(កណ្ដាល)៖ លោកស្រី ឃួន សុដារី ប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកលើកដែក ជំរុញសមាសភាពគណៈពង្រឹងមូលដ្ឋានស្រុកលើកដែក ឲ្យប្រឹងប្រែងបំពេញតួនាទី បម្រើប្រជាពលរដ្ឋ និងជួយអភិវឌ្ឍប្រទេសជាតិ។
លោកស្រីថ្លែងបែបនេះ ក្នុងកម្មវិធី ប្រកាសកែសម្រួលសមាសភាព គណៈពង្រឹងមូលដ្ឋានស្រុកលើកដែក នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នាស្នាក់ការគណបក្សស្រុក ដែលមានការអញ្ជើញ ចូលរួមពីលោក ពិត ចំណាន អនុប្រធានទី១ គណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកលើកដែក លោក ហេង រតនា អនុប្រធានទី២ គណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកលើកដែក ព្រមទាំង ថ្នាក់ដឹកនាំក្នុងជួរគណៈពង្រឹងស្រុក ឃុំ ភូមិ ចំនួន ៧២នាក់ ស្រី១៧នាក់ និងសមាជិកអង្គពិធី រួមមានថ្នាក់ដឹកនាំ មន្ត្រីគណបក្សស្រុក ឃុំ ភូមិ និងក្រុមយុវជន ស្ត្រី ចំនួន១០៥នាក់ ស្រី ១៩នាក់ សរុបរួម ១៧៧នាក់ ស្រី៣៦នាក់។
លោកស្រី ឃួន សុដារី បានថ្លែងថា គណៈពង្រឹងថ្នាក់កណ្តាល ដែលបានតែងតាំងនាពេលនេះ គឺជាកម្លាំងថាមពលថ្មី ជួយដល់ភាពជោគជ័យរបស់គណបក្សមូលដ្ឋាននាពេលខាងមុខ។
* គណៈពង្រឹង និងគណបក្សមូលដ្ឋាន ត្រូវបន្តសហការអនុវត្តគ្នា បំពេញតួនាទីភារកិច្ចតាមការចាត់តាំងរបស់បក្ស ពិសេសការងារចិញ្ចឹមចលនាជាមួយសមាជិកបក្ស ការក្តាប់ជាប់សតិអារម្មណ៍នយោបាយនៅមូលដ្ឋាន និងការអនុវត្តរបបជីវភាពបក្ស។
លោកស្រី ក៏បានកោតសរសើរដល់គណបក្សមូលដ្ឋាន ចំពោះការធ្វើបច្ចុប្បន្នភាពសមាជិកបក្ស ថតរូប និងសរសេរសៀវភៅគ្រួសារ និងការងារចុះឈ្មោះបោះឆ្នោតបានល្អប្រសើរ ជូនប្រជាពលរដ្ឋ ហើយលោកស្រី ក៏បានផ្តល់អនុសាសន៍ បន្ថែមទៀតផងដែរថា ត្រូវរួមកម្លាំងដើម្បីទប់ទល់សភាពការណ៍ទាំងអស់គ្នា ពិសេសបន្តអប់រំនយោបាយសតិអារម្មណ៍ ដើម្បីបង្កើនប្រជាប្រីយភាពបក្ស និងត្រៀមខ្លួនចូលរួមបោះឆ្នោតទាំងអស់គ្នា៕