(ភ្នំពេញ)៖ មជ្ឈមណ្ឌលបេតិកភណ្ឌវប្បធម៌ របស់ការិយាល័យកិច្ចការ វប្បធម៌ និងអប់រំ នៃក្រសួងការបរទេសអាមេរិក បានផ្តល់ជំនួយថវិកាចំនួន ៣៥០,០០០ដុល្លារ ដល់អង្គការមូលនិធិប្រាសាទពិភពលោក (WMF) សម្រាប់អភិរក្សប្រាសាទភ្នំបាក់ខែង ដំណាក់កាលទី៥ ដែលថវិការនេះ បានមកពីមូលនិធិឯកអគ្គរដ្ឋទូតអាមេរិក សម្រាប់ការអភិរក្សវប្បធម៌។ នេះបើតាមសេចក្តីប្រកាស របស់ស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញ។
ក្នុងសេចក្ដីប្រកាសដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ សហរដ្ឋអាមេរិកបានបញ្ជាក់ថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន៩ ដែលទទួលបានជំនួយនៅក្នុងឆ្នាំសារពើពន្ធ ២០១៧ សម្រាប់ការអភិរក្សទីតាំងប្រវត្តិសាស្រ្តបុរាណ តាមរយៈកម្មវិធីជំនួយថវិកាខ្នាតធំ នៃមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក សម្រាប់ការអភិរក្សវប្បធម៌រួមមាន៖ ប្រទេសប៊ូលីវី មីយ៉ាន់ម៉ា អ៊ីស្រាអែល ម៉ិចហ្សិក ម៉ូលដូវ៉ា នេប៉ាល់ សេរ៉ាឡេអូន និងប្រទេសថៃ។
ជាការពិតណាស់ ប្រាសាទភ្នំបាក់ខែង គឺជាប្រាសាទដែលចាស់ជាងគេក្នុងសម័យអង្គរ ហើយជាស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយរបស់ពិភពលោក។
តាំងពីឆ្នាំ២០០៨មក គម្រោងអភិរក្សប្រាសាទភ្នំបាក់ខែង បានផ្តោតលើការធ្វើឲ្យសំណង់មានលំនឹង និងការទប់មិនឲ្យលិចទឹក នៅចំហៀងខាងកើត នៃប្រាសាទកណ្តាល រួមបញ្ចូលទាំងសកម្មភាពគ្រប់គ្រងលើទីតាំង និងការបណ្តុះបណ្តាល។ ដំណាក់កាលទី៥ របស់គម្រោងនឹងបង្ហើយការជួសជុល ពេញលេញទៅលើចំហៀងខាងកើត នៃប្រាសាទកណ្តាល ស្របតាមគម្រោងប្លង់ជួសជុល ដែលត្រូវបានកំណត់ច្បាស់នៅដំណាក់កាលមុនៗ។
គម្រោងដំណាក់កាលទី៥ នៃអន្តរាគមនេះនឹងធ្វើឲ្យមានឡើងវិញ នូវភាពដើមនៃសំណង់របស់ប្រាសាទ និងប្រព័ន្ធគ្រប់គ្រងទឹក ដោយប្រើសម្ភារបុរាណផង ទំនើបផង។ គម្រោងនេះមានបំណងជំរុញឲ្យ បានច្រើនដល់ចក្ខុវិស័យនៃផែនការមេក្នុងការអភិរក្សប្រាសាទភ្នំបាក់ខែង ដែលត្រូវបានកំណត់ នៅឆ្នាំ២០០៧ អង្គការមូលនិធិប្រាសាទពិភពលោក (WMF) បានរៀចំកម្មវិធីអភិរក្ស ដោយសហការជិតស្និទ្ធជាមួយអាជ្ញាធរជាតិអប្សារា និងអ្នកជំនាញនៃអអង្គការ UNESCO ដែលធ្វើការជួបប្រជុំគ្នាទៀងទាត់ តាមរយៈគណកម្មាធិការ សម្របសម្រួលអន្តរជាតិអង្គរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក បានបញ្ជាក់ឲ្យដឹងថា តាំងពីឆ្នាំ២០០៤មក អង្គការមូលនិធិប្រាសាទពិភពលោក (WMF) បានទទួលថវិកាជាង៣.២លានដុល្លារ ពីរដ្ឋាភិបាលអាមេរិក សម្រាប់ធ្វើការអភិរក្សប្រាសាទភ្នំបាក់ខែង។ អង្គការមូលនិធិនេះ គឺជាអង្គការឯករាជ្យឈានមុខគេ ដែលធ្វើការដើម្បីសង្គ្រោះកន្លែង ដែលត្រូវបានគេផ្តល់តម្លៃឲ្យបំផុតក្នុងពិភពលោក។ អស់រយៈពេល៤៥ឆ្នាំហើយ អ្នកឯកទេសដែលមានជំនាញយ៉ាងខ្ពស់របស់អង្គការនេះ បានប្រើបច្ចេកទេសដ៏មានប្រសិទ្ធភាព ដើម្បីធ្វើការអភិរក្សទីតាំងបេតិកភណ្ឌវប្បធម៌ និងស្ថាបត្យកម្មសំខាន់ៗនានា នៅជុំវិញពិភពលោក។
មូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក សម្រាប់ការអភិរក្សវប្បធម៌ ត្រូវបានបង្កើតឡើង ដើម្បីអភិរក្សទីតាំងបេតិកភណ្ឌវប្បធម៌សំខាន់ៗ។ ក្រៅពីប្រាសាទភ្នំបាក់ខែង រដ្ឋាភិបាលសហរដ្ឋអាមេរិក ថែមទាំងបានផ្តល់អំណោយថវិកា ដើម្បីជួយអភិរក្សទីតាំងបេតិកភណ្ឌវប្បធម៌សំខាន់ៗដទៃទៀតនៅកម្ពុជា ដូចជា ប្រាសាទហាន់ជ័យ ក្នុងខេត្តកំពង់ចាម ប្រាសាទភ្នំដា នៅអង្គរបូរី ខេត្តតាកែវ ជាដើម។ ជំនួយសរុបរបស់សហរដ្ឋអាមេរិក សម្រាប់ការអភិរក្សវប្បធម៌នៅកម្ពុជាមានចំនួន ៤,២៧២,៤៦៥ដុល្លារ ដែលក្នុងចំនួននេះ ៣,៣២៦,៣៦៥ដុល្លារ ត្រូវបានផ្តល់ឲ្យតាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក សម្រាប់ការអភិរក្សវប្បធម៌។
សូមជម្រាបថា នៅថ្ងៃទី១១ ខែធ្នូម្សិលមិញ អាមេរិកទើបតែផ្ដល់ជំនួយថវិកាដល់កម្ពុជាចំនួន ៥៥,០០០ដុល្លារ ដើម្បីប្រើប្រាស់ក្នុងការងារអភិរក្សសម្លៀកបំពាក់ជនរងគ្រោះ ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅសារមន្ទីរទួលស្លែង៕