(ភ្នំពេញ)៖ អង្គការស្នាមញញឹមកម្ពុជា សហការជាមួយ អង្គការស្នាមញញឹមអាស៊ី និងអង្គការ Love Without Boundaries មកពីសហរដ្ឋអាមេរិក នឹងធ្វើការវះកាត់ មាត់ឆែប ក្រអូបឆែប មាត់ធ្មេញ និងការពិការភាពមុខមាត់ផ្សេងៗជូនប្រជាពលរដ្ឋ ដោយឥតបង់ប្រាក់ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃ២០ ខែតុលា​ ឆ្នាំ២០១៧ នៅមន្ទីរពេទ្យមិត្ដភាព ខ្មែរ-សូវៀត និងនៅថ្ងៃទី០៧ ខែវិច្ឆិកាខាងមុខនេះ ។

លោកវេជ្ជបណ្ឌិត ម៉ុត ធាវី នាយក​គ្រប់គ្រង​វេជ្ជសាស្ត្រ នៃ​អង្គការ​ស្នាមញញឹម​កម្ពុ​ជា បានថ្លែងថា «ដោយការមានសហជាមួយនិងដៃគូជាតិ និងអន្ដរជាតិ អង្គការស្នាមញញឹមកម្ពុជា ដែលមានលោកស្រី ពេជ ចន្ទមុន្នី ជាប្រធានក្រុមប្រឹក្សាភិបាល តែងតែធ្វើការវះកាត់ មាត់ឆែប ក្រអូបឆែប មាត់ធ្មេញ និងពិការភាពមុខមាត់ជាដើម ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ជាមួយនិងគ្រូពេទ្យជំនាញ បទពិសោធន៍យូរឆ្នាំ ទាំងជាតិ-អន្ដរជាតិផងដែរ»។

លោកវេជ្ជបណ្ឌិត បានថ្លែងទៀតថា «សម្រាប់ការវះកាត់ លើកនេះ គឺមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៦-២០ ខែតុលានេះ ដូច្នេះសូមប្រជាពលរដ្ឋទូទាំងប្រទេស ប្រញាប់រួសរាន់ឡើង យកកូនៗរបស់គាត់ មកពិនិត្យព្យាបាល ដែលពេលនេះ យើងទើបតែធ្វើការវះកាត់កុមារ ដែលមានមាត់ឆែប ក្រអូបឆែប និងពិការភាពមុខមាត់ផ្សេងៗបានប្រហែល ជិត៤០នាក់ហើយ»។

ទន្ទឹមនឹងនោះ លោកវេជ្ជបណ្ឌិត ក៏បានធ្វើការអំពាវ ដល់ស្ដ្រីមានផ្ទៃពោះ សូមប្រុងប្រយ័ត្ន ចំពោះសុខភាព ពិសេស​ ដើម្បីឲ្យទារកដែលកើតមក ជៀសផុតពីជំងឺឆែបមាត់ ក្រអូបឆែប ពិការភាពផ្សេង ដោយកុំលេបថ្នាំផ្ដេកផ្ដាស កុំបរិភោគអាហារណាដែលមិនល្អ បរិស្ថានជុំវិញផ្ទះ ត្រូវតែស្អាតជានិច្ច លេបថ្នាំវីតាមីនឲ្យបានគ្រប់គ្រាន់ តាមវេជ្ជបញ្ជាររបស់ពេទ្យ ។នេះក៏ជាផ្នែកមួយ ដែលធ្វើឲ្យទារកក្នុងផ្ទៃលូតលាស់បាន ។

លោកវេជ្ជបណ្ឌិត ម៉ុត ធាវី បានថ្លែងទៀតថា សម្រាប់ការវះកាត់ មាត់ឆែប ក្រអូបឆែប មាត់ធ្មេញ និងពិការភាពមុខមាត់ផ្សេងៗ នឹងធ្វើការវះកាត់ម្ដងទៀត នៅថ្ងៃទី០៧ ខែវិច្ឆិកា ខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋ យកកូនចៅមកធ្វើការវះកាត់ ឲ្យបានគ្រប់ៗគ្នា។

គួររម្លឹកថា សម្រាប់ថ្ងៃវះកាត់ចំនួន៥ថ្ងៃនេះ ក៏មានវត្ដមានថ្នាក់ដឹកនាំ មន្ទីរពេទ្យមិត្ដភាព-ខ្មែរសូវៀត លោក សាស្ដា្រចារ្យ ងី ម៉េង, លោក ចាន់ កុកចន នាយកប្រតិបត្ដិក្រុមប្រឹក្សាភិបាល អង្គការស្នាមញញឹមកម្ពុជា និងមានការចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដោយផ្ទាល់ ពីសំណាក់ អភិបាលរងរាជធានីភ្នំពេញលោក នួន ផារ័ត្ន។ លើសពីនេះ ក៏មានការឧបត្ថម្ភ នូវទឹកសុទ្ធ សម្រាប់ក្រុមគ្រូពេទ្យ និងអ្នកជំងឺ ពីលោកស្រីឧកញ៉ា លឹម ឈីវហួរ អគ្គនាយិកាក្រុមហ៊ុនអ៊ែតវូដផងដែរ៕