(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងកំណត់យកថ្ងៃ២៩ ធ្នូ រាល់ឆ្នាំ ដើម្បីប្រារព្ធទិវានយោបាយឈ្នះឈ្នះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងបែបនេះ ខណៈដែលសម្តេច ចូលរួមកិច្ចប្រជុំពិភាក្សាការងារត្រៀមរបាយការណ៍លទ្ធផលសាងសង់វិមានឈ្នះឈ្នះ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា «ផ្អែកលើការប្រជុំថ្ងៃនេះ ខ្ញុំនឹងធ្វើសំណើរជូនទៅសម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកដ៏សំខាន់នេះ ដើម្បីគាត់កំណត់យក ហើយយើងខ្ញុំបានពិភាក្សា និងឯកភាពរួមគ្នា ថ្ងៃទី២៩ ខែធ្នូ ពាក់ព័ន្ធនយោបាយឈ្នះឈ្នះវាបញ្ចប់ទាំងអស់»។
គួរបញ្ជាក់ថា នយោបាយ ឈ្នះ ឈ្នះ គឺជាយុទ្ធសាស្ត្រនយោបាយដ៏សំខាន់មួយដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្កើតឡើងនៅឆ្នាំ១៩៩៤ ដើម្បីធ្វើឲ្យរលាយអង្គការចាត់តាំងរបស់ខ្មែរក្រហម ដែលតស៊ូតាមព្រៃជាយដែនខ្មែរ-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងប៉ៃលិនជាដើមនោះ។ នយោបាយ ឈ្នះ-ឈ្នះ បានដាក់ចេញយុទ្ធសាស្ត្របីចំណុចសំខាន់ៗក្នុងការធានាដល់សុវត្ថិភាពសម្រាប់កងទ័ពខ្មែរក្រហម៖ ១. ធានាអាយុជីវិត និងសុវត្ថិភាពរូបកាយ, ទី២. ធានាអាជីព និងមុខរបរ និងទី៣. ធានាសន្តិ សុខលើទ្រព្យសម្បត្តិ ទាំងអចលនទ្រព្យ និងចលនទ្រព្យ។
នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យសង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា ដែលបានចាប់ផ្តើមឡើងចាប់តាំងពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០នោះ ត្រូវបានបិទបញ្ចប់ទៅវិញទាំងស្រុងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៨ ខណៈដែល អ៊ុនតាក់ចំណាយទឹកប្រាក់អស់ប្រមាណ ២០០០លានដុល្លារតែមិនអាចបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជានោះឡើយ។ ការបញ្ចប់ភ្លើងសង្គ្រាមរ៉ាំរ៉ៃជិត ៣ទសវត្សរ៍នេះ បានធ្វើឲ្យកម្ពុជា ទទួលបានពន្លឺសន្តិភាពជាថ្មី និងធ្វើឲ្យកម្ពុជាទទួលបានឱកាសអភិវឌ្ឍន៍ប្រទេសឲ្យឈានមករកការរីកចម្រើនដល់ពេលបច្ចុប្បន្ន។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា គោលនយោបាយតាមរយៈរូបមន្តឈ្នះឈ្នះរបស់សម្តេច ចាប់តាំងពីសម្តេចឡើងគ្រប់គ្រងអំណាចអស់រយៈពេលជិត៤០ឆ្នាំមកនេះ បានធ្វើឲ្យអ្នកនយោបាយមាននិន្នាការមកពីបក្សផ្សេង ហើយធ្លាប់បញ្ចប់បញ្ហាដោយប្រើប្រាស់អាវុធ បែរមកបញ្ចប់បញ្ហាដោយអង្គុយពិភាក្សាលើតុវិញ។
ប្រមុខរដ្ឋាភិបាលកម្ពុជាអះអាងថា តាមរយៈរូបមន្តនៃគោលនយោបាយឈ្នះឈ្នះឈ្នះ បានធ្វើឲ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពរហូតដល់ពេលបច្ចុប្បន្ន ហើយសម្តេចក៏ចង់ឃើញទិដ្ឋភាពរបស់អ្នកនយោបាយដែលមាននិន្នាការមិនមែនមកពីបក្សគ្រប់គ្រងអំណាចអាចអង្គុយធ្វើការរួមគ្នាក្រោមគោលការណ៍ច្បាប់ ជាជាងការជះទឹកដាក់គ្នាដើម្បីផលប្រយោជន៍បក្សខ្លួន៕