(ស្ទឹងត្រែង)៖ ពីខេត្តស្ទឹងត្រែងក្នុងពិធី​បិទទ្វារទឹកទំនប់​វារីអគ្គិសនីសេសានក្រោម២ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានថ្លែងថា វារីអគ្គិសនីស្ទើរតែទាំងអស់នៅកម្ពុជា សុទ្ធតែវិនិយោគដោយក្រុមហ៊ុនចិន ខណៈដែលប្រទេសខ្លះបានត្រឹមតែសិក្សា ហើយបើចាំការវិនិយោគនោះមិនដឹងឆ្នាំណានោះទេ។

ជាមួយនឹងការប្រកាសបែបនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ដល់រដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតចិន ដែលបានជំរុញឲ្យក្រុមហ៊ុនចិន មកវិនិយោគវារីអគ្គិសនីនៅកម្ពុជា។

នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមថ្លែងនូវការកោតសរសើរ អរគុណជាមួយ​នឹងការគាំទ្រទាំងឡាយ រ​បស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលជំរុញក្រុមហ៊ុនចិន ឲ្យមកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា វារីអគ្គិសនីស្ទើរតែទាំងអស់ គឺជាគម្រោងវិនិយោគដែលផ្ដល់ទុន ដោយសាធារណរដ្ឋប្រជាមានិតចិន ប្រទេសខ្លះបានត្រឹមមកចែចង់ ក៏ប៉ុន្ដែមិនដឹងថាឆ្នាំណា​ទេ»

ក្រៅពីនេះសម្ដេចតេជោ ហ៊ុន សែន ​​បានប្រកាសថា​ អ្នក​​​​​​​​ដែលបានមកអ្នកវិនិយោគ ដែលបានមកសិក្សា បើគេមិនអនុវត្តនៅតាមគម្រោងទេ គ្មានជម្រើសណាក្រៅតែពីយកដកហូត ដើម្បីប្រគល់ឲ្យក្រុមហ៊ុនថ្មី សម្រាប់ការវិនិយោគនោះទេ។ ឧទាហរណ៍៖ នៅតាមដងស្ទឹងពោធិ៍សាត់ តែមិនដឹងថាដល់ពេលហើយឬនៅ ព្រោះតម្រូវការរបស់កម្ពុជា បើសិនជាដល់ដំណាក់កាលណាមួយផ្គត់ផ្គង់ភ្លើងមិនគ្រប់ វាមានផលប៉ះពាល់ ទៅលើការអភិវឌ្ឍ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានអះអាងទៀតថា ​«បញ្ហាអគ្គិសនីនៅតែជាបញ្ហាអាទិភាព ក្នុងចំណោមអាទិភាព៤ ដែលមុននេះយើងហៅទឹក ផ្លូវ ភ្លើង មនុស្ស ឥឡូវយើងហៅមនុស្ស ទឹក ផ្លូវ ភ្លើង ដែលត្រូវការវិនិយោគបន្ថែមទៀត។ ប្រទេសចិនអនុវត្តនូវគម្រោងការ មានការគាំទ្រយ៉ាងជាក់លាក់ពីសំណាក់រដ្ឋាភិបាល តាមរយៈការគាំទ្រនោះហើយ ដែលធនាគារចិនបានផ្ដល់ទុន សម្រាប់ការវិនិយោគនៅទីនេះ»។

សូមជម្រាបថា គម្រាងវារីអគ្គិសនីសេសានក្រោម២នេះ មានអានុភាព៤០០មេហ្គាវ៉ាត់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យក្រុមហ៊ុន Hydro Power Se San 2 Co,.Ltd ធ្វើការវិនិយោគ និងសាងសង់ ដែលមានក្រុមហ៊ុនរួមទុន ចំនួន៣មាន៖ ១៖ ក្រុមហ៊ុន Hydrolancang International Energy នៃប្រទេសចិន ៥១ភាគរយ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃក្រុមហ៊ុន China Huaneng Group. ២៖ ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ៣៩ភាគរយ និង ៣៖ ក្រុមហ៊ុន EVN International នៃប្រទេសវៀតណាម មាន១០ភាគរយ៕

http://image.freshnewsasia.com/2017/113/fn-2017-09-25-07-52-11-2.jpg