(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ បានចោទសំណួរចំនួន៣ ទៅកាន់អ្នករិះគន់ លើការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត សម្រាប់ការបែងចែកអាសនៈរបស់គណបក្សមានអសនៈក្នុងរដ្ឋសភា ទៅឱ្យគណបក្សផ្សេងៗ នៅពេលគណបក្សនោះ ត្រូវរំលាយ ឬបោះបង់ចោលអសនៈ។ សូមស្តាប់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន

ប្រតិកម្មរបស់​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាង១,៥ម៉ឺននាក់ មកពីរោងចក្រចំនួន១០ នៅលើផ្លូវជាតិលេខ៤ ក្នុងតំបន់កំបូល ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោយពេលដែលមានការរិះគន់ថា ការរៀបចំច្បាប់បែងចែកអសនៈរបស់គណបក្សដែលមានអសនៈនៅក្នុងរដ្ឋសភានេះ គឺជាការរំលោភលើឆន្ទៈរបស់ប្រជារាស្រ្ត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹកអំពីរឿងទាំងឡាយស្រដៀងនឹងស្ថានភាពពេលនេះ ដែលកើតឡើងនៅកម្ពុជា និង នៅសហរដ្ឋអាមេរិក កន្លងមក ជាមួយនឹងការព្រមានកុំឱ្យអ្នករិះគន់ទាំងនោះបកស្រាយតាមចិត្តនឹងឃើញ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «តើអ្នកមានបានគិតទេថា នៅពេលដែលអ្នកផ្តួលរំលំទម្លាក់សម្តេចនរោត្តមសីហនុ អ្នកបានគាំទ្រការផ្តួលរំលំ សម្តេចនរោត្តម សីហនុ តើពួកអ្នកមានបានគិតអំពីឆន្ទៈប្រជាពលរដ្ឋ ដែលបានបោះឆ្នោតសម្រាប់តំណែង ប្រមុខរដ្ឋរបស់សម្តេចព្រះនរោត្តម សីហនុ ទេ? ពួកអ្នកបានគិតអំពីឆន្ទៈរាស្រ្តឬទេ អ្នកអត់បានគិតអំពីឆន្ទៈរបស់រាស្រ្តទេ អ្នកគិតតែអំពីបញ្ហាថា សម្តេចនរោត្តម សីហនុ ដឹកនាំផ្តាច់ការ ឬធ្វើនេះធ្វើនោះ ក្នុងន័យដែលព្រះអង្គមិនបានធ្វើអ្វីខុសនោះទេ។ ដើម្បីបម្រើឱ្យសង្រ្គាមនៅវៀតណាម អ្នកត្រូវកាន់កាប់កម្ពុជា ហើយដោយសារតែ សម្តេចនរោត្តម សីហនុ មិនធ្វើតាមបំណងរបស់អ្នក។ អ្នកក៏ចាប់ផ្តើមផ្តួលរំលំ សម្តេចនរោត្តម សីហនុ ដោយមិនបានគិតអំពីឆន្ទៈរបស់រាស្រ្ត ដែលបានគាំទ្រ និងថ្វាយអំណាចចំពោះព្រះអង្គ ជាព្រះប្រមុខរដ្ឋអស់មួយជីវិតទៀតផង»។

សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរទី២ថា «កន្លងទៅនៅកម្ពុជា នៅពេលដែលអ្នកបានស្រែកថា ហ៊ុន សែន អើយចុះចេញទៅ តើអ្នកមានបានគិតអំពីឆន្ទៈរាស្រ្ត ដែលបានបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ឱ្យហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីឬទេ។ នេះជាចំណុចដែលអ្នកត្រូវគិត ហើយសូមអ្នក កុំគេចវេសថា រឿងហ្នឹងជារឿងចាស់ ប៉ុន្តែរឿងចាស់ និងរឿងថ្មី ដូចតែគ្នា»

សម្តេចបានលើកឡើងបន្តទៀតថា «មួយទៀត ខ្ញុំចង់ចង្អុលទៅមហាអំណាច ដែលហៅថា បិតាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស តែម្តងគឺសហរដ្ឋអាមេរិក នៅត្រង់ថា កាលពេលលោក និក សុន ធ្វើខុសដែល មានរឿងអាស្រូវ វ៉តធើហ្គេត។ ពេលនោះ គេបានទម្លាក់និកស៊ុនចេញពីតំណែងហេតុអ្វី បានជាគ្មាននរណាធ្វើ អត្ថាធិប្បាយអំពីឆន្ទៈរបស់រាស្រ្ត ដែលបានបោះឆ្នោតឱ្យ និកសុន ធ្វើជាប្រធានាធិបតេយ្យ»

សូមបញ្ជាក់ថា សេចក្តីស្នើច្បាប់ចំនួន៤ ពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយ ដែលសភាពេញអង្គបានអនុម័ត កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧កន្លងទៅនេះ បានចូលដល់ព្រឹទ្ធសភាហើយ។ ច្បាប់ទាំង៤នោះរួមមាន៖

១៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
២៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា
៣៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់
៤៖​ វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

ព្រឹទ្ធសភា នឹងពិនិត្យលើច្បាប់ទាំងនេះ នៅថ្ងៃស្អែក មុននឹងដាក់ចូលក្នុងកិច្ចប្រជុំពេញអង្គអនុម័ត៕