(កំពង់ធំ)៖ រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ រៀបចំពិធីប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ លោក វណ្ណៈ សោភានិត ជាអភិបាលស្រុក និងលោក យ៉ុម ហឿន ជាអភិបាលរងស្រុក ក្រោមអធិបតីភាព លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ ព្រមទាំងមានការចូលរួម ​ពីថ្នាក់ដឹកនាំមួយចំនួនទៀតផងដែរ។

លោក សុខ លូ បានណែនាំឲ្យលោកអភិបាល អភិបាលរងស្រុក ដែលទើបតែងតាំងថ្មី និងអភិបាលក្រុងស្រុកទំាងអស់ ត្រូវរួមសហការគ្នា ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍ​ ព្រោះថាយើងទទួលបានសុខសន្តិភាពមកដល់ថ្ងៃនេះ គឺឆ្លងកាត់ពលីកម្មច្រើនណាស់ ដូច្នេះត្រូវតែប្តេជ្ញារួមគ្នា ថែរក្សាសន្តិភាពនេះ ឲ្យបានយូរអង្វែងតទៅទៀត សម្រាប់អនាគតកូនចៅ​។

អភិបាលខេត្ត​បន្ថែមទៀតថា ត្រូវអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ត្រូវមានរបបប្រជុំការងារច្បាស់លាស់ ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹង សាមគ្គីភាព ឯកភាពផ្ទៃក្នុង ត្រូវពង្រឹងគុណភាព និងប្រសិទ្ធភា​ព នៃការផ្តល់សេវាសាធារណៈ ប្រកបដោយគុណភាព មានប្រសិទ្ធភាព ភាពឆាប់រហ័ស ឆ្លើយតបទាន់ពេលវេលា ទៅនឹងសេចក្តីត្រូវការ ដែលផ្តល់ភាពងាយស្រួល និងមានការចូលរួមពីអ្នកប្រើប្រាស់សេវា សំដៅបម្រើប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើង។

លើសពីនេះទៀត ត្រូវប្រែក្លាយខ្លួន ពីអ្នកដឹកនាំ ពីអ្នកអ្នកគ្រប់គ្រង ទៅជាអ្នកបម្រើសេវា និងរិះរកបង្កើតគំនិតផ្តួចផ្តើមអ្វីដែលថ្មី ដើម្បីរួមគ្នាដោះស្រាយ ឲ្យខាងតែបាន នូវបញ្ហាប្រឈមសំខាន់ៗ ឲ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានោះ លោក វណ្ណៈ សោភានិត ដែលទើបតែប្រកាសឡើងកាន់តំណែង បានធ្វើការប្តេជ្ញាចិត្តថា គោរពច្បាប់រដ្ឋធម្មនុញ្ញ គោរព និងអនុវត្តតាមតួនាទីភារកិច្ច ការងារចាត់តំាង និងណែនាំរបស់ថ្នាក់លើ ប្តេជ្ញាបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋដោយមិនមានភាពរើសអើង បន្តនិរន្តភាពការងារក្នុងរដ្ឋបាលស្រុក ដោយពង្រឹងគុណភាព បច្ចេកទេស គោរពពេលវេលា និង​រក្សា​ថែទាំសាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីជាកម្លាំងសម្រាប់ពង្រឹងគុណភាព និងប្រសិទ្ធភាពការងារ៕