(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបញ្ជាកម្លាំងនគរបាល បន្ដចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់មួយកន្លែង នៅចំណុចអតីតឡូត៌លេខ៨ ក្នុងស្រុកកោះសូទិន ដោយដកហូតបានវត្ថុតាងយ៉ាងច្រើនដើម្បីដុតបំផ្លាញចោល និងប្រលែងកូនត្រីជិត៧០គីឡូក្រាម។

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា លោកចាត់តាំងបញ្ជាអធិការស្រុកកោះសូទិន ឲ្យកម្លាំងនគរបាលរដ្ឋបាលល្វេ សហការជាមួយសមាជិកក្រុមប្រឹក្សាឃុំ ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចបឹងក្បាលដំរី (អាករឃុំ) បឹងរយា អតីតៈឡូតិ៍លេខ៨។

ជាលទ្ធផលនេះប្រតិបត្តិការនេះ កម្លាំងជំនាញរបស់លោក ដកហូតបាន លូស្បៃមុង ចំនួន១១មាត់, របាំងស្បៃមុងប្រវែង១,៥០០ម៉ែត្រ, បង្គោល១២៥ដើម និងចាក់លែងកូនត្រីចម្រុះ ចំនួន៦៥គីឡូក្រាម។ ចំណែក វត្ថុតាងខាងលើត្រូវបានកាប់បំផ្លាញចោលនៅនឹងកន្លែង និងនៅសល់ចំនួន០៦មាត់ ដឹកមករក្សាទុកនៅសាលាឃុំល្វេ។

កាលពីប៉ុន្មានថ្ងៃមុននេះ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ចាម ក៏បានបើកប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់មួយកន្លែង នៅចំណុចអតីតឡូត៌លេខ៨ ក្នុងស្រុកកោះសូទិននេះម្ដងរួចមកហើយ ដោយដកហូតបានវត្ថុតាងយ៉ាងច្រើនដើម្បីដុតបំផ្លាញចោល និងប្រលែងកូនត្រីចម្រុះរាប់រយគីឡូក្រាមផងដែរ៕