(ភ្នំពេញ)៖ លោក ប៉ុល ហំម កំពុងដឹកនាំគណបក្សសង្រ្គោះជាតិទាំងមូល ក្នុងនាមជាប្រធានស្តីទីគណបក្សប្រឆាំងមួយនេះចាប់តាំងពី លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ នេះបើតាមការអះអាងរបស់លោកស្រី កែ សុវណ្ណរ័ត្ន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលបានបញ្ជាក់ប្រាប់ Fresh News នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧នេះ។
នៅពេលដែលសួរថា តើគណបក្សមានគិតគូរត្រៀមទុកអំពីការរៀបចំតំណែងប្រធានគណបក្សជំនួស លោក កឹម សុខា ហើយឬនៅនោះ? លោកស្រី កែ សុវណ្ណរ័ត្ន បានបញ្ជាក់ថា គណបក្សមិនទាន់បានគិតដល់ចំណុចនេះនៅឡើយទេ។
បើតាមប្រការ៤៧ ថ្មី នៃលក្ខន្តិកៈ របស់គណបក្សសង្គ្រោះជាតិបានចែងថា ករណីប្រធានគណបក្សទទួលមរណភាព លាឈប់ បាត់បង់សមាជិកភាព ឬបាត់បង់សមត្ថភាពដឹកនាំ បើ៖ អាណត្តិនៅតិចជាង១៨ខែនោះ អនុប្រធានគណបក្សមួយរូប ដែលមានអាយុច្រើនជាងគេ ត្រូវទទួលនាទីជាប្រធានគណបក្ស ហើយបើគ្មានអនុប្រធាន គណបក្សគណៈកម្មាធិការនាយក ត្រូវជ្រើសរើសអនុប្រធានគណបក្សថ្មី យ៉ាងតិចមួយរូប ក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូរ។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅវេលាម៉ោងប្រមាណ១២៖៣៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះរបស់លោកស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីបែកធ្លាយវីដេអូមួយបង្ហាញថា លោកបានអនុវត្ត តាមការបញ្ជារបស់សហរដ្ឋអាមេរិក ដើម្បីដណ្តើមអំណាចពីរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមរយៈបដិវត្តន៍ពណ៌ ឬកម្លាំងមហាជន៕