(ភ្នំពេញ)៖ កិច្ចប្រជុំត្រីភាគីរវាងក្រុមការងាររបស់ក្រសួងការងារ ក្រុមថៅកែរោងចក្រ និងក្រុមសហជីព អំពីការកំណត់ប្រាក់ឈ្នួលអប្បបរិមាដល់កម្មករ សម្រាប់ឆ្នាំ២០១៨ បានបិទបញ្ចប់នៅវេលាម៉ោងជិត២រសៀល​ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០​១៧នេះ​ ដោយភាគីទាំង៣បានដាក់តម្លៃប្រាក់ឈ្នូលខុសៗគ្នា រួចកំណត់ការប្រជុំពិភាក្សាបន្ដទៀត នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខ។

លោក សោម អូន​ ប្រធានសភាសហព័ន្ធសហជីពជាតិកម្ពុជា ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនេះ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា នៅក្នុងកិច្ចពិភាក្សានៅថ្ងៃនេះ ភាគីក្រសួងការងារ រកឃើញតួលេខនៃការតម្លើងប្រាក់ឈ្នួល ១៦២.៣៣ដុល្លារ, ភាគីថៅកែ រកឃើញតួលេខនៃការតម្លើងប្រាក់ឈ្នូលត្រឹម ១៦១ដុល្លារ ខណៈដែលភាគីសហជីពរកឃើញតួលេខនៃការតម្លើងប្រាក់ឈ្នួល ១៧៦.២៥ដុល្លារ។

បើតាមលោក សោម អូន តួលេខខាងលើនេះ ភាគីទាំង៣មិនទាន់មានការឯកភាពគ្នានៅឡើយទេ ដោយកំណត់ការប្រជុំបន្ដទៀត នៅថ្ងៃទី២៩ ខែកញ្ញា, ថ្ងៃទី០៣ ខែតុលា ដើម្បីប្រជុំបញ្ចប់រួចកំណត់យកថ្ងៃទី០៥ ខែតុលា ជាការប្រជុំចុងក្រោយ សម្រេចបោះឆ្នោតតែម្ដង។

សូមបញ្ជាក់ថា ក្រុមការងារបច្ចេកទេសត្រីភាគី ដែលក្នុងនោះ មានសមាសភាពក្រសួងការងារ ក្រុមថៅកែរោងចក្រ និងក្រុមសហជីព នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំពិភាក្សាអំពីការកំណត់ប្រាក់ឈ្នួលអប្បបរមាជូនដល់កម្មករផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា សម្រាប់ឆ្នាំ២០១៨។

កិច្ចប្រជុំនេះ ដឹកនាំដោយលោក ហេង សួរ អនុប្រធាននៃលេខាធិការដ្ឋានគណៈកម្មការប្រឹក្សាការងារ នៅក្រសួងការងារ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅដោយមានការចូលរួមពីភាគីរាជរដ្ឋាភិបាល ១៦រូប ភាគីសហជីព ១៦រូប និងភាគីនិយោជក ១៦រូប។

សូមជម្រាបថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា នៅឆ្នាំ២០១៧នេះ មានចំនួន ១៥៣ដុល្លារ ខណៈដែលឆ្នាំក្រោយនេះ គេរំពឹងថា នឹងឡើងយ៉ាងតិចបំផុត១៦០ដុល្លារ ក្នុងមួយខែ៕