(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានធ្វើការផាកពិន័យចំនួន៤០០លានរៀល ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនៅកម្ពុជា ដែលមិនគោរពតាមអនុលោមច្បាប់ និងបទប្បញ្ញត្តិរបស់ធនាគារជាតិ ជាពិសេសប្រកាសស្ដីពីតម្លាភាព ក្នុងការផ្ដល់សេវាឥណទានរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ នេះបើតាម សេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារជាតិនៃកម្ពុជា ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។
ការផាកពិន័យនេះធ្វើឡើងបន្ទាប់ពី ធនាគារជាតិនៃកម្ពុជា បានបង្កើតប្រព័ន្ធទូរស័ព្ទ Hotline ចំនួន៤ខ្សែ មានលេខ ០៨៥ ៦០០ ០០២, ០៨៥ ៦០០ ០០៣, ០៩៨ ២២០ ០០១, ០៩៨ ២២០ ០០២ ដើម្បីឱ្យអតិថិជនដែលមានបញ្ហាជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រាយការណ៍ព័ត៌មានផ្សេងៗ ដែលពាក់ព័ន្ធការល្មើសបញ្ញត្តិរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
កាលពីពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា ក៏បានបង្កើតក្រុមការងារគាំពារអតិថិជនដែលប្រើប្រាស់សេវាមីក្រូហិរញ្ញវត្ថុ និងធនាគារ ដើម្បីចៀសវាង ការប្រព្រឹត្តបទល្មើសផ្សេងៗ របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ទៅលើអតិថិជន។ មន្ត្រីធនាគារជាតិ ដែលទទួលបន្ទុកក្នុងការកាន់ Hotline នេះ នឹងរង់ចាំទទួលទូរស័ព្ទពីអតិថិជនរៀងរាល់ថ្ងៃចន្ទដល់ថ្ងៃសុក្រ។
ធនាគារជាតិនៃកម្ពុជា នឹងបន្តរឹតបន្តឹង និងចុះដល់ទីកន្លែងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា ក្នុងករណីពិនិត្យឃើញ បទល្មើសជាក់ស្តែង៕