(ភ្នំពេញ)៖ អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា ចំពោះអង្គសម្ដេចឪ (ព្រះបរមរតនកោដ្ឋ) ដែលព្រះអង្គត្រូវបានមតិជាតិ និងអន្ដរជាតិចាត់ទុកថា ជាព្រះមហាវីរក្សត្រដ៏ឆ្នើមបំផុតក្នុងសម័យទំនើបយើងនេះ ហើយត្រូវបានរាជរដ្ឋាភិបាលកំណត់យកថ្ងៃទី១៥ ខែតុលា ជារៀងរាល់ឆ្នាំជាការចងចំាព្រះអង្គនោះ គឺជាការផ្សារភ្ជាប់រវាងអតីត បច្ចុប្បន្ន អនាគត ដើម្បីកុំឲ្យភ្លេចជាតិ។

មានន័យថា ជាតិនីមួយៗដែលមានអារ្យធម៌ខ្ពង់ខ្ពស់ រុងរឿង ឧដុង្គឧត្ដម ក្នុងកាលទំាងបីនេះ ពិតជាមានសារៈសំខាន់ណាស់ ពុំអាចមានកាលមួយអត់កាលណាមួយបានទេ។ដោយហេតុថា ទឹកដី ដែលយើងកំពុងរស់បច្ចុប្បន្ននេះ គឺជាទឹកដីរបស់បុព្វបុរសចែកឋានទៅទំាងទ្បាយ ។ ត្រង់ហ្នឹងហើយ បានជារាជរដ្ឋាភិបាលកំណត់ឲ្យមានថ្ងៃ ចងចំាព្រះបរមរតនកោដ្ឋ ដើម្បីជាការផ្ដល់គុណតម្លៃជាតិនោះ។

លោក រត្ន័ សណ្ដាប់ បន្ដថាបើនិយាយអំពីការគោរព ដឹងគុណដល់បុព្វការីជននេះទៀតសោត គឺជាទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរយើងផងដែរ ដោយមានតំាងពីសម័យបុរាណកាលមកម្ល៉េះ ពិសេសសម័យចក្រភពអង្គរ ។ តួយ៉ាងក្នុងរាជ្យព្រះបាទឥន្ទ្រវរ្ម័នទី១ ឆ្នាំ៨៧៩ ព្រះអង្គបានកសាងប្រាសាទព្រះគោ ជាប្រាសាទទី១ ដែលសាងសង់ទ្បើងក្នុងគោលបំណង ដើម្បីឧទ្ទិសដល់បុព្វការីជនរបស់ព្រះអង្គ គឺព្រះបាទជ័យវរ្ម័នទី២។

អីចឹង! បានន័យថាចំពោះមុខងារប្រាសាទ គឺមិនមែនសម្រាប់តែឧទ្ទិសដល់ទេពសុទ្ធសាធនោះទេ ប៉ុន្ដែក៏ដើម្បីឧទ្ទិសដល់បុព្វការីជនផងដែរ។ ហេតុនេះការដឹងគុណ ក៏ក្លាយជាប្រពៃណីក្នុងអារ្យធម៌ខ្មែរ ដែលព្រះមហាក្សត្រក្រោយៗ ក្នុងសម័យអង្គរត្រូវប្រតិបត្ដិដោយចំាបាច់បំផុត។ ជាក់ស្ដែងយើងឃើញមានសិលាចារឹក បានពំានំានូវពាក្យអង្វរករដល់អ្នកជំនាន់ក្រោយ ដោយសូមឲ្យជួយថែរក្សា សំណង់ជា «ធម៌» ទំាងទ្បាយនេះផង និងដើម្បីឲ្យមានអានិសង្ឃផលបុណ្យដល់អ្នកទំាងទ្បាយនេះវិញផងដែរ។

ស្ថិតក្នុងបរិការនេះផងដែរ យើងត្រូវដឹងថាក្រោយពីការធ្លាក់នៃអារ្យធម៌អង្គរ ចំពោះប្រពៃណីការដឹងគុណនេះ ក៏ត្រូវធ្លាក់ចុះជាបន្ដបន្ទាប់ ពិសេសសម័យសង្រ្គាមត្រជាក់ ក្នុងទសវត្សរិ៍ឆ្នាំ១៩៧០ ដល់ ១៩៧៩ នេះឯង។ កត្ដានេះ ក៏ព្រោះតែអ្នកនយោបាយខ្មែរខ្លះមិនឲ្យតម្លៃ និងបំភ្លេចនូវគុណតម្លៃបុព្វការីជនរបស់ខ្លួន ហើយងាកមកឲ្យតម្លៃលើបរទេសនិយមនេះឯង។

ជាសរុបលោកបានបញ្ជាក់ថា បច្ចុប្បន្នសម្ដេចតេជោ ហ៊ុន សែន ក្រៅពីការនំានូវសុខសន្ដិភាព គឺសម្ដេច បានភ្ជាប់នូវអារ្យធម៌អង្គរទ្បើងវិញ រវាងមនុស្សជំនាន់មុននិងជំនាន់ក្រោយ គឺការកសាងព្រះបរមរូបព្រះបរមរតនកោដ្ឋ(សម្ដេចឪ), ការកសាងព្រះបរមរូបសម្ដេចព្រះសង្ឃរាជជូន ណាត, ការកសាងរូបសំណាកភារម្យក្រម ង៉ុយ ហៅ(អ៊ូ) ព្រមទំាងរូបសំណាកបុព្វការី ជនផ្សេងៗទៀតជាច្រើនពាសពេញផ្ទៃប្រទេស ដូចយើងឃើញសព្វថ្ងៃនេះ។

នេះបានសេចក្ដីថា អារ្យធម៌មួយ គឺត្រូវបានសម្ដេចតេជោ ហ៊ុន សែន ស្ដារទ្បើងវិញ ដើម្បីបង្ហាញឲ្យយើងចេះគោរពគ្នា គោរពមេដឹកនំាដែលមានស្នាដៃបម្រើជាតិ សមដូចពាក្យដំណាលថា «បើនរណាចេះប្រើវីរភាពរបស់បុព្វបុរសខ្លួន ចេះគោរពវិញ្ញាណក្ខន្ធរបស់បុព្វបុរសខ្លួន អ្នកនោះនិងអាចនំាជ័យជម្នះបានយ៉ាងពិតប្រាកដ»។ បើដូច្នេះការដឹងគុណ ការឆ្លាក់ជារូបសំណាកបុព្វការីជន ដើម្បីទុកជាឧត្ដមប្រយោជន៍ជាតិគឺជា«យសសិរី» នំាមកនូវសិរីសួស្ដីដល់គ្រួសារ និងសង្គមជាតិ៕