(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានហៅអ្នកប្រមាថសម្តេចថា «អាខ្វាក់» ទាំងអស់ថាជា «ពួកតិរច្ឆាន» ដែលមិនអាច អត់ឱនឱ្យបាន។ សម្តេចចាត់ទុកថា ការហៅសម្តេចបែបនេះ គឺជាប្រមាថដ៏ធ្ងន់ធ្ងរណាស់ ហើយប៉ះពាល់ដល់ជនពិការនៅទូទាំងពិភពលោក។ (សូមស្តាប់ប្រសាសន៍សម្តេច)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំទទួលរងការប្រមាថ​ ច្រើនណាស់ហើយ។ ហើយខ្ញុំក៏ទទួលការប្រមាថពីពួកតិរច្ឆាន ដែលបាន ប្រមាថបន្តមកលើរូបខ្ញុំ។ "ពាក្យអាខ្វាក់..ពាក្យអាកំបុត ពាក្យអាកំបាក់ ពាក្យអាគរអាថ្លង់" គឺជាពាក្យប្រមាថធ្ងន់ធ្ងរណាស់ ដែលសូម្បីតែព្រះជាម្ចាស់ ក៏មិនអាចអត់ឱនឱ្យពួកនេះបានដែរ»

ប្រតិកម្មរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ នៅវិមានសន្តិភាព ក្នុងពិធីបំពាក់មេដាយ និងជូនរង្វាន់ដល់កីឡាករ ជ័យលាភីក្នុងការប្រកួត កីឡាប៉ារ៉ាឡាំពិកយុវជនជនពិការរដូវក្ដៅនៅសាធារណរដ្ឋកូរ៉េ និងជួបសំណេះសំណាលជាមួយ ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ទៅចូលរួលរួមប្រកួត កីឡាជនពិការអាស៊ាន លើកទី៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ប្រតិកម្មនេះបានធ្វើឡើងតែមួយថ្ងៃ បន្ទាប់ពីស្រ្តីឈ្មោះ សុំ សុខា ដែលកន្លងទៅធ្លាប់បង្ហាញវត្តមានជាមួយថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ បានបង្ហោះវីដេអូជាថ្មីម្តងទៀត នៅលើបណ្តាញសង្គម Facebook ដោយបានប្រមាថធ្ងន់ធ្ងរដល់សម្តេចតេជោ ហ៊ុន សែន តាមរយៈការហៅថា «អាខ្វាក់»។ ក្នុងវិដេអូរបស់ស្រ្តី ដែលតុលាការកំពុងតាមចាប់ខ្លួននេះ ក៏បានជំរុញមិនឱ្យមានការបោះឆ្នោតនៅកម្ពុជាតទៅទៀត។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា អ្នកហៅដោយប្រមាថបែបនេះ មិនសមជាមនុស្សថ្លៃថ្នូរនៅក្នុងសង្គមទេ។ សម្តេចបញ្ជាក់ថា៖ «គ្នាពិការទៅហើយ តើចាំបាច់អ្វីទៅនិយាយពាក្យថា អាខ្វាក់ អាកំបាក់ អាខ្វិន រឿងទាំងអស់នេះ សុទ្ធតែជារឿងដែលមនុស្សមិនថ្លៃថ្នូ ត្រូវយកមកនិយាយនោះទេ»

សម្តេចបានបន្តទៀតថា «អ្នកទាំងឡាយ ដែលប្រមាថដល់ជនពិការ ត្រូវវិលត្រឡប់មកជួយជនពិការវិញ ទើបល្អជាង។ ថ្ងៃណាមួយ បើកូនរបស់ខ្លួន ធ្លាក់ទៅជាជនពិការ តើយើងនឹងមានឥរិយាបទបែបណានៅពេលនោះ»