(ភ្នំពេញ)៖ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ កិច្ចប្រជុំសភាពេញអង្គលើកទី៩ នីតិកាលទី៥ ចាប់ផ្តើមហើយជាមួយសមាជិកសភាចំនួន៦៧រូប មកពីគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាសមាជិកនៃរដ្ឋសភាដែរនោះ ក៏បានអញ្ជើញចូលរួមប្រជុំនេះ។ 

កិច្ចប្រជុំរដ្ឋសភានៅព្រឹកថ្ងៃនេះ គឺបន្តពិភាក្សា និងអនុម័តទៅលើរបៀបវារៈសំខាន់ៗមួយចំនួន៖

១៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ សេចក្តីព្រៀង ស្តីពីការទទួលស្គាល់សុពលភាព នៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងរាជរដ្ឋាភិបាល នៃកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប។

២៖ ការពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣៧ មាត្រា៣៨ មាត្រា១០៩ និងមាត្រា១៣៦ នៃច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្មវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០៣។

ព្រមទាំងសេចក្តីស្នើច្បាប់ នៃការធ្វើវិសោធនកម្មច្បាប់ស្តីពីបោះឆ្នោតចំនួន៤ ដែលទើបនឹងឆ្លងផុតគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភានាព្រឹកនេះ។

១៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
២៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា
៣៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់
៤៖​ វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕