(ភ្នំពេញ)៖ ទស្សនិកជនប្រហែលជា​​បានស្គាល់ហើយ ថា កញ្ញា សុភ័ក្រ្ដ កុសុម៉ា គឺជានរណា? ជាការពិតណាស់ នាងជាតារាចម្រៀង និងជាពិធីការិនីសម្បុរខ្មៅស្រអែម មុខមានមុនស្នេហ៍ កាយវិការក្រមិចក្រមើម​គួរឲ្យស្រឡាញ់ម្នាក់ ដែលសព្វថ្ងៃនេះ កំពុងតែមានទីផ្សារសិល្បៈ​មមាញឹកខ្លាំង គួរឲ្យគត់សម្គាល់។ ទន្ទឹមនឹងនេះ ទស្សនិកជនភាគច្រើន ច្បាស់ជាមិនបានដឹងទេ​ថា តើ​ពិធីការិនីរូបនេះត្រូវហែលឆ្លងឧបសគ្គអ្វីខ្លះ ទំរាំមានឈ្មោះល្បីមកដល់សព្វថ្ងៃនេះ? តើការដើរលើវិថីសិល្បៈសព្វថ្ងៃ នាងមានការលំបាកអ្វីខ្លះ? ដើម្បីជាការស្រាយចម្ងល់​របស់ទស្សនិកជន​ សុភ័ក្រ្ត កុសុម៉ា នឹងចូលខ្លួនមកស្រាយបំភ្លឺ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក​របស់តារា» របស់ Fresh News TV នៅល្ងាចថ្ងៃសៅរ៍ ទី ១៤ខែតុលា ឆ្នាំ២០១៧នេះ។

ស្រីស្រស់សម្ដីញាប់ៗ សុភ័ក្រ្ដ កុសុម៉ា ត្រូវបានគេស្គាល់ថា ក្រៅពីមាន​ជំនាញជាតារាចម្រៀង នាងក៏ជាពិធិការិនីក្នុងកម្មវិធីទូរទស្សន៍ បាយ័ន និង MYTV ផងដែរ ដោយនាងបានធ្វើឲ្យទស្សនិកជនជាច្រើន ទប់សំណើចមិនបាន តាមរយៈទេពកោសល្យ និងសម្ដីមិនចេះរីកស្ងួតរបស់នាង។ តារាស្រី រូបនេះ ហាក់ដូចជាមានប្រជាប្រិយភាព​ហក់ឡើងខ្លាំង ទោះបីកន្លងមក នាងបានបាត់មុខពីស្រទាប់សិល្បៈមួយរយៈធំ ក្រោយពីប្រឡងចម្រៀងជាប់លេខ១ ហើយចាកចេញ Album ចម្រៀង ក្នុងផលិតកម្ម នាគមាស​ក្ដី។ ទន្ទឹមនឹងនេះ សុភ័ក្រ្ដ កុសុម៉ា ក៏មានជីវិតលំបាក តស៊ូ មិនធម្មតាដែរ ទំរាំមានប្រជាប្រិយភាព​មកដល់សព្វថ្ងៃនេះ។

យ៉ាងណាមិញ កញ្ញា សុភ័ក្រ្ដ កុសុម៉ា នឹងចូលខ្លួនមកបង្ហាញអាថ៌កំបាំង និងការតស៊ូជំនះគោលដៅ ​រហូតទទួលបានជោគជ័យ ជាពិសេស​ ការបង្ហាញមហិច្ឆតា ចង់បន្តសម្រេចគោលដៅបន្ដទៀត របស់នាង តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក​របស់តារា» របស់ Fresh News TV និង Fresh news Radio នៅល្ងាចថ្ងៃសៅរ៍នេះ ដោយមានការ Live ផ្ទាល់​ចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧នេះ ហើយនឹងត្រូវផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ វេលាម៉ោង​៧ដល់ម៉ោង៨យប់​ ដដែល៕