(ស្ទឹងត្រែង)៖ ពិធីបិទទ្វារទឹកទំនប់វារីអគ្គិសនីសេសានក្រោម២នេះ ដែលរៀបចំឡើងដោយក្រសួងរ៉ែ និងថាមពល, អាជ្ញាធរខេត្តស្ទឹងត្រែង និងក្រុមហ៊ុន Hydro Power Se San 2 Co,.Ltd នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ ត្រូវបានបញ្ចប់ទៅដោយជោគជ័យ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងមានការចូលរួមពី​សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកអគ្គរដ្ឋទូត ក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ក្នុងនោះក៏មានផ្នែកឯកជនផងដែរ។

​គម្រាងវារីអគ្គិសនីសេសានក្រោម២នេះ ​ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យក្រុមហ៊ុន Hydro Power Se San 2 Co,.Ltd ធ្វើការវិនិយោគ និងសាងសង់ ដែលមានក្រុមហ៊ុនរួមទុន ចំនួន៣មាន៖ ១៖ ក្រុមហ៊ុន Hydrolancang International Energy នៃប្រទេសចិន ៥១ភាគរយ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃក្រុមហ៊ុន China Huaneng Group. ២៖ ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ៣៩ភាគរយ និង ៣៖ ក្រុមហ៊ុន EVN International នៃប្រទេសវៀតណាម មាន១០ភាគរយ។

ថ្លែងក្នុងឱកាស បិទទ្វារទឹកទំបន់វារីអគ្គិសនីសេសានក្រោម២ ដែលមានអានុភាព៤០០មេហ្គាវ៉ាត់នេះ ត្រូវបាននាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកថា វាជាជោគជ័យថ្មីធំមួយទៀត​សម្រាប់ពលរដ្ឋកម្ពុជា និងប្រទេសកម្ពុជាទាំងមូល ព្រោះថាវានឹងផ្ដល់ថាមពលអគ្គិសនីកាន់តែច្រើន សម្រាប់ការផ្គត់ផ្គង់ទូទាំងប្រទេស ហើយក៏ធ្វើឲ្យកាត់ផ្ដាច់នូវការដុតចន្លុះ ដុតក្លាញ់ត្រី​ ដុតចង្កៀងប្រេងកាត់ នៅតំបន់ភូមិភាគឦសាននោះ បានរសាត់ឆ្ងាយពីកម្ពុជា។

​សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គម្រោងវារីអគ្គិសនីសេសានក្រោម២នេះ បានសិក្សាតាំងពី ១០ឆ្នាំមុនមកម្ល៉េះ ហើយគម្រោងសាងសង់វារីអគ្គិសនីនេះ មិនមែនចេះតែធ្វើដោយឆក់កណ្តៀត ដូចការលើកឡើងមួយចំនួននោះទេ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងដែរថា ចាប់ពេលនេះទៅអ្នកនៅក្នុងខេត្តស្ទឹងត្រែងផ្ទាល់ ក៏ដូចជាអ្នករស់នៅតាមតំបន់ដែលប្រើតាមរយៈ អនុស្ថានីយ៍នៅខេត្តស្ទឹងត្រែង អនុស្ថានីយ៍នៅខេត្តក្រចេះ ​ហើយក៏បូកជាមួយនឹងការរៀបចំបណ្ដាញ សម្រាប់ផ្គត់ផ្គង់នៅខេត្តរតនគិរី ខេត្តមណ្ឌលគិរី នឹងមាន​ស្ថេរភាពនៃការប្រើប្រាស់ថាមពលអគ្គិសនីរយៈពេលវែង និងមានតម្លៃថោកផងដែរ។

ក្រៅពីផ្គត់ផ្គង់បានកាន់តែច្រើនហើយនោះ ទំបន់វារីអគ្គិសនីសេសានក្រោម២នេះ ក៏នឹងធ្វើឲ្យកម្ពុជាកាត់បន្ថយការទិញថាមពលអគ្គិសនី ពីប្រទេសវៀតណាម ប្រទេសឡាវ បានកាន់តែច្រើន ហើយក៏ស្របពេលដែលកម្ពុជា ត្រូវការឯករាជ្យភាពរបស់ខ្លួ​ន ​ក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីផងដែរ ដែលវាជួយសម្រួលឲ្យសេដ្ឋកិច្ច កម្ពុជាបានកាន់តែប្រសើរ។

យ៉ាងណាមិញ សម្ដេចតេជោ ហ៊ុន សែន ក៏បានអះអាងថា ប្រសិនបើចង់ឲ្យវិស័យឧស្សាហកម្មនៅកម្ពុជា កាន់តែរីកចម្រើនថែមទៀតនោះ គឺទាមទារឲ្យកម្ពុជា មានផ្គត់ផ្គង់ថាមពលអគ្គិសនីទៀតទាត់ និងមានតម្លៃថោក ហើយវិស័យសេវាកម្មវិញ នៅតាមបណ្ដាសណ្ឋាគារក៏មិនមែនប្រើផ្លិតនោះទេ គឺត្រូវប្រើថាមពលអគ្គិសនីដើម្បីប្រើកង្ហា និងម៉ាស៊ីនត្រជាក់ ឬជណ្ដើរយន្ដជាដើម​​។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ​ការវិនិយោគជាមួយវារីអគ្គិសនីនេះ គឺតម្រូវឲ្យមានការធានាដល់រដ្ឋសភាឯណោះ ដោយឡែកឧស្សាហកម្ម និងសេវាកម្ម មិនតម្រូវការឲ្យរដ្ឋាភិបាលធ្វើធានា ទៅដល់ថ្នាក់រដ្ឋសភានោះទេ ព្រោះថាក្រោយដំណើរការរយៈពេល៤០ឆ្នាំហើយនោះ តំបន់វារីអគ្គិសនីនេះ នឹងក្លាយជាកម្មសិទ្ធិរបស់រដ្ឋតែម្ដង ហើយពេលនោះគឺរដ្ឋជាគ្រប់គ្រង់១០០ភាគរយ។

ទន្ទឹមនឹងភាពជោគជ័យថ្មីមួយទៀត​សម្រាប់ប្រជាជនកម្ពុជានោះ សម្តេចតេជោ ហ៊ុន សែន ប្រកាសប្រាប់ទៅកាន់ពលរដ្ឋថា គ្មានការអភិវឌ្ឍន៍ណាមួយ ដែលមិនប៉ះពាល់ដល់បរិស្ថាននោះទេ ដោយគ្រានតែតម្រូវឲ្យយើងមានការថ្លឹងថ្លែងគ្នាឲ្យបានច្បាស់ថា តើផលប៉ះពាល់ និងផលប្រយោជន៍ មួយណាធំជាងតែប៉ុណ្ណោះ។

និយាយដល់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការងឿងឆ្ងល់ ចំពោះអ្នកបរិស្ថាននិយមជ្រុល យ៉ាងដូច្នេះថា «ខ្ញុំគិតថាអ្នកបរិស្ថាននិយមជ្រុលមួយចំនួន គួរតែត្រូវបានត្រេះរិះឡើងវិញ ម្ខាងខ្លួនទាមទារមានអគ្គិសនីប្រើប្រាស់ និងតម្លៃថោក តែម្ខាងទៀតខ្លួនតែងទៅរារាំងដើម្បីបញ្ជៀស កុំឲ្យមានការអភិវឌ្ឍន៍ ដូច្នេះន័យពិតប្រាកដគឺអ្វី អ្នកឯងម្ខាងចង់បានភ្លើងប្រើហើយចង់ឲ្យភ្លើងនោះ វាចុះថោកទៅទៀត តែម្ខាងទៀតទៅកន្លែងណាក៏ឃើញមុខអ្នកឯងទៅប្រឆាំងដែរ»

​សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា ​ប្រទេសកម្ពុជា គឺជា​ឋានសួគ៌លោកិយរបស់ អង្គការប្រឆាំងរាជរដ្ឋាភិបាល ហើយឲ្យតែអ្នកប្រឆាំងអ្នកនោះ នឹងបានលុយពីបរទេសជាក់ជាមិនខានឡើយ។ យ៉ាងណាក៏ដោយ ចំពោះការប្រឆាំងដែលគ្មានមូលដ្ឋានច្បាស់លាស់ទាំងអស់នោះ មិនអាចមករារាំងការអភិវឌ្ឍន៍ប្រទេសកម្ពុជាបានឡើយ ហើយប្រទេសកម្ពុជា នឹងបន្ដការអភិវឌ្ឍន៍រហូតតទៅ៕​