(តាកែវ)​៖ ​​​​​​អតីត​​​សមាជិកក្រុមប្រឹក្សា និងបេក្ខជនបម្រុង ក្នុងស្រុកសំរោង ខេត្តតាកែវសរុប៨នាក់ទៀត​ ដែលទើបរលាយ បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត់​បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតដែល​អង្គភាព Fresh News ទទួលបាន​នៅ​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ការសម្រេចដើរចេញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ​​ទាំង៨រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

អតីត​មន្ដ្រីគណបក្សសង្គ្រោះជាតិ​​ទាំង៨រូបនោះ រួមមាន៖​
​ទី១៖ លោក ទៀង សារិន អាយុ៦០ឆ្នាំ សមាជិកក្រុមប្រឹក្សាឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ
ទី២៖ លោក លឹម ឡា អាយុ៥៣ឆ្នាំ បេក្ខជនបម្រុងឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ
ទី៣៖ លោក ហ៊ី ថោ អាយុ៥៩ឆ្នាំ បេក្ខជនបម្រុងឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ
ទី៤៖ លោក ទូច សារឿន អាយុ៤៧ឆ្នាំ បេក្ខជនបម្រុងឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ
ទី៥៖ លោក ឡុង សុត អាយុ៧១ឆ្នាំ សមាជិកក្រុមប្រឹក្សាឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
ទី៦៖ លោក ទិត សារាយ អាយុ៦៦ឆ្នាំ បេក្ខជនបម្រុងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
ទី៧៖ លោក ស៊ឹម សុផល អាយុ៥០ឆ្នាំ បេក្ខជនបម្រុងឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ
ទី៨៖ លោក ម៉ី សារ៉ាន អាយុ៣៥ឆ្នាំ បេក្ខជនបម្រុងឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ។

​គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិ​​​​​​ទាំង៨រូបនេះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។

សម្រាប់ការចុះចូលពីសំណាក់អតីតមន្រ្តីគណបក្សសង្គ្រោះជាតិខាងលើនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា បានប្រកាសតាមបណ្តាញសារព័ត៌មាន Fresh News ថា «ការស្ម័គ្រចិត្តចុះចូលមកគណបក្សប្រជាជនកម្ពុជា មានឱសានវាទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ ព្រោះការរៀបចំបញ្ជីក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ដើម្បីបញ្ជូនទៅកាន់ គជប នឹងត្រូវបិទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា, ប្រសិនបើចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាទៅ ការចុះចូលនៅតែបន្តដដែល ប៉ុន្តែមិនផ្តល់តួនាទីអ្វីនោះទេ»

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា នេះ ធ្វើឡើងតាមលក្ខខណ្ឌរបស់ គ.ជ.​ប៕