(សៀមរាប)៖ អភិបាលខេត្តសៀមរាប លោក​ ឃឹម ប៊ុនសុង តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតី​​ប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររងជំនាន់ទី៩ ថ្នាក់បរិញ្ញាបត្រជំនាន់ទី៦ និងជំនាន់ទី៧ ថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ជំនាន់ទី៤ ព្រមទាំងផ្តល់អាហារូបករណ៍ និងប័ណ្ណសរសើរជូន និស្សិតពូកែ​ សរុបចំនួន​១,១៩១​នាក់ នៃសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ ខេត្តសៀមរាប​។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ការបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ប្រកបដោយជោគជ័យ របស់និស្សិតខាងលើ បានសបញ្ជាក់យ៉ាងច្បាស់ថា សាកលវិទ្យាល័យ សម្រេចបានស្នាដៃដ៏ធំធេង ក្នុងការកសាងធនធានមនុស្សប្រកប ដោយគុណភាព ដែលមានសមត្ថភាពពេញលេញ បំពេញតម្រូវការចាំបាច់របស់ទីផ្សារការងារ និងប្រទេសជាតិសំដៅរួមចំណែកក្នុង ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ។

លោក ឃឹម ប៊ុនសុង បានលើកឡើងថា ក្នុងនីតិកាលទី៥នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៤-២០១៨ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងគោលនយោបាយមួយចំនួន ដើម្បីអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ​។

ផ្អែកតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ យុទ្ធសាស្ត្រចតុកោណ និងគោលនយោបាយខាងលើ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា ការសិក្សាអប់រំ គឺជាយុទ្ធសាស្រ្តសម្រាប់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន មានន័យថា «ការអប់រំគឺជាកូនសោរសម្រាប់ ដោះស្រាយរាល់បញ្ហាសង្គម និងសេដ្ឋកិច្ច» ។ រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ស៊ីជម្រៅ លើវិស័យអប់រំនៅគ្រប់ភូមិសិក្សា និងបណ្តុះបណ្តាលគ្រប់កម្រិត ទាំងក្នុងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដើម្បីផ្តល់ចំណេះដឹង បំណិន ជំនាញនិងឥរិយាបទដល់ សិស្សានុសិស្ស និងនិស្សិតឲ្យឆ្លើយតបទៅនឹងបរិបទអប់រំអាស៊ាន និងអន្តរជាតិ ដែលធានាឲ្យពួកគេអាចធ្វើការងារនិងរស់ក្នុងយុគ្គសម័យ សាកលភាវូបនីយ៍កម្ម និងសង្គមពុទ្ធិ​។

អភិបាលខេត្តគូសបញ្ជាក់ថា និស្សិតទាំងអស់ពិតជាបានជ្រាបច្បាស់ហើយថា ការអប់រំនឹងកំណត់អនាគតរបស់ប្រជាជាតិនីមួយៗ ហើយការអប់រំប្រកបដោយគុណភាព ពិតជារួមចំណែកបង្កលក្ខណៈ ងាយស្រួល សម្រាប់ការធ្វើសមាហរណកម្មប្រទេសជាតិ ទៅក្នុងតំបន់ និងសកលលោ​។ ម្យ៉ាងវិញទៀត ពិភពលោកទាំងមូលមានការប្រែប្រួលជាប់ជានិច្ចទៅតាមការរីកចម្រើនឥតឈប់ឈររបស់ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាពីមួយថ្ងៃទៅមួយថៃ្ង។ និស្សិតរបស់យើងក្រោយពីបញ្ចប់ការសិក្សា ច្រើនតែស្វែងរកការងារធ្វើក្នុងទីផ្សារការងារ ក៏ដូចជាស្វែងរកការងារធ្វើតាមក្រសួង ស្ថាប័នរដ្ឋ តាមក្រុមហ៊ុន តាមសហគ្រាសឯកជន និងអង្គការជាតិ អន្តរជាតិតាមរយៈការប្រឡង ប្រជែងជ្រើសរើសនានា​។

​លោក​មានជំនឿជាក់ថា ក្មួយៗជ័យលាភីទាំង​១.១២២នាក់ ដែលទទួលសញ្ញាបត្រនាពេលបន្តិចទៀតនេះ ប្រាកដជាយកចំណេះដឹង និងបទពិសោធន៍ដ៏ល្អៗ ដែលបានសិក្សាពីសាកលវិទ្យាល័យ ទៅបម្រើដល់សង្គមជាតិយើង ហើយក្មួយៗនឹងរៀបចំខ្លួនជាបញ្ញាជន ដែលប្រកបដោយវិចារណញ្ញាណ មានសីលធម៌ល្អ និងមានស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីអភិវឌ្ឍកម្ពុជាឲ្យបានសម្រេចតាមគោលដៅ របស់រាជរដ្ឋាភិបាល៕