(ឡាវ)៖ លោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា អនុប្រធានប្រចាំការ និងជាប្រធានប្រតិបត្តិ នៃគណៈកម្មាការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា កម្ពុជាសូមប្តេជ្ញាចិត្តដ៏មុតមាំ ទទួលខុសត្រូវចម្បង ដើម្បីការពារ និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៅក្នុងប្រទេស ផ្អែកលើក្របខ័ណ្ឌច្បាប់ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ដែលព្រះមហាក្សត្រ នៃកម្ពុជា ប្រកាសឲ្យប្រើនាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥។

ការថ្លែងបែបនេះ បានធ្វើឡើង ក្នុងឱកាសដែលលោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៥ ថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តលួងប្រាបាង សាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ។

លោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា បានបន្ថែមទៀតថា ដោយមានការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរៀបចំដោយ ជោគជ័យ នូវទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ «សុវត្ថិភាព និងភាពធនសហគមន៍ សម្រាប់ភាពធន់អាស៊ាន» និងទិវាអន្តរជាតិកាត់បន្ថយគ្រោះមហន្តរាយ ក្រោមប្រធានបទ «លំនៅដ្ឋានសុវត្ថិភាព» នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ដោយប្រធានបទនោះគឺស្របទៅនឹងអាស៊ាន និងUNISDR។

លោកទេសរដ្ឋមន្រ្តី បន្ដថា ចំណុចសំខាន់បំផុត ដែលយើងទទួលបានពីទិវានេះគឺ «ត្រៀមខ្លួនរួចជាស្រេច សម្រាប់ព្រឹត្តការណ៍គ្រោះមហន្តរាយ ដែលយើងពុំបានគិតទុកជាមុន» ដែល បង្កឡើងដោយធម្មជាតិ ដោយមនុស្ស និងដោយការប្រែប្រួលអាកាសធាតុ។ ដូច្នេះយើងទាំងអស់គ្នា ត្រូវតែមានសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងអាស៊ានឲ្យកាន់តែល្អ ប្រសើរឡើងលើការងារគ្រប់គ្រងគ្រោះមហន្តរាយ។

ទេសរដ្ឋមន្រ្តី ញឹម វណ្ណដា បានបញ្ជាក់ថា លើសពីនោះទៀត រាជធានី-ខេត្តទាំង២៥ ទូទាំងកម្ពុជា ក៏បានប្រារព្វទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិកាត់បន្ថយ គ្រោះមហន្តរាយ នៅតាមរាជធានី-ខេត្តរៀងៗខ្លួន ដោយមានការអានសារលិខិតអបអរសាទររបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃកម្ពុជា។

លោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា បានថ្លែងបន្ថែមទៀតថា «យើងដឹងថា ទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូសន្ទនា ដៃគូសន្ទនាតាមវិស័យ ដៃគូអភិវឌ្ឍន៍ ភ្នាក់ងារសហប្រជាជាតិ និងដៃគូដទៃទៀត កាន់តែមានភាពរឹងមាំ។ កិច្ចសហប្រតិបត្តិការ ត្រូវបានលើកកម្ពស់តាមរយៈយន្តការ និងក្របខ័ណ្ឌ ដែលមានស្រាប់ ក៏ដូចជាការអនុវត្តប្រកប ដោយប្រសិទ្ធភាព នូវផែនការសកម្មភាព ស្របជាមួយទស្សនៈវិស័យសហគមន៍អាស៊ាន ២០២៥»