(ភ្នំពេញ)៖ ក្រុមវិនិយោគិនមកពីក្រុមហ៊ុនធំៗរបស់ប្រទេសស្វីសជាច្រើននាក់ បាននិងកំពុងទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ដើម្បីពិនិត្យ និងស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីពួកគេបានមើលឃើញពីសន្ទុះអភិវឌ្ឍន៍ និងការរីកចម្រើនរបស់កម្ពុជា។ ក្នុងដំណើរចុះមកពិនិត្យ និងស្វែងរកការវិនិយោគនៅកម្ពុជា ក្រុមវិនិយោគិនជាច្រើនរូបនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ក្រុមអ្នកវិនិយោគទាំងនេះមកពីក្រុមហ៊ុនខាងផ្នែកធនាគារ និងហិរញ្ញវត្ថុ, ក្រុមហ៊ុនអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និង ការសាងសង់ជាដើម។ លោក អាន់ទ្រៀ ហ្គឺប៊ឺ (Adreas Gerber) នាយកគ្រប់គ្រងក្រុមហ៊ុន Credit Suisse និងជាអ្នកដឹកនាំប្រតិភូ បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា វត្តមានរបស់ប្រតិភូវិនិយោគិននេះ គឺដើម្បីស្វែងរកការពិត អំពីស្ថានភាពសេដ្ឋកិច្ច វិនិយោគ នៅប្រទេសកម្ពុជា។
លោក Adreas Gerber ក៏ដូចជាប្រធានក្រុមហ៊ុនផ្សេងៗទៀត បានផ្លាស់ប្តូរមតិយោបល់ជាច្រើនជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្វែងយល់បន្ថែមពីស្ថានភាពពិតនៅប្រទេសកម្ពុជា ហើយក៏មានការត្រេកអរពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ដូចដែលពួកគាត់បានមើលឃើញអំឡុងពេលបំពេញទស្សនកិច្ច។
ក្នុងជំនួបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍនៅប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតបញ្ជាក់ប្រាប់ប្រតិភូវិនិយោគិនថា ធាតុពិតរបស់កម្ពុជា មានស្ថានភាពល្អប្រសើរ ទាំងស្ថានភាពនយោបាយ និងសេដ្ឋកិច្ច ហើយក៏កំពុងមានការរីកចម្រើនទៅមុខផងដែរ ដែលផ្ទុយពីកម្ពុជា លើបបូរមាត់របស់ក្រុមអ្នកប្រឆាំង ក៏ដូចជាលើបណ្តាញព័ត៌មានមួយចំនួនដែលមានសមានចិត្តជាមួយក្រុមប្រឆាំង។
សម្តេចតេជោ បានបញ្ជាក់ទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាមានការរីកចម្រើនយ៉ាងច្រើន ដូចប្រតិភូបានមើលឃើញជាក់ស្តែង។ សម្តេចតេជោ បានបញ្ជាក់ជូនទៅកាន់ប្រតិភូថាកម្ពុជានៅតែផ្តល់អាទិភាពលើវិស័យសំខាន់ៗចំនួន៤សម្រាប់ការអភិវឌ្ឍនៅកម្ពុជា។ វិស័យអាទិភាពទាំង៤រួមមាន៖ វិស័យអភិវឌ្ឍន៍ធនធានមនុស្ស, ទឹក, ផ្លូវ និងវិស័យអគ្គីសនី។
ជំនួបដ៏សំខាន់នាព្រឹកមិញនេះ គណៈប្រតិភូក៏បានស្នើសម្តេចតេជោ បង្ហាញវិស័យសំខាន់ៗមួយចំនួន ដែលក្រុមហ៊ុនស្វីស គួរតែវិនិយោគនៅកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមហ៊ុនស្វីស គួរតែវិនិយោគលើវិស័យធនាគារ និងហិរញ្ញវត្ថុ ដោយសារតែក្រុមហ៊ុន Credit Suisse ជាធនាគារមួយលំដាប់អន្តរជាតិ។ ជាងនេះទៀត សម្តេចតេជោ ក៏បានលើកទឹកចិត្ត ឲ្យមានការវិនិយោគ លើវិស័យធនធានមនុស្ស និងទេសចរណ៍ ដោយសារបច្ចុប្បន្ននេះ កម្ពុជាមានទេសចរប្រមាណ ៥.៥លាននាក់ ហើយតាមការប៉ាន់ស្មាន់ នៅឆ្នាំ២០១៧នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរ ប្រមាណ ៥.៨លាននាក់ ដែលមកពីក្រៅប្រទេស។
សម្តេចតេជោ ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគ លើការបង្កើតក្រុមហ៊ុនវេចខ្ចប់ផងដែរ ព្រោះជាតម្រូវការសំខាន់បំផុតនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់អ្នកវិនិយោគរបស់ស្វីសវិនិយោគនៅកម្ពុជា ដើម្បីទទួលបានផលចំណេញ និងផ្តល់ការងារជូនពលរដ្ឋកម្ពុជាផងដែរ៕