(កំពង់ស្ពឺ)៖ ជនសង្ស័យពីរក្រុមដែលខ្លះតាំងខ្លួន ជាជំនួយការលោកឧត្តសេនីយ៏ ហ៊ុន ម៉ាណែត ក្លែងអត្តសញ្ញាណកងទ័ពដើររើសទ័ពខុសច្បាប់ជាថ្នូរនឹងការសូកលុយ ខ្លះទៀតមិនមានជំនាញពេទ្យសោះ បែរជាក្លែងសញ្ញាបត្រ វេជ្ជបណ្ឌិតសូកលុយទៅធ្វើជាគ្រូពេទ្យ ប្រចាំតាមរោងចក្រកាត់ដេរនានាត្រូវបានកម្លាំងស្នងការដ្ឋានស្រាវជ្រាវព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០១៧នេះ។

នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកធ្វើសន្និសិទ កាសែតបង្ហាញមុខជនសង្ស័យចំនួន១០នាក់ ដែលពាក់ព័ន្ធក្នុងរឿងជ្រើសរើសទ័ពខុសច្បាប់ ក្លែងឯកសារក្លែង ឯកសណ្ឋានកងទ័ពដោយជនសង្ស័យបានតាំងខ្លួន ជាជំនួយការលោកឧត្តមសេនីយ៏ ហ៊ុន ម៉ាណែត ដើរឆបោក ជនរងគ្រោះ រួមទាំងក្រុមក្លែងសញ្ញាបត្រវេជ្ជបណ្ឌិត ដើម្បីសូកលុយគេបានចូលធ្វើជាគ្រូពេទ្យប្រចាំ នៅតាមរោងចក្រកាត់ដេរនានាផងដែរ។

លោកឧត្តមសេនីយ៍ត្រី គង់ សុន្ថារិន ស្នងការរងនៃស្នងការដ្ឋានស្រាវជ្រាវយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងប្រាប់បណ្តាញសារព័ត៌មានថា ក្រោយពីទទួលបានព័ត៌មានថា មានក្រុមជនខិលខូចបានក្លែង បន្លំឋានៈ តួនាទីជាជំនួយការឯកឧត្តម ហ៊ុន ម៉ាណែត ដែលបានធ្វើសកម្មភាពជ្រើសរើសមនុស្សនៅក្នុងភូមិសាស្រ្តស្រុកឧដុង្គ និងស្រុកថ្ពង ខេត្តកំពង់ស្ពឺដើម្បីឲ្យចូលធ្វើយោធារួចមក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ន និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាមកស្នងការយុត្តិធម៌កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឹ និងកងរាជអាវុធហត្ថ ខេត្តកណ្ដាលធ្វើការស្រាវជ្រាវរកការពិតតាំងពីថ្ងៃ ទី១១-១២ ខែ តុលា ឆ្នាំ២០១៧ ហើយកម្លាំងយើងបានហៅ មនុស្សចំនួន៧នាក់ មកធ្វើការសាកសួរ ក្នុងនោះរួមមានឈ្មោះហ៊ែល ចាន់(សុខ សុវណ្ណ) ,ឈ្មោះ ធី ប៊ុនធឿន (ផាន់ ផានិត) ,ឈ្មោះ ស៊ន សាន ,ឈ្មោះ កែវ ម៉ើ ,ឈ្មោះសែម ផល,ឈ្មោះ ខាត់ សុខឿន និងឈ្មោះ ស៊ុន សូយ (នៅ សុភ័ណ្ឌ)។

លោក គង់ សុន្ថារិន បានបន្តថា ក្រោយពីស្តាប់ចម្លើយរបស់ពួកគេ ឃើញថាលេចតម្រុយបទល្មើស លើឈ្មោះហ៊ែល ចាន់(សុខ សុវណ្ណ) ,ឈ្មោះធី ប៊ុនធឿន(ផាន់ ផានិត) និងឈ្មោះស៊ុន សូយ(នៅ សុភ័ណ្ឌ) អ្នកទាំង បីខាងលើបានសារភាពថាខ្លួន បានចូលកងទ័ពតាមរយៈឈ្មោះសេង សារឿន ដោយកន្លងមក អ្នកទាំងបីខាងលើ បានឃើញឈ្មោះសេង សរឿន ស្លៀកឯកសណ្ឋានកងទ័ព និងពាក់សក្ដិវរសេនីយ៍ឯក ហើយឈ្មោះ សេង សរឿន បានប្រាប់ពួកខ្លួនថាគាត់ធ្វើយោធា នៅក្រសួងការពារជាតិ។ដោយពួកខ្លួនចង់ធ្វើកងទ័ព ក៏សុំឈ្មោះសេង សារឿន ពេលនោះសេងសារឿន បានយល់ព្រមឲ្យពួកខ្លួនចូលធ្វើ ហើយប្រាប់ឲ្យពួកខ្លួន ប្រគល់លុយក្នុងមួយនាក់ៗចំនួន ១៥០ដុល្លារអាមេរិក) និងរូបថតស្លៀកពាក់ស៊ីវិលចំនួន៤សន្លឹក បានប្រហែល១០ថ្ងៃឈ្មោះសេង សារឿន បានយក អត្តសញ្ញាណប័ណ្ណកងទ័ព ចុះហត្ថលេខាដោយឧត្តមសេនីយ៏ហ៊ុន ម៉ាណែត និងសម្លៀកបំពាក់យោធាឲ្យមកពួកខ្លួន ហើយប្រាប់ពួកខ្លួនថា កន្លែងធ្វើការនៅដេអិន (ក្រសួងការពារជាតិ)ពួកឯងមិនបាច់ទៅធ្វើការទេ ធ្វើអង្គរក្សអញទៅបានហើយ ចាំមានកាអីអញប្រាប់ ។

លោកស្នងការរងបានបន្តថា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ កម្លាំងយើងបាន ធ្វើការឃាត់ខ្លួនឈ្មោះសេង សារឿន នៅមុខមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ហើយបន្តធ្វើការឆែកឆេរលំនៅឋានបាន រកឃើញអាវុធខ្លីមួយដើមម៉ាក K៥៩ លិខិតបេសកកម្មនិងអត្តសញ្ញាណប័ណ្ណកងទ័ពក្លែង សញ្ញាបត្រវេជ្ជបណ្ឌិត និងប័ណ្ណបើកបរក្លែងកុំព្យូទ័រសម្រាប់កាត់តឯកសារក្លែងចំនួន១គ្រឿង ដាវចំនួន២ និងឃាត់ខ្លួនមនុស្សចំនួន៦នាក់ ពេល នោះយើងធ្វើការស្ដាប់ចម្លើយឈ្មោះសេង សារឿន ជននោះបានសារភាពថាខ្លួនពិតជាបានធ្វើសញ្ញាបត្រវេជ្ជបណ្ឌិត ក្លែង ប័ណ្ណបើកបរលិខិតបេសកកម្ម និងអត្តសញ្ញាណប័ណ្ណកងទ័ពក្លែងពិតប្រាកដមែន ហើយខ្លួនគេក៏មិនមានតួនាទី ឬឋានន្តរសក្តិជានាយទាហាននៅក្នុងក្រសួងការពារជាតិដែរ គ្រាន់តែកាលពីឆ្នាំ១៩៩២-១៩៩៣ ខ្លួនគេ ធ្លាប់ធ្វើជា ទាហានម៉ូលីណាការរបស់លោកព្រហ្ម នាគរាជ។ក្រោយបោះឆ្នោតឆ្នាំ១៩៩៣ ខ្លួនគេបានឈប់ពីយោធា ហើយធ្វើ ជាគ្រូពេទ្យឯកជន និងគ្រូថ្នាំខ្មែរ។នៅក្នុងឆ្នាំ២០១៦ខ្លួនគេបានទៅទិញឯកសណ្ឋានយោធា និងសក្ដិពាក់ ហើយតាំង ខ្លួនជានាយទាហានក្រសួងការពារជាតិ និងជាជំនួយការលោកឧត្តមសេនីយ៏ហ៊ុន ម៉ាណែត។ជននេះបានសារភាព ទៀតថា ឯកសារទាំងអស់នេះ ខ្លួនធ្វើនៅកន្លែងថតរូប និងកាត់តរូបភាពនៅផ្សារថ្នល់ទទឹងស្រុកអង្គស្នួលខេត្តកណ្ដាល។

ដោយឡែកពាក់ព័ន្ធករណីក្លែងសញ្ញាបត្រវេជ្ជាបណ្ឌិត ឈ្មោះសេង ច័ន្ទមុន្នី បានសារភាពថាខ្លួនគេចូលធ្វើជាបុគ្គលិក ពេទ្យប្រចាំនៅរោងចក្រលីអូ តាមរយៈឈ្មោះ ហែម សុធា គ្រូពេទ្យចូលនិវត្តន៍ ដោយចំណាយលុយ១.៨០០ដុល្លារអាមេរិក។ ជននេះបានសារភាពទៀតថា ខ្លួនគេមិនដែលធ្លាប់ចូលរៀននៅសាលាពេទ្យទេគឺឈ្មោះហែម សុធា ធ្វើសញ្ញាបត្រវេជ្ជបណ្ឌិត (ក្លែង)ឲ្យខ្លួន។ ចំណែកឈ្មោះ សេង សុផាត ចូលធ្វើបុគ្គលិកពេទ្យប្រចាំរោងចក្រ វិន សុន អស់ប្រាក់ចំនួន ២.០០០ដុល្លារ អាមេរិក តាមរយៈឈ្មោះ ជ្រី ណែនាំឲ្យស្គាល់ឈ្មោះហែម សុធា ។ជននេះបានសារភាពទៀតថា ខ្លួនគេមិនដែលធ្លាប់ ចូលរៀននៅសាលាពេទ្យនោះទេ គឺឈ្មោហែម សុធា ធ្វើសញ្ញាបត្រវេជ្ជបណ្ឌិត(ក្លែង)ឲ្យខ្លួន បន្ទាប់ពីបានធ្វើការស្ដាប់ចម្លើយរួចមក កម្លាំងយើងបានធ្វើការឃាត់ខ្លួនឈ្មោះ ង៉ែត ណារ៉ូ និងឈ្មោះ ហែម សុធា ។

នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ កម្លាំងជំនាញបានចុះទៅធ្វើការ ឆែកឆេរផ្ទះឈ្មោះ ហែម សុធា បានរកឃើញវត្ថុតាង និងឯកសារមួយចំនួនដែលមានការពាក់ព័ន្ធបទល្មើសជាច្រើន។ ជនទាំងពីរនាក់នេះក៏បានសារភាពថា ពិតជាបានធ្វើឯកសារក្លែងទាំងអស់នេះពិតប្រាកដមែន។ ចំពោះជនទាំងបីនាក់នេះឈ្មោះ សឿង សំណាង, ឈ្មោះសូ ហាន និង ឈ្មោះឡេង ថេង ជាអ្នកបានប្រើប្រាស់គ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់។

លោកស្នងការង បានអះអាងថា ជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធក្លែងឯកសារវេជ្ជបណ្ឌិត និងកាន់កាន់កាប់អាវុធខុស ច្បាប់ នឹងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមច្បាប់ដែលរួមមានឈ្មោះ៖ ១.ឈ្មោះ ហែម សុធា,២.ឈ្មោះ សេង ច័ន្ទមុន្នី,៣. ឈ្មោះ សេង សុផាត,៤.ឈ្មោះ ឡេង ថេង,៥.ឈ្មោះ សឿង សំណាង ,៦.ឈ្មោះ សូ ហាន។ ចំណែកជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធក្លែងឯកសារកងទ័ព និងបន្លំយកឈ្មោះថ្នាក់ដឹកនាំកងទ័ព ទៅឆបោក នឹងងត្រូវបញ្ជូនទៅតុលាការយោធា ដែលរួមមាន ១.ឈ្មោះ សេង សារឿន (មិនបានឃាត់ខ្លួនទេមានជម្ងឺ) ,២. ឈ្មោះ ឈ្មោះហ៊ែល ចាន់(សុខ សុវណ្ណ),៣.ឈ្មោះធី ប៊ុនធឿន(ផាន់ ផានិត),៤. ឈ្មោះ ស៊ុន សូយ(នៅ សុភ័ណ្ឌ) ។

លោកឧត្តមសេនីយ៍ត្រីជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានផ្តាំផ្ញើរជូនប្រជាពលរដ្ឋ ជាពិសេសយុវជន បើចង់ចូលបម្រើកងទ័ពទៅជួបសួរនាំជាមួយគណៈកម្មការជ្រើសរើសកងទ័ពថ្នាក់ក្រោមជាតិ(ស្រុក ខេត្ត បើ មានជនណាយកលុយកាក់សូមរាយការណ៍ទៅគណៈកម្មការជ្រើសរើសទ័ពថ្នាក់ជាតិជាបន្ទាន់ ជៀសវាងជនខិលខូច ឆ្លៀតឱកាសបោកប្រាស់បងប្អូន) និងសូមអោយក្រុមហ៊ុនឯកជន ជាពិសេសក្រុមហ៊ុនកាត់ដេរមុននឹងជ្រើសរើសបុគ្គល ណាម្នាក់អោយចូលបម្រើជាបុគ្គលិកពេទ្យ ត្រូវពិនិត្យលក្ខណៈសម្បត្តិបុគ្គលនោះអោយបានត្រឹមត្រូវ ដូចជាសញ្ញាបត្រ ត្រូវមានការបញ្ជាក់ពីស្ថាប័នពាក់ព័ន្ធ ជាមុនទើបខ្លួនយើងមិនខុសច្បាប់៕