(ពោធិ៍សាត់)៖ ជនសង្ស័យ៣ម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបាកានឃាត់ខ្លួន និងចាត់ការបន្តទៅតាមនីតិវិធី បន្ទាប់ពីលួចគោប្រជាពលរដ្ឋ ៥ក្បាល កាលពីវេលាម៉ោង១ទៀបភ្លឺ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៤ កន្លងទៅ នៅចំណុចមៀត ស្ថិតក្នុងភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ។

ប្រតិបត្តិការបង្ក្រាបប្រព្រឹត្តទៅកាលពីវេលាម៉ោង ៦៖១៥នាទី ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧នេះ នៅចំណុចអូរស្ពាន ភូមិកំពែង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោក វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ មានឈ្មោះ គង់ សាវ៉ាត អាយុ៤៣ឆ្នាំ រស់នៅភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ឈ្មោះ វិន សៀត អាយុ៣៧ឆ្នាំ រស់នៅភូមិពោធិ៍ពីរ ឃុំគា ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងឈ្មោះ លី ទូច អាយុ៤៣ឆ្នាំ រស់នៅភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោកអធិការបន្តថា តាមការសួរចម្លើយជនសង្ស័យទាំង៣នេះ បានសារភាពថា ខ្លួនពួកគេពិតជាបានចូលទៅស្រាយចំណងលួចគោរបស់ប្រជាពលរដ្ឋចំនួន ៥ក្បាល នៅចំណុចមៀត ស្ថិតក្នុងភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ នោះពិតប្រាកដមែន។

តាមចម្លើយសារភាព រួមនឹងវត្ថុតាងជាក់ស្តែង ជនសង្ស័យនឹងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ ចំណែកសត្វគោ ៥ក្បាល សមត្ថកិច្ចបានប្រគល់ឲ្យទៅម្ចាស់ឈ្មោះ រ៉ុង សុផាត អាយុ៣៨ឆ្នាំ រួចរាល់ហើយ៕