(ភ្នំពេញ)៖ ខណៈដែលវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI នៅមិនទាន់បានទទួលការឆ្លើយតបពីក្រសួងការបរទេសលើសំណើសុំចុះបញ្ជីជាផ្លូវការ ប៉ុន្តែអង្គការមួយ នេះនៅតែបន្តសកម្មភាពរបស់ខ្លួនដដែល។ សម្មភាពទាំងនោះត្រូវបានអ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងថា បើយោងតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែន រដ្ឋាភិបាលបានចែងថា អង្គការមិនមែនរដ្ឋាភិបាលបរទេសដែលធ្វើសកម្មភាពដោយមិនបានចុះបញ្ជីជាទង្វើខុសច្បាប់ អាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការបញ្ឈប់ជាបន្ទាន់ ដោយផ្អែកតាមច្បាប់ NGO របស់កម្ពុជា។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានថ្លែងថា «សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលធ្វើសកម្មភាពដោយមិនបានចុះបញ្ជី ជាទង្វើខុសច្បាប់ ដោយផ្អែកតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលរបស់កម្ពុជា។ អាជ្ញាធរមានកាតព្វកិច្ចចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីបញ្ឈប់សកម្មភាពនេះ ហើយសកម្មភាពនេះនឹងទទួលទណ្ឌកម្មព្រហ្មទណ្ឌបន្ថែមទៀត ប្រសិនសកម្មភាពនេះជាអំពើល្មើសព្រហ្មទណ្ឌ! រីឯជនបរទេសដែលកំពុងចូលរួមសកម្មភាពក្នុងសមាគម ឬអង្គការបែបនេះ មិនត្រឹមតែប្រឈមនឹងវិធានការ បណ្តេញចេញប៉ុណ្ណោះទេ គឹត្រូវប្រឈមនឹងទណ្ឌកម្មព្រហ្មទណ្ឌដូចគ្នា ប្រសិនបើខ្លួនបានចូលរួមក្នុងសកម្មភាពដែលជាបទល្មើសព្រហ្មទណ្ឌណាមួយ!»។
មាត្រា៣៤ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានចែងដូច្នេះថា៖ «អាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការបញ្ឈប់ជាបន្ទាន់ ចំពោះសមាគម ឬអង្គភាពមិនមែនរដ្ឋាភិបាលបរទេសណាដែលធ្វើសកម្មភាពដោយមិនបានចុះបញ្ជី ឬដែលត្រូវបានបញ្ចប់សុពលភាពអនុស្សរណៈដោយក្រសួងបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ វិធានការបន្ថែមទាក់ទង នឹងការបណ្តេញចេញស្របច្បាប់តាមច្បាប់អន្តោប្រវេសន៍ អាចត្រូវបានអនុវត្តចំពោះជនបរទេសណា ដែលបម្រើការងារនៅក្នុងសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេសដែលប្រព្រឹត្តល្មើសខាងលើ ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត»។
សូមជំរាបថា ថ្មីៗនេះក្រោយពីការបែកធ្លាយពីសកម្មភាពអង្គការរបស់អាមេរិក វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ថា បានរៀបចំជួយទំនុកបំរុង និងជ្រោមជ្រែង គណបក្សប្រឆាំងឲ្យផ្តួលរំលំគណបក្សកាន់អំណាចតាមគ្រប់រូបភាពមក, វិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI បានផ្តល់សេចក្តីបំភ្លឺជាច្រើនដល់បណ្តាញព័ត៌មាន Fresh News ជាពិសេសបានឆ្លើយនឹងសំណួររបស់ Fresh News ផ្ទាល់តែម្តងនៅយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។
អង្គភាពព័ត៌មាន Fresh News បានសួរជាសំណួរថា តើវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI បានធ្វើការងារនៅប្រទេសកម្ពុជាជាង២៥ឆ្នាំហើយ ចុះហេតុអីបានជាទើបតែចុះបញ្ជីជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការនៅពេលនេះ?
វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) បានលើកឡើងថា៖ «បានដាក់ពាក្យដើម្បីចុះបញ្ជីនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅខែកញ្ញា ឆ្នាំ២០១៦ ជាការឆ្លើយតបទៅនឹងការអនុម័តច្បាប់ស្តីពីការគ្រប់គ្រងសមាគម និងអង្គការក្រៅរដ្ឋាភិបាល។ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិបានទទួលយកពាក្យស្នើសុំរបស់វិទ្យាស្ថានជាតិ NDI នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦។ នៅពេលនេះវិទ្យាស្ថានជាតិ NDI កំពុងតែរង់ចាំនូវការ សំរេចចុងក្រោយ និងកំពុងតែទន្ទឹងរង់ចាំការពិនិត្យយល់ព្រមពីក្រសួងការបរទេស និងសហប្រតិបត្តិការ»។
ប៉ុន្តែនៅថ្ងៃនេះត្រូវបានអ្នកនាំពាក្យក្រសួងយុត្តិធម៌អះអាងថា អង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលធ្វើសកម្មភាពដោយមិនបានចុះបញ្ជី ជាទង្វើខុសច្បាប់ អាជ្ញាធរមានកាតព្វកិច្ចចាត់វិធានការគ្រប់បែបយ៉ាងដើម្បីបញ្ឈប់សកម្មភាពនេះ៕