិក្សាថ្មី១ខ្នង២ជាន់ ២០បន្ទប់។

មិនតែប៉ុណ្ណោះ សម្តេចតេជោ ហ៊ុន សែន ពិសេសបានជួយសាងសង់ទីលានបាល់ទាត់ បាល់ទះ និងបាល់បោះ ដើម្បីប្រែក្លាយមជ្ឈមណ្ឌលនេះ ឲ្យ ក្លាយទៅជាទីកន្លែងបណ្តះបណ្តាលវិស័យកីឡា របស់ខេត្តស្ទឹងត្រែង ឲ្យមានភាពខ្លាំងក្លា និងមានការប្រកួតប្រជែងជាមួយនឹងបណ្តារាជធានី ខេត្តទូទាំងកម្ពុជាផងដែរ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កំពុងមានវត្តមាន នៅក្នុងខេត្តស្ទឹងត្រែង ដើម្បីត្រួតពិនិត្យមាន សមិទ្ធផលនានា ក៏ដូចជាវឌ្ឍនភាពក្នុងខេត្តនេះ បន្ទាប់ពីសម្តេចតេជោ បានជួបជាមួយថ្នាក់ដឹកនាំ និងកងទ័ព នៅយោធភូមិភាគទី១ នៅក្នុងខេត្តស្ទឹងត្រែង កាលពីម្សិលមិញ៕