(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយប្រកាសអំពីការប្រើប្រាស់វិធានការក្តៅ នឹងផាកពិន័យទឹកប្រាក់ចំនួន៤០០លានរៀល ឬ១០ម៉ឺនដុល្លារអាមេរិក ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណា ដែលមិនគោរពតាមច្បាប់ និងបទប្បញ្ញាតិ ជាពិសេស ប្រកាសស្ដីពីតម្លាភាព ក្នុងការផ្ដល់សេវាឥណទាន របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបានបញ្ជាក់ឲ្យដឹងថា ការដាក់ចេញវិធានការក្តៅនេះ ក្នុងគោលដៅពង្រឹងកិច្ចគាំពារអតិថិជន។
ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា ក៏បង្កើតប្រព័ន្ធទូរស័ព្ទ Hotline ចំនួន៤ខ្សែ មានលេខ ០៨៥ ៦០០ ០០២, ០៨៥ ៦០០ ០០៣, ០៩៨ ២២០ ០០១, ០៩៨ ២២០ ០០២ ដើម្បីទទួលព័ត៌មាន ពីអតិថិជនដែលមានបញ្ហាជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងបន្ដពង្រឹងការចុះត្រួតពិនិត្យដល់ទីកន្លែង ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលស្ថិតក្រោមអាណាព្យាបាល របស់ធនាគារជាតិនៃកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានដដែលនោះ ធនាគារជាតិនៃកម្ពុជាបានរំលឹកថា គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់ គឺជាគ្រឹះស្ថានឯកជនរកផលចំណេញ ហើយគ្រឹះស្ថានទាំងនោះមិនមែន ជារបស់រដ្ឋនោះទេ។ ដូច្នេះរាល់ការឃោសនាបោកប្រាស់ដែលថា នឹងមានការលុបបំណុលរបស់អតិថិជននោះ មិនមែនជាការពិតទេ ហើយត្រូវទទួលទោសតាមច្បាប់ជាធរមាន៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជាទាំងស្រុង៖