(សេអ៊ូល)៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយឯកឧត្តម CHAN BYOUNG WAN ប្រធានគណៈកម្មាធិការ របស់រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ទទួលបន្ទុកផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម, ថាមពល, សហគ្រាសធុនតូចនិងមធ្យម និងវិនិយោគ កាលពីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ នៅការិយាល័យធ្វើការ ក្នុងវិមានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នាទីក្រុងសេអ៊ូល លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះភាគីកូរ៉េ ដែលតែងបានជួយឧបត្ថម្ភគាំទ្រ ដល់បុព្វហេតុកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាពិសេសបានពង្រឹងកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កាលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងវិនិយោគ និងបានជំរុញទំហំវិនិយោគ​ដល់ប្រមាណជា ៦០០លានដុល្លា ដែលក្នុងនោះ មានការផលិតសម្លៀកបំពាក់ និងដំឡើងរថយន្ត Huyundai ផងដែរ។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ជូនលោកប្រធានគណៈកម្មាធិការនៃរដ្ឋសភាកូរ៉េថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាសម្រេច​ បាននូវស្ថិរភាពនយោបាយ ស្ថិរភាពសង្គម រក្សាបានសុខសន្តិភាព ពេញលេញបរិបូរណ៌ ដែលបានផ្តល់បរិយាកាសល្អប្រសើរបំផុត សម្រាប់ការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ តាមរយៈការតភ្ជាប់ការហោះហើរ​ត្រង់ពីកូរ៉េ មកកម្ពុជា ដែលមានដល់ ៣៥ជើង ក្នុងមួយសប្តាហ៍ បានធ្វើឱ្យកំណើនភ្ញៀវទេសចរណ៍កូរ៉េចូលទស្សនាកម្ពុជា កើនឡើងជាលំដាប់ដល់ប្រមាណជា ៤០ម៉ឺននាក់ ក្នុងឆ្នាំកន្លងទៅ ហើយបានអរគុណ ចំពោះការទទួលយកកម្មករកម្ពុជា ឱ្យមកធ្វើការនៅតាមរោងចក្រ សហគ្រាស និងផ្នែកផ្សេងៗនៅក្នុងប្រទេសកូរ៉េ ប្រមាណជាជិត ៨ម៉ឺននាក់។

ក្រៅពីប្រាក់បៀវត្ស ដែលកម្មករកម្ពុជាទទួលបាន ពួកគេនឹងនាំយកនូវបទពិសោធន៍ ចំណេះដឹង បច្ចេកទេសជំនាញរបស់គេនៅទីនេះ ទៅរួមចំណែកដល់ការអភិវឌ្ឍវិស័យនានា នៅកម្ពុជា នាពេលដែលពួកគាត់ត្រឡប់មកកម្ពុជាវិញ ក្នុងនេះ ក៏អាចមានមួយផ្នែកគឺ កម្មករកម្ពុជានឹងក្លាយជាអ្នកមានសមត្ថភាព ជំនាញស្រាប់តែម្តង ដែលអាចឱ្យពួកគេបន្តធ្វើការ នៅតាមក្រុមហ៊ុន ឬរោងចក្រនានារបស់កូរ៉េ ដែលបានមកវិនិយោគ នៅក្នុងប្រទេសកម្ពុជាផងដែរ។

លោក CHAN BYOUNG WAN ប្រធានគណៈកម្មាធិការ នៃរដ្ឋសភាសាធារណរដ្ឋកូរ៉េ ទទួលបន្ទុកផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម, ថាមពល, សហគ្រាសធុនតូចនិងមធ្យម និងវិនិយោគ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះចំពោះសមិទ្ធផល​រីកចម្រើនរបស់កម្ពុជា និងលទ្ធផលនៃការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងបានអះអាងថា សាធារណរដ្ឋកូរ៉េបន្តគាំទ្រ ដល់កម្ពុជាជានិច្ចក្នុងក្របខណ្ឌនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ ក្នុងនោះក៏នឹងជួយជំរុញបន្ថែមទៀត ដល់ការអភិវឌ្ឍវិស័យថាមពលករ កើតឡើងវិញ, ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ, ការបង្កើតសួនឧស្សាហកម្ម និងបច្ចេកវិទ្យា, ការអភិវឌ្ឍវិស័យ សហគ្រាសធុនតូចនិងមធ្យម ដែលមិត្តកូរ៉េចាត់ទុកថា ជាវិស័យអាទិភាពមួយសម្រាប់គាំទ្រ ដល់ឧស្សាហកម្មធុនធ្ងន់ និងជាមូលដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោកប្រធានគណៈកម្មាធិការ ក៏បានឯកភាពនូវមតិលើកឡើងរបស់លោក ចម ប្រសិទ្ធ ដែលបានតាំងចិត្តខិតខំចូលរួមចំណែក ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម រួមទាំងការវិនិយោគ ដែលភាគីកូរ៉េបាននិងកំពុងយកចិត្តទុកដាក់ ក្នុងនោះក៏មានការវិនិយោគលើវិស័យអេឡិចត្រូនិច, បរិក្ខាអគ្គិសនី និងផ្នែកដទៃទៀត ដែលគាំទ្រដល់ខឿន​ឧស្សាហកម្មកម្ពុជា និងសហការគ្នាជំរុញឲ្យសម្រេចបាន ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ឲ្យកើនដល់ ២.០០០ពាន់លានដុល្លា នៅឆ្នាំខាងមុខ៕