(ភ្នំពេញ)៖ ព្រឹត្តិការណ៍ «Thailand Fashion & Lifestyle 2017» បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ យ៉ាង​ស្រស់ស្អាត​នៅ​ចំ​កណ្តាល​ ​ផ្សារ​ទំនើប AEON ក្រោម​វត្តមាន​​របស់​កំពូល​តា​រា​បង្ហាញ​ម៉ូដ​ជនជាតិ​ថៃ និង​ជនជាតិខ្មែរ​ជាច្រើន​នាក់​ ឡើង​បង្ហាញ​រូប​សម្រស់​ ជាមួយ​ការ​គ្រង​ម៉ូដ​សម្លៀកបំពាក់​ បែប​ទាន់សម័យ​គួរ​ជាទី​ទាក់ទាញ​បំផុត។ ជាមួយនឹង​វត្តមាន​ថ្មី​ នៃ​ក្រុមហ៊ុន​ជាច្រើន​មកពី​ប្រទេស​ថៃ ក្នុង​គោលបំណង​ចាប់ដៃ​ សហការ​យ៉ាង​ជិតស្និទ្ធ ​ជាមួយ​ពាណិជ្ជករ​កម្ពុជា​ លើ​គ្រប់​វិស័យ​នោះ កាលពី​ល្ងាច​ថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០១៧​ ​នេះ មហាជន​ជាច្រើន​នាក់​បាន​សម្ដែង​នូវ​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ ខណៈដែល​បានឃើញ​វេទិការ​នៃ​ការ​ «Thailand Fashion & Lifestyle 2017» នៅផ្សារទំនើបអេអនម៉ល។

លោក ជី​រ៉ាវុធ សុ​វណ្ណា​អាត អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម​ ប្រចាំ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​ នៅ​កម្ពុជា បានថ្លែង​នៅក្នុង​កម្មវិធី​នេះឲ្យដឹងថា តាមរយៈ​ព្រឹត្តិការណ៍ «Thailand Fashion & Lifestyle 2017» នេះ បានបង្ហាញ​ឲ្យឃើញ​ពី​ភាពជោគជ័យ​ នៃ​កិច្ចសហការ​ពាណិជ្ជកម្ម ​ទ្វេភាគី​រវាង កម្ពុជា-ថៃ ក្រោមរូបភាព​នាំចូល​ទំនិញ​ គ្រប់​ប្រភេទ​មក​ផ្គត់ផ្គង់​ តាម​តម្រូវការ​របស់​ប្រទេសមួយ​នេះ ។

លោក ជី​រ៉ាវុធ សុ​វណ្ណា​អាត បាន​សង្កត់ធ្ងន់​ទៀតថា ប្រទេស​កម្ពុជា គឺជា​ដៃគូ​ពាណិជ្ជកម្ម​យ៉ាងសំខាន់​បំផុត ​របស់​ប្រទេស​ថៃ ដែល​កាលពី​ឆ្នាំ ២០១៦កន្លង​ទៅនោះ ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​មាន​ទឹកប្រាក់​រហូតដល់ ៥,៦០៩លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​នៅ​ឆ្នាំ២០១៧នេះ ក៏​នៅតែមាន​ការកើនឡើង​ គួរ​ជាទី​មោទនៈបំផុត​។

នៅ​ក្នុងឱកាស​ជាមួយគ្នានេះ លោក ជី​រ៉ាវុធ សុ​វណ្ណា​អាត ក៏បាន​ប្តេជ្ញា​ថា ក្នុងនាម​ជា​អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម​ ប្រចាំ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​​នៅ​កម្ពុជា លោក​នឹង​ព្យាយាម​ខិតខំ​​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​ទ្វេភាគី ​រវាង​កម្ពុជា-ថៃ ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ បន្ថែមទៀត។

សូមបញ្ជាក់ថា នៅក្នុង​ព្រឹត្តិការណ៍​ជាមួយគ្នានេះ ក្រៅពី​មានការ​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ ដ៏​ស្រស់ស្អាត​ជាច្រើន​ឈុត​​​សម្រាប់​សុភាពនារី ក៏មាន​ការបង្ហាញ​ម៉ូដ​ឈុត​​សម្លៀក​របស់​កុមារ​ផងដែរ ដែល​រាល់​ម៉ូដ​សម្លៀកបំពាក់​ទាំងនោះ ​សុទ្ធតែ​បាន​កែច្នៃ​ដោយ​អ្នក ជំនាញល្បីៗជា​ជនជាតិ​ថៃ៕