(ភ្នំពេញ)៖ លោក ជាវ ប៊ុនរិទ្ធ អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានពន្យល់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះថា ប្រាក់សោធននិវត្តន៍របស់វិស័យឯកជន (ប្រាក់រ៉ឺត្រែត) ដែលកម្ពុជាគ្រោងនឹងដាក់ឱ្យអនុវត្ត នៅឆ្នាំ២០១៩ ខាងមុខនេះ នឹងចាប់ផ្តើមផ្តល់ជូនដល់កម្មករ និយោជិត ដែលមានអតីតភាពការងាររយៈពេល២៥ឆ្នាំ បើទោះជាពួកគាត់មិនទាន់ដល់វ័យចូលនិវត្តន៍ក៏ដោយ។
ការបញ្ជាក់របស់អ្នកនាំពាក្យប.ស.ស បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយ៉ាងច្បាស់ថា កម្មករ និយោជិតទាំងអស់នៅក្នុងប្រទេសកម្ពុជា នឹងទទួលបានប្រាក់សោធននិវត្តន៍ ដូចមន្រ្តីរាជការទូទៅដែរ ចាប់ពីឆ្នាំ២០១៩តទៅ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះថា៖ «ចាប់ពីឆ្នាំ២០១៩ ទៅ ក្មួយៗកម្មករនឹងទទួលបបានប្រាក់ចូលនិវត្តន៍ (ប្រាក់រឺត្រែត) ដូចគ្នានឹងមន្រ្តីរាជការ គឺមិនចាំបាច់ធ្វើការមានក្របខ័ណ្ឌដូចមន្រ្តីរាជការទេ។ សូមក្មួយៗយកចិត្តទុកដាក់ធ្វើការអោយបានល្អ»។
អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម បានលើកឧទាហរណ៍ពន្យល់ថា ជាគោលការណ៍ការចូលនិវត្តន៍ត្រូវមានវ័យ៦០ឆ្នាំ ប៉ុន្តែក្នុងករណីដែលកម្មករ និយោជិត គាត់ចាប់ផ្តើមធ្វើការងារ នៅអាយុ២០ឆ្នាំ ហើយគាត់ធ្វើការងារនេះរហូតរយៈពេល២៥ឆ្នាំនោះ គាត់អាចចូលនិវត្តន៍បាននៅអាយុ៤៥ឆ្នាំ ដោយទទួលបានប្រាក់ចូលនិវត្តន៍របស់គាត់ជាបន្តបន្ទាប់ មិនចាំបាច់ដល់អាយុ៦០ឆ្នាំទេ។
លោកបានបន្តទៀតថា លក្ខខណ្ឌពិសេសមួយទៀត កម្មករ និយោជិត ក៏អាចទទួលបាន ប្រាក់សោធននិវត្តន៍ដែរទោះមិនទាន់ដល់អាយុ៦០ឆ្នាំ ឬធ្វើការគ្រប់ចំនួន២៥ឆ្នាំក៏ដោយ បើសិនជាគាត់មានជំងឺបាត់បង់សមត្ថភាពការងារ។
លោកបានបញ្ជាក់ទៀតថា ចំណែកឯប្រាក់សោធននិវត្ត ដែលកម្មករ និយោជិត ក្នុងវិស័យឯកជន ត្រូវទទួលបានចាប់ពីឆ្នាំ២០១៩នោះ គឺអាស្រ័យទៅលើប្រាក់ឈ្នួលរបស់កម្មករ និយោជិតម្នាក់ៗ ជាពិសេសគឺប្រាក់ខែចុងក្រោយដែលគាត់ទទួលបាន ដែលត្រូវយកទៅបូកបញ្ជូលគ្នាតាមប្រព័ន្ធមួយច្បាស់លាស់។
លោកបានបន្តទៀតថា មុននឹងដាក់ឱ្យអនុវត្តប្រាក់សោធនវិវត្តនេះ អង្គភាពជំនាញ នឹងធ្វើការផ្សព្វផ្សាយ និងចុះពន្យល់ដល់និយោជក រោងចក្រ សហគ្រាសទាំងអស់ នៅក្នុងប្រទេសកម្ពុជា ឱ្យបានយល់ដឹង និងចូលរួមលើកកម្ពស់ដល់កម្មករ និយោជិតជាមួយរាជរដ្ឋាភិបាល។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានជំរុញលើកទឹកចិត្តដល់កម្មករនិយោជិត ជាបន្តបន្ទាប់ ជាពិសេសកម្មករ និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង ដែលប្រាក់ឈ្នួលអប្បបរមារបស់ពួកគេត្រូវបានដំឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៣មក។ ក្រៅពីនោះរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ឱ្យអនុវត្តរបបធានារ៉ាប់រងទៅលើគ្រោះថ្នាក់ការងារ នៅឆ្នាំ២០០៨ និង របបថែទាំងសុខភាព នៅឆ្នាំ២០១៦ កន្លងទៅនេះផងដែរ៕