(បន្ទាយមានជ័យ)៖ អតីតសមាជិកក្រុមប្រឹក្សាឃុំសំបួរ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យម្នាក់ទៀតហើយ របស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយ បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែរូបគាត់ បានឃើញនូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតប្រកាសចុះចូល ដែលអង្គភាព Fresh News ទទួលបាន នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ការសម្រេចដើរចេញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិរូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

អតីត​សមាជិកក្រុមប្រឹក្សាឃុំ​នោះគឺលោក យ៉ែម យ៉ាន អាយុ៥៧ឆ្នាំ នៅភូមិសំបួរ ឃុំសំបួរ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា គិតមកទល់នឹងថ្ងៃនេះ សមាជិកគណបក្សសង្គ្រោះជាតិ បានចុះចូលមករួមរស់ជាមួយគណបក្សប្រជាជនក្នុងខេត្តត្បូងឃ្មុំ សរុបចំនួន៤នាក់ហើយ។

គណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិចំនួន៣៤រូប ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា តួនាទីរបស់បងប្អូនដែលធ្លាប់មាននឹងត្រូវបានរក្សាដដែល៕